វិទ្យុអាស៊ីសេរី RFA /ដោយ ថា ថៃ
11th-8-2023
អ្នកឃ្លាំមើល លើកឡើងថា ការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអនាគតមេដឹកនាំថ្មី ដែលជាកូន ប្រុសរបស់លោកយកចិត្តទុកដាក់ និងគិតគូរពីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ គ្រាន់តែជាការកុហក ប៉ុណ្ណោះ។ ពួកគាត់លើកឡើងបែបនេះ ដោយសារការដឹកនាំរបស់លោក ហ៊ុន សែន កន្លងមក ពោរពេញដោយអំពើពុក រលួយ ការរំលោភសិទ្ធិមនុស្ស ដែលបញ្ហាទាំងនេះ នឹងបន្តមកដល់រដ្ឋាភិបាលថ្មីតទៅទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងក្លាយជាឪពុកនាយករដ្ឋមន្ត្រីក្នុងពេលឆាប់ៗ នេះ បានតាំងខ្លួនជាគ្រូណែនាំរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យដឹកនាំប្រទេសដោយយកគំរូតាមលោក ខណៈលោក ត្រូវបានសហគមន៍ជាតិនិងអន្តរជាតិ ចាត់ទុកថា ជាមេដឹកនាំផ្ដាច់ការ ប្រើវិធីហិង្សា រំលោភសិទ្ធិមនុស្ស និងពុករលួយ ដើម្បីរក្សាអំណាចតពូជ។
មន្ត្រីគណបក្សប្រឆាំង លើកឡើងថា ការបង្រៀនរបស់លោក ហ៊ុន សែន នេះ គ្មានតម្លៃ និងខ្លឹមសារឡើយ ព្រោះការដឹកនាំរបស់លោកកន្លងមក ពោរពេញដោយរឿងអយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដោយមិនបានគិតគូរពីផលប្រយោជន៍ជាតិ បញ្ហាសង្គម និងសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ សីហា ថា វាមិនមែនជារឿងងាយនោះទេ ដែលលោក ហ៊ុន ម៉ាណែត អាចប្រែក្លាយកម្ពុជា ឱ្យមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តាមការផ្ដែផ្ដាំរបស់លោក ហ៊ុន សែន ខណៈការដឹកនាំរបស់ឪពុកលោកបច្ចុប្បន្ន ស្ថិតក្នុងរបបកុម្មុយនិស្តផ្ដាច់ការចាក់ឫសទៅហើយនោះ។ លោកយល់ឃើញថា ប្រសិនបើការណែនាំរបស់លោក ហ៊ុន សែន ពិតជាចេញពីឧត្ដមគតិរបស់លោកមែន នោះ រដ្ឋាភិបាលថ្មី ត្រូវតែបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំ ឱ្យដើរតាមគោលការណ៍ប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ លុបបំបាត់អំពើពុករលួយ និងត្រូវដោះស្រាយយកប្រព័ន្ធអនុគ្រោះព័ន្ធត្រឡប់មកវិញ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើង។
លោក ម៉ែន សុថាវរិន្ទ្៖ «បើសិនជាលោក ហ៊ុន ម៉ាណែត គាត់អាចធ្វើបាន អាហ្នឹង ល្អមែនទែនសម្រាប់ប្រជាពលរដ្ឋខ្មែរ។ សំខាន់គឺ ការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ និយាយដដែលៗ គឺមានតែកន្លែងហ្នឹងទេ មានតែយើង ត្រូវតែទំនាក់ទំនងជាមួយប្រទេសលោកសេរីវិញ បើមិនអ៊ីចឹងទេ គឺមានបញ្ហាធំ ដូចនៅមុនឆ្នាំ១៩៨៥ អ៊ីចឹង»។
ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និង រាជរដ្ឋាភិបាលអាណត្តិថ្មី នៅល្ងាចថ្ងៃទី១០ សីហា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន ៤ រួមមាន ស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាពលរដ្ឋ។ លោក ហ៊ុន សែន បានចាត់ទុកបញ្ហាទាំង ៤ ខាងលើនេះ គឺជាកិច្ចការដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ជាពិសេស បញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលសាកលលោក កំពុងប្រឈម។
ទោះជាបែបនេះក្ដី ការដឹកនាំរបស់លោក ហ៊ុន សែន ៥ អាណត្តិមកនេះ លោករងការចោទប្រកាន់ថា មិនបានដោះស្រាយបញ្ហាទាំងអស់នេះនោះឡើយ ដោយការដឹកនាំរបស់លោក ពីមួយអាណត្តិទៅមួយអាណត្តិ បង្កើតឱ្យមានវិសមភាព រវាងអ្នកមាន និងអ្នកក្រ, ពលករចំណាកស្រុកកាន់តែច្រើន, ពលរដ្ឋអត់ការងារធ្វើ, ការជួញដូរមនុស្ស, ការជួញដូរ និងផលិតគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំ, ការរំលោភសិទ្ធិមនុស្ស, អយុត្តធម៌សង្គម និងការបំផ្លាញធនធានធម្មជាតិ ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ សីហា។
អ្នកឃ្លាំមើលបញ្ហានយោបាយ លើកឡើងថា ថ្វីដ្បិតតែពាក្យណែនាំរបស់លោក ហ៊ុន សែន ទៅកាន់កូនប្រុសនេះ ស្ដាប់ទៅពីរោះក្ដី ប៉ុន្តែនៅក្នុងរបបដឹកនាំបែបផ្ដាច់ការវិញ ពាក្យនេះ គួរឱ្យភ័យព្រឺព្រួចបំផុត ដែលមិនខុសពីសម័យខ្មែរក្រហមឡើយ។ ជាក់ស្ដែង ពាក្យថែរក្សាសន្តិភាពនិងស្ថេរភាពទោះក្នុងតម្លៃណា ដែលលោក ហ៊ុន សែន តែងសូត្ររត់មាត់កន្លងមក មានន័យថា នឹងលោក ត្រូវតែកម្ទេចគណបក្សប្រឆាំង និងអ្នកទាំងឡាយណា ដែលហ៊ានរិះគន់ការដឹកនាំរបស់លោក ដើម្បីក្ដាប់អំណាចឲ្យណែននៅក្នុងដៃ។ ចំពោះពាក្យថា លោក គិតដល់ប្រយោជន៍ជាតិ និងពលរដ្ឋនោះ តែងផ្ទុយមកវិញថា លោក ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រយោជន៍ក្រុមគ្រួសារ និងបក្ខពួករបស់លោក។ ក្រៅពីនេះ ពលរដ្ឋ ក៏តែងតែរងទឹកភ្នែកដោយសារពាក្យថា អភិវឌ្ឍដែរ រហូតដល់មានពាក្យថា អភិវឌ្ឍកន្លែងណាទឹកភ្នែកនៅកន្លែងនោះ ព្រោះលោក ហ៊ុន សែន តែងបើកដៃឱ្យអ្នកមានលុយមានអំណាច ទៅរំលោភយកដីធ្លីពីពលរដ្ឋ និងទ្រព្យសម្បត្តិជាតិដូចជា ដីព្រៃភ្នំបឹងបួជាដើម។
ចំណែកកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត វិញ លោក បានបង្ហោះសារទៅកាន់ឪពុក និងព្រះមហាក្សត្រថា លោក នឹងចងចាំហើយអនុវត្តតាមបណ្ដាំរបស់ឪពុក ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប៉ុន្តែលោក មិនដែលបង្ហើបពាក្យណាមួយដែលថា ក្រោមការដឹកនាំរបស់លោក នឹងបើកឲ្យមានលំហប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនោះទេ។
អ្នកឃ្លាំមើលយល់ថា ការប្ដេជ្ញារបស់លោក ហ៊ុន ម៉ាណែត នេះ ទំនងជាលោក មិនអាចធ្វើឲ្យប្រទេសកម្ពុជា ឆ្ពោះទៅអនាគតដ៏រុងរឿង និងពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពនោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសណ័រវ៉េ (Norway) លោក ម៉ែន ណាត យល់ឃើញថា ការណែនាំរបស់លោក ហ៊ុន សែន ទៅកាន់រដ្ឋាភិបាលថ្មី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូនប្រុសលោកនោះ គ្រាន់តែជាការសម្ដែងរបស់លោក ហ៊ុន សែន ដើម្បីឱ្យមហាជនយល់ថា ទោះបីជាមានការផ្ទេរអំណាច ពីឪពុកទៅកូនក្ដី ក៏រដ្ឋាភិបាលរបស់កូនប្រុសលោក នៅតែគិតគូរពីប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។
លោក ម៉ែន ណាត មិនរំពឹងថា សមាសភាពនៃរដ្ឋាភិបាលថ្មី ដែលសុទ្ធសឹងតែជាកូនចៅរបស់មន្ត្រីរដ្ឋាភិបាលចាស់ទាំងនេះ នឹងដឹកនាំប្រទេសល្អប្រសើរជាងជំនាន់ឪពុករបស់ពួកគេនោះទេ ព្រោះលោកយល់ថា រដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតមិនត្រឹមត្រូវ និងផ្ទេរអំណាច តពូជបែបនេះ ខ្វល់ខ្វាយតែពីប្រយោជន៍ អំណាចបក្ខពួក របស់ក្រុមគ្រួសារពួកគេប៉ុណ្ណោះ។
លោក ម៉ែន ណាត៖ «សម្រាប់ខ្ញុំ អត់មានជំនឿទេ វាធៀបនឹងគីង្គក់លក់ថ្នាំស្រែងហ្នឹង។ គាត់(ហ៊ុន សែន) ចេះតែធ្វើៗទៅ បើមិនធ្វើវាមិនកើត មិនធ្វើវាមិនល្អមើល។ យើងមិនជឿថា កូនរបស់គាត់ហ្នឹង មកដឹកនាំហើយទៅលុបលាងអំពើទុច្ចរិតរបស់ឪពុកបានទេ»។
ទោះបីជាអនាគតនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តបញ្ចប់ការសិក្សាពីប្រទេសលោកសេរី និងជាធនធានមនុស្សជំនាន់ថ្មីក្ដី ក៏អ្នកឃ្លាំមើលបារម្ភថា លោក ហ៊ុន ម៉ាណែត នឹងនៅតែបន្តដឹកនាំតាមគន្លងផ្ដាច់ការរបស់ឪពុកលោក ត្បិតលោក ហ៊ុន សែន នៅតែមានឥទ្ធិពល និងអំណាចតួនាទីសំខាន់លើសតំណែងនាយករដ្ឋមន្ត្រីទៅទៀត។
ពួកគាត់ថា ប្រសិនបើបែបនេះមែន ប្រជាពលរដ្ឋខ្មែរ នឹងនៅតែទទួលរងការបោកប្រាស់ ពីគ្រួសារត្រកូល ហ៊ុន តជំនាន់ ដែលជាការបំផ្លាញក្ដីសង្ឃឹម គ្មានយុត្តិធម៌ និងការអភិវឌ្ឍប្រទេសជាតិជឿនលឿននោះឡើយ។ ករណីនេះ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ជំរុញឱ្យពលរដ្ឋគ្រប់រូប ត្រូវតាមដាន និងចំណាំមុខក្រុមអ្នកដឹកនាំថ្មី ហើយហ៊ាននិយាយរិះគន់ ប្រសិនបើពួកគេ បំពេញតួនាទីមិនត្រឹមត្រូវ ដើម្បីឲ្យពួកគេ ងាកមកគិតពីប្រយោជន៍ជាតិ និងពលរដ្ឋពិតប្រាកដវិញ៕