រដ្ឋាភភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញ​សកម្មភាព​ជា​លើក​ដំបូង​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​របស់​ខ្លួន និង​ក្រុម​អ្នក​ស្មគ្រ​ចិត្ត ចាក់​ថ្នាំ​វ៉ាក់​សាំង​របស់​ចិន នៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ។ គេ​ឃើញ​មាន​រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន រួម​ទាំង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន បាន​​បង្ហាញ​ខ្លួន​ក្នុង​សកម្មភាព​​ចាក់​​ថ្នាំ​​វ៉ាក់​សាំង​​នេះ។ ចំណែក​​លោក ហ៊ុន ម៉ានី កូន​ប្រពៅ និង​លោក ឌី វិជ្ជា កូន​ប្រសារ​របស់​​លោក ហ៊ុន សែន​ ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ ក្រោម​ហេតុផល​​បញ្ហា​សុខភាព។ ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​សង្គម ​បាន​ហៅ​សកម្មភាព​វ៉ាក់សាំង​​​នោះ ជា​ការ​ចាក់​ថ្នាំ​ប៉ូវ​កម្លាំង ជំនួស​ថ្នាំ​វ៉ាក់សាំង​របស់​ចិន ដែល​​ធ្វើ​​ឲ្យ​​មាន​​មន្ទិល​​សង្ស័យ​​ច្រើន​​អន្លើ ដល់​ប្រជា​ពលរដ្ឋ។ – (អត្ថបទបន្ថែមដោយ នគរ) / 11th-2-2021


អ្នកឃ្លាំមើល​និយាយ​ថា ការ​ទទួល​យក​វ៉ាក់សាំង​ចិន ជា​ហេតុផល​នយោបាយ ​ជា​ជាង​បញ្ហា​ការពារ​អាយុ​ជីវិត​ពលរដ្ឋ

09th-2-2021
The Cambodia Daily

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ​លោក ម៉ែន ​ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះថា ​«ការ​ទទួល​វ៉ាក់សាំង​ពី​រដ្ឋាភិបាល​ចិន របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ ជា​ជាង​ដើម្បី​សុវត្ថិភាព​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ»

លោក ប្រតិកម្មថា វ៉ាក់សាំង​ស៊ីណូហ្វាម ​(Sinopharm vaccine) របស់​​​ចិន​ មិន​ទាន់​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​​ពិភព​លោក​​ (WHO) នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន ព្រម​ទទួល​យក ​និង​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់ ​​ដោយ​គ្មាន​ការ​ធ្វើ​តេស្ត​ឲ្យ​បាន​​ត្រឹម​ត្រូវ​ទាល់​តែ​សោះ ដែល​ខុស​ពី​អ្វី​ដែល​លោក តែង​ជូន​ដំណឹង​ និង​ដាក់​បទ​បញ្ជា​កន្លង​មក​អំពី​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ (Covid-19) ​នេះ។

លោក ម៉ែន ណាត អះ​អាង​ថា កុំថា​ឡើយ​ប្រជា​ពលរដ្ឋខ្មែរ​ មិន​ទុក​ចិត្ត​លើ​​ថ្នាំ​វ៉ាក់សាំង​នេះ សូម្បី​មន្ត្រី​រាជការ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ក៏​មិន​ទុក​ចិត្ត​ថ្នាំ​វ៉ាក់សាំង​នេះ​ដែរ។

ជាក់ស្តែង​ដូចជា​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ជា​ដើម ដែល​បាន​លួច​ចាក់​វ៉ាក់សាំង​ដោយ​ស្ងាត់ៗ​របស់​ប្រទេស​ណា​ក៏​មិន​ដឹង ដែល​អាច​ជា​ចេតនា ដើម្បី​ជៀស​វាង​ពី​ការ​ចាក់​វ៉ាក់សាំង​ចិន នេះ។

លោក ម៉ែន ណាត អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ រង់​ចាំ​​ថ្នាំ​វ៉ាក់សាំង ដែល​ប្រកាស​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ​ជា​​ជាង​​ការ​ប្រថុយ​ចាក់​វ៉ាកសាំង​របស់​ប្រទេស​នានា ដូចជា​ថ្នាំ​វ៉ាក់​សាំង​ចិន ជាដើម ព្រោះ​ថា បើ​ចាក់​ទៅ​ហើយ​ ស្រាប់​តែ​លោក ហ៊ុន សែន ប្រកាស​ថា មិត្ត​ចិន​ប្រាប់​ថា វ៉ាក់សាំង​នោះ​នឹង​​បង្ក​​ជា​​ជំងឺ​​ទៅ​​ថ្ងៃ​​ក្រោយ ​នោះ​អ្នក​ទទួល​ចាក់​វាក់សាំង​​ទាំង​នោះ​ នឹង​មាន​ការ​ស្តាយ​ក្រោយ​អស់​មួយ​ជីវិត។

ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​ប្រកាស​មិន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាម​ របស់​ចិន​ នោះ​ឡើយ ​ក្រោម​ហេតុផល​ថា លោក​លើស​អាយុ​ដែល​គេ​តម្រូវ​ឱ្យ​ចាក់ បើ​ទោះ​បី​ជា​លោក​ធ្លាប់​ប្រកាស​ក្តែងៗ ថា​​លោក និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន នឹង​ចាក់​វ៉ាក់សាំង​របស់​ចិន មុន​គេ​ក៏ដោយ។

លោក ហ៊ុន សែន បានអះអាងថា លោក​ទើប​នឹង​ទទួល​បាន​លិខិត​ផ្លូវការ​របស់​ការិយាល័យ​នៃ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ថា វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​នេះ មាន​ប្រសិទ្ធិភាព​សម្រាប់​តែ​មនុស្ស​មិន​ទូទៅ​នោះ​ទេ។

ការអះអាងនេះ ធ្វើ​ឡើង​ក្នុង​ពិធី​សន្និសីទ​កាសែត ទទួល​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​នេះ នឹង​មិន​មាន​ប្រសិទ្ធិភាព​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​អាយុ ៦០ ឆ្នាំ ឡើង​នោះ​ទេ ខណៈ​រូប​លោក​ផ្ទាល់ មា​នអាយុ ៦០ ឆ្នាំ​ទៅ​ហើយ​នោះ។ ដូច្នេះ​គាត់​បាន​សម្រេច​លុប​ចោល​ផែនការ​ចាក់​វ៉ាក់សាំង​មុន​គេ​របស់​ខ្លួន​វិញ។

យ៉ាង​ណាក៏​ដោយ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា លោក​នឹង​ចាក់​វ៉ាក់​​សាំង​នៅ​ពេល​ណា​ និង​វ៉ាក់សាំង​របស់​ប្រទេស​ណា​នៅ​ឡើយ​ទេ លោក​គ្រាន់​តែ​បញ្ជាក់​ថា ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​​កំពុង​​​​តាម​ដាន​ថ្នាំ​វ៉ាក់សាំង​ស៊ីណូហ្វាម បន្ត​ទៀត អំពី​ប្រសិទ្ធ​លើ​វ៉ាក់សាំង​នេះ លើ​មនុស្ស​ដែល​មាន​វ័យ​លើស​ពី ​៥៩​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ។

កាលពីថ្ងៃទី០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​ទៅ​ទទួល​វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ៦០ ម៉ឺន​ដូស ​ដែល​មិត្ត​ចិន​ បញ្ជូន​មក។ ជាង​នេះ នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ បាន​អះ​អាង​ថា វ៉ាក់សាំង ៦០​ម៉ឺន​ដូស ក្នុង​ជំហាន​ដំបូង​នេះ គឺ​សម្រាប់​ក្រសួង​សុខាភិបាល ៣០​ម៉ឺនដូស និង​ ៣០​ម៉ឺន​ដូស​ទៀត សម្រាប់​ផ្នែក​យោធា ​ប៉ុណ្ណោះ។

ជុំវិញរឿងនេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​​គូស​​បញ្ជាក់​​ថា ជំនួយ​វ៉ាក់សាំង​នេះ ជា​សក្ខីភាព​ដែល​បញ្ជាក់​អំពី​ចំណង​មិត្តភាព​ដែក​​​ថែប​យូរ​អង្វែង រវាង​កម្ពុជា​-​ចិន និង​​ជា​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​វាសនា​រួមគ្នា​ផង​ដែរ​ចំពោះ​ចិន​ និង​កម្ពុជា។

ក្រសួងសុខាភិបាល នៅថ្ងៃទី ០​៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ អំពី​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ថា ពលរដ្ឋ​ដែល​អាយុ​អាច​ចាក់​វ៉ាក់សាំង​បាន​ គឺ​ចាប់​ពី ១៨​ឆ្នាំ ទៅ​ដល់ ៥៩​ ឆ្នាំ ហើយ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ៦០ ឆ្នាំ ​ឡើង​ទៅ​ ត្រូវ​រង់​ចាំ​លទ្ធផល​នៃ​ការ​សិក្សា​ពី​អ្នក​ជំនាញ​ប្រទេស​ចិន បន្ត​ទៀត។ ការ​​ចេញ​​សេចក្តី​​ថ្លែង​​ការណ៍​​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​រក​ឃើញ​ដោយ​ក្រសួង​សុខាភិបាល​ ខ្លួន​ឯង​នោះ​ទេ៕

.