អត្ថបទ The Cambodia Daily / 16-4-2021
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថាលោក ហ៊ុន សែន ជាមេដឹកនាំទំនើង ដែលគិតអ្វី និងធ្វើអ្វីគ្រប់យ៉ាង គឺធ្វើតែតាមអារម្មណ៍ និងអំណាច ដែលខ្វះបញ្ញា និងខ្វះទស្សនវិស័យវែងឆ្ងាយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី១៥ ខែមេសា នេះថា វិធានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលលោក ហ៊ុន សែន បញ្ជាយ៉ាងតក់ក្រហល់នេះ បើពលរដ្ឋមិនភ័យស្លន់ស្លោទេ នោះទើបជារឿងចម្លែក។
លោកអះអាងថា លោក ហ៊ុន សែន ជាមេដឹកនាំគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដែលទទួលបានការបណ្តុះបណ្តាលនៅសាលាតិចតួច ពូកែតែខាងអួតអាង ប្រើអំណាច និងគំរាមកំហែងពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែមិនចេះចាត់ចែងការងារ របៀបដឹកនាំរដ្ឋមួយ ក្នុងពិភពលោកជឿនលឿន និងទាន់សម័យនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា មេដឹកនាំខ្មែរបច្ចុប្បន្ននេះ មិនអាចនាំភាពរីកចម្រើនរុងរឿងដល់កម្ពុជានោះទេ ប៉ុន្តែបែរជាដឹកនាំប្រទេសជាតិ និងពលរដ្ឋរបស់ខ្លួន រំកិលទៅរកគ្រោះមហន្តរាយ សឹងតែគ្រប់ពេលវេលាទៅវិញ ព្រោះលោក ហ៊ុន សែន មិនបានខ្វល់ខ្វាយពីសុវត្ថិភាព សុភមង្គលរបស់ពលរដ្ឋ ជាងអំណាច និងក្រុមគ្រួសាររបស់លោកនោះឡើយ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យយ៉ាងតក់ក្រហល់ ដើម្បីបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ភ្លាមៗ ដែលបង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋយ៉ាងខ្លាំង ហើយបណ្តាលឲ្យពលរដ្ឋបង្ខំចិត្តសម្រុកចេញទៅផ្សាដើម្បីទិញអាហារបម្រុងទុក។
លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បន្ទាន់មួយ សម្រេចបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ១២.០០នាទី ថ្ងៃទី១៥ ខែមេសា រហូតដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដើម្បីកុំឲ្យឆ្លងចេញទៅតំបន់ផ្សេងទៀត។
ក្រោយអនុក្រឹត្យនេះ ត្រូវបានផ្សព្វផ្សាយប្រហែល ៣០នាទី លោក ហ៊ុន សែន បានអំពាវនាវកុំឲ្យពលរដ្ឋមានការស្លន់ស្លោ ព្រោះការបិទខ្ទប់នេះ មិនមែនធ្វើឡើងជាទូទៅនោះទេ គឺហាមឃាត់តែសកម្មទាំងឡាយណា ដែលមិនចាំបាច់តែប៉ុណ្ណោះ ដោយឡែក អាជីវកម្មដែលមានសារៈសំខាន់ចំពោះការទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគឺអាចដំណើរការបានធម្មតា។
មន្ត្រជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកមិនជំទាស់ទៅនឹងបម្រាមគោចររបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែលោកថា រដ្ឋាភិបាល ហាក់មិនមានផែនការច្បាស់លាស់ក្នុងទប់ស្កាត់វីរុស Covid-19 នោះឡើយ ព្រោះថានៅពេលរដ្ឋាភិបាលសម្រេចថា បិទតំបន់ណាមួយហើយ គឺស្ទើរតែចេញលិខិតភ្លាម បិទភ្លាមតែម្តង។
លោករិះគន់ថា រដ្ឋាភិបាលគួរតែផ្សព្វផ្សាយព័ត៌មានយ៉ាងហោចណាស់រយៈពេលពី ១២ម៉ោង ទៅ ២៤ម៉ោង ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានជាមុន ដែលអាចបញ្ចៀសនូវការជ្រួលច្របល់ លើសពីនេះរដ្ឋាភិបាលក៏គួរតែកំណត់ឲ្យបានជាក់លាក់ផងដែរ ពីស្ថាប័នពិតប្រាកដ ដែលត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងជាផ្លូវការរបស់ខ្លួន ដើម្បីចៀសវាងការ បំផុសបំផុលពីការផ្សព្វផ្សាយនៅព័ត៌មានមិនពិតដែលនាំឲ្យមានអស្ថិរភាពសន្តិសុខក្នុងសង្គម៕
.