អត្ថបទ VOD News / ដោយ ខាន់ លក្ខិណា
12th-5-2022

នាយករដ្ឋមន្ត្រីកម្ពុជា បាន​អះអាង​ពី​ការ​បោះ​បង្គោល​ព្រំដែន ​ជាមួយ​ប្រទេស​វៀតណាម ដែល​សម្រេច​បាន​ជា​ផ្លែ​ផ្កា​​កើន​ដល់​ ៩០ ភាគរយ​ហើយ ដោយ​នៅ​សល់ ១០ ភាគរយ​ទៀត ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា​ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត​ទៀត។ 

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ ជាមួយ​​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា នា​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ បាន​តែ ៨៤ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ទាំង​ពីរ បាន​បោះ​បង្គោល​ព្រំដែន​កើន​ឡើង​ ​៦ ភាគរយ​ទៀត។ 

លោក​បញ្ជាក់​ថា បង្គោល​ចំនួន ៦ ភាគរយ​​ដែល​បាន​បោះ​រួច​នោះ ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ នៅ​ឆ្នាំ​២០២២ នេះ។

លោកថា​ «ការចរចា​រវាង​គណៈកម្មការ​ព្រំដែន​ទាំង​ពីរ បាន​សម្រេច​ចំនួន ៦ ភាគរយ​បន្ថែម​ទៀត​ បូក​ទៅ​វា​បាន​ ៩០ ភាគរយ។ អ៊ីចឹង​ក្នុង​ចំណុច​នេះ ខ្ញុំ​គួរ​តែ​​និយាយ​បន្តិច​ថា បើ​​គង់​តែ​ឱ្យ​ដី​គេ​ដដែល​ ចាំបាច់​ចរចា​យូរ​ឆ្នាំ​ម្ល៉េះ! យើង​ត្រូវ​តែ​ច្បាស់​ត្រង់​ហ្នឹង ​ចាំបាច់​អី​ទៅ​ចុះ​ហត្ថលេខា​ម្ដង​បាន​តែ ៨៤ ភាគរយ។ ឥឡូវ​សម្រេច​បាន ៦ ភាគ​រយ​ទៀត ​ហើយ​យើង​ឯកភាព​គ្នា​ថា នឹង​ទៅ​ចុះ​ហត្ថលេខា​ នៅ​ឆ្នាំ​២០២២ អា ៦ ភាគរយ! យើង​ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់ បោះ​បង្គោល​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​បង្គោល​នីមួយៗ សុទ្ធ​តែ​មាន​ចាប់​តាម​ផ្កាយ​រណប។ អ៊ីចឹង គេ​ចេះ​តែ​ថា ហ៊ុន សែន លក់​ដីៗ ឥឡូវ​ដី​នៅ​កន្លែង​ណា​ដែល ហ៊ុន សែន លក់? បើ​គង់​តែ​ថា​ឱ្យ​ដី​គេ​ដដែល ចាំបាច់​ចរចា ១​តឹក ១​ផឹង ធ្វើ​អី?»

លោក ហ៊ុន សែន បន្តថា បច្ចុប្បន្ន ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដែល​នៅ​សល់ ១០ ភាគ​រយ​នោះ គឺ​នៅ​តំបន់​ដាក់​ដាំ និង​ដាក់​ហ៊ូត ក្នុង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​បញ្ហា​នេះ ភាគី​ទាំង​ពីរ​ កំពុង​ចរចា​គ្នា​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​បោះ​សម្រេច​តែ​ម្ដង។

វីអូឌី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ ពី​ប្រធាន​​គណៈ​កម្មការ​​ចម្រុះ​​កិច្ចការ​​ព្រំដែន លោក វ៉ា គឹមហុង ដោយ​ទូរសព្ទ​ចូល គ្មាន​អ្នក​ទទួល។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវេស លោក ម៉ែន ណាត លើក​ឡើង​ថា ទោះ​បី​រដ្ឋាភិបាល​កម្ពុជា បោះ​បង្គោល​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម បាន ១០០ ភាគរយ​ក្ដី ប៉ុន្តែ​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ មិន​អាច​បញ្ចប់​បាន​ទេ ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក​នេះ កម្ពុជា នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នៅ​ឡើយ។  

លោក​ចាត់​ទុក​ការ​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន ធ្វើ​ឡើង​ផ្ទុយ​ពី​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​​​កម្ពុជា រួម​ទាំង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​ផង​ដែរ។ 

លោកថា [ជាការ] ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ណាស់ បញ្ហា​ទឹក​ដី​ជាតិ! លោក ហ៊ុន សែន ធ្វើ​អ៊ីចឹង​ខុស​ប្រវត្តិសាស្ត្រ​ហើយ ហើយ​បន្លំ​ប្រវត្តិសាស្ត្រ​ហើយ។ ដូច្នេះ វា​មិន​ចប់​សព្វ​គ្រប់​ទេ គាត់​បោះ​បាន ១០០ ភាគ​រយ បើ​រដ្ឋាភិបាល​ណា​មួយ គេ​ស្រឡាញ់​ជាតិ គេ​នឹង​សើរើ​ឡើង​វិញ។ ទោះ​បី​ជា​គាត់​បោះ​ត្រឹម​ត្រូវ​ក៏ដោយ ក៏​គេ​ត្រូវ​តែ​សើរើ​ដែរ ពី​ព្រោះ​ការ​បោះ​បង្គោល​ហ្នឹង វា​មាន​ភាព​មិន​ប្រក្រតី ហាម​ប្រាម​មិន​ឱ្យ​សកម្មជន និង​ពលរដ្ឋ​កម្ពុជា​ទៅ​មើល។ ទី២ ប្រើ​ប្រាស់​ផែនទី​ខុស​ច្បាប់​ ១​លើ​ ៥០ ០០០។​ ហើយ​ទី៣ ប្រើ​សន្ធិសញ្ញា​ខុស​ច្បាប់​​ ឆ្នាំ​១៩៨៥ ​គ្រាន់​តែ​ប៉ុណ្ណឹង ខុស​ច្បាប់​ទៅ​ហើយ។ វា​មាន​ភាព​មិន​ប្រក្រតី​រួច​ទៅ​ហើយ។ ដូច្នេះ ទោះ​បី​ជា​គាត់ ព្យាយាម​បោះ​បង្គោល ១០០ [ភាគរយ] យ៉ាង​ណា ក៏​វា​នៅ​តែ​ខុស​ដដែល​ហ្នឹង»។​

លោក ម៉ែន ណាត បន្តថា បើ​ការ​បោះ​បង្គោល​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី​នេះ កម្ពុជា​អាច​មាន​សិទ្ធិ​ក្នុង​ការ​សើរើ​ឡើង​វិញ ដោយ​និរាករណ៍​ឯកសារ​ច្បាប់​ទាំង​ឡាយ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ច​ព្រម​ព្រៀម​សន្តិភាព​ទីក្រុង​ប៉ារីស រួច​ដាក់​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា បូរណភាព​​ទឹកដី​​របស់​​ព្រះរាជា​ណាចក្រ​​កម្ពុជា​​​ មិន​​អាច​​រំលោភ​​បាន​​ដាច់​​ខាត​​ក្នុង​​ព្រំដែន​​របស់​​ខ្លួន​ ដែល​​មាន​​កំណត់​​​លើ​​ផែនទី​ មាត្រដ្ឋាន​​ខ្នាត​ ១/១០០ ០០០​ ដែល​​ធ្វើ​​នៅ​​ចន្លោះ​​ឆ្នាំ​​១៩៣៣​​-​១៩៥៣ ហើយ​​​ត្រូវ​​បាន​​ទទួល​​ស្គាល់​​ជា​​អន្តរជាតិ ​នៅ​​ចន្លោះ​​ឆ្នាំ ១៩៦៣​-​១៩៦៩

ចំណែក​មាត្រា​៥៥ ចែងថា សន្ធិសញ្ញា​ ​និង​​កិច្ច​​ព្រមព្រៀង​​ទាំង​ឡាយ​​ណា ​ដែល​​មិន​​ស្រប​​នឹង​​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​​ទឹកដី​ អព្យា​ក្រឹត្យភាព​ និង​​ឯកភាព​​ជាតិ​​របស់​​​​​កម្ពុជា​ ត្រូវ​​លុប​​ចោល

កម្ពុជា​​មាន​ផ្ទៃដី​សរុប​ទំហំ ១៨១ ០៣៥ គីឡូម៉ែត្រ​ការ៉េ ដែល​មាន​​ព្រំដែន​គោក​​ ជាប់​​ប្រទេស​​វៀតណាម ​ប្រវែង ១ ២៧០ គីឡូម៉ែត្រ៕