អត្ថបទ The Cambodia Daily
21-5-2021

ក្រុមអ្នកតស៊ូរមតិ រិះគន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​កំពុង​ដឹកនាំ ពលរដ្ឋ​ទៅ​រក​ការ​បិទ​សិទ្ធិ​សេរីភាព​ ការ​រើស​អើង រវាងខ្មែរ និង​ខ្មែរ មិន​ខុស​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នោះ​ទេ។ ការ​អះ​អាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ដែល​ជា​ទិវា​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ជាង ៣ លាន​នាក់ ដែល​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទាំង​អយុត្តិធម៌។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​​ប្រធាន​ក្រុមប្រឹក្សា​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែឧសភា នេះ​ថា ការ​អនុវត្ត​ការ​ដឹកនាំ​រដ្ឋាភិបាល​សម័យ​ខ្មែរ​ក្រហម​ និង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សម័យ​ លោក ហ៊ុន សែន ដូចគ្នា​បេះ​បិទ​ ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ដែល​តវ៉ា​នឹង​ការ​ដឹកនាំ​របស់​លោក។ ពលរដ្ឋ​ទាំង​នោះ តែង​​ត្រូវ​​រង​ការ​ចាប់​ខ្លួន ឬ​រង​នូវ​ការ​បាញ់​សម្លាប់​ជា​ដើម។

លោក អះអាងថា ការ​បង្កើត​ឲ្យ​មាន​ការ​រំឭក​ទិវា​នៃ​ការ​ចងចាំ​នេះ គឺ​ជា​ការ​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​ពី​មេដឹកនាំ​គណ​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ប្រសិន​បើ​ពួក​គេ ពិត​ជា​ត្រេក​អរ​សាទរ​​ចំពោះ​សន្តិភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ពិត​មែន ពួក​គេ​គួរ​​តែ​បង្កើត​ទិវា​រំឭក​ថ្ងៃ​ ២៣ តុលា ឆ្នាំ​១៩៩១ ផង​ដែរ ព្រោះ​ថា មាន​កិច្ច​ព្រមព្រៀង ២៣ តុលា នេះ ទើប​កម្ពុជា​ អាច​ទទួល​បាន​អធិបតេយ្យភាព​ដូច​សព្វថ្ងៃ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​រក​សេចក្តី​សុខ​ជូន​ពលរដ្ឋ និង​កុំ​ឲ្យ​របប​ខ្មៅ​ងងឹត និង​ឃោរឃៅ បែប​នោះ​កើត​មាន​លើ​ទឹក​ដី​កម្ពុជា មេដឹកនាំ​កម្ពុជា ត្រូវ​តែ​ធ្វើ​នយោបាយ​បង្រួប​បង្រួម​ជាតិ រក​ការ​ចរចា និង​ផ្សះផ្សា​ជាតិ ដើម្បី​ឲ្យ​កម្ពុជា ​ក្លាយ​ជា​ប្រទេស​កាន់​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ថា ដើម្បី​កុំ​ឲ្យ​របប​ខ្មៅ​ងងឹត​វិល​ត្រឡប់​មក​វិញ សូម​នាំ​គ្នា​ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត។

លោក ហ៊ុន សែន អះអាង​ថា ថ្ងៃ ២០ ខែ​ឧសភា គឺ​ជា​ថ្ងៃ​ដែល​ប្រជា​ជន​កម្ពុជា គ្រប់ៗ​រូប​ចង​ចាំ និង​​មិន​អាច​បំភ្លេច​បាន ចំពោះ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា បាន​ស្លាប់​ដោយ គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព សូម្បី​តែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ។

ក្រោយជ័យជំនះ ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរ​ក្រហម បាន​ដឹកនាំ​ប្រទេស​កម្ពុជា ទៅ​រក​របប​កាប់​សម្លាប់​​ពលរដ្ឋ​ខ្លួន​ឯង​ទូទាំង​ប្រទេស។ ត្រឹម​តែ​រយៈ​ពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បាន​សម្លាប់ និង​ស្លាប់​ដោយ​សារ ​គ្មាន​ថ្នាំ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ជាដើម អស់​ជាង ៣​លាន​នាក់។

ក្រុមអ្នក​ឃ្លាំមើល​សង្គម ត្អូញ​ត្អែរ​ថា ពលរដ្ឋ​ខ្មែរ ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ​នៅ​តែ​មិន​ទាន់​អាច​រក​ឃាតក ថា​ជា​នរណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ ស្រប​ពេល​ដែល​ជង​រងគ្រោះ ដែល​បាន​ស្លាប់​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ពិសេស​ឧក្រិដ្ឋកម្ម​ធំៗ រដ្ឋាភិបាល​នៅ​តែមិន​អាច​វែក​មុខ​ឃាតក យក​ទៅ​ផ្ដន្ទា​ទោស​ដូចគ្នា។

ពួកគេអះអាងថា ការ​បាញ់​សម្លាប់ នាដការី​ក្នុង​ទសវត្ស៩០ គឺ​អ្នកស្រី ពិសិដ្ឋ ពិលីកា, មេដឹកនាំ​សហជីព​ លោក ជា វិជ្ជា, សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី, អ្នកវិភាគ​នយោបាយ​សង្គម បណ្ឌិត កែម ឡី, និង​សកម្មជន​ដើម្បី​យុត្តិធម៌​សង្គម​ផ្សេង​ទៀត​ជាដើម រដ្ឋាភិបាល​មិន​ទាន់​វែក​មុខ​ឃាតក​ពិត​ យក​ទៅ​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ។

ជាង​នេះទៀត សកម្មជន​ការពារ​បរិស្ថាន និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ ប្រឆាំង​ទៅ​នឹង​ការ​ដឹក​នាំ​របស់​លោក។

កាលពីអំឡុងឆ្នាំ ២០២០ អង្គការ World Justice project ២០២០ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ក្នុង​ការ​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​សង្គម ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១២៧ ក្នុង​ចំណោម​ ប្រទេស​ដែល​បាន​ធ្លាក់​ចុះ​នូវ​ប្រព័ន្ធ​យុត្តិធម៌ សង្គម​ធ្ងន់ធ្ងរ​ ទាំង​១២៨។ ក្នុង​នោះ​កម្ពុជា មាន​ចំណាត់​ថ្នាក់​លើ​ប្រទេស វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ៕

.