វិទ្យុអាស៊ីសេរី RFA / ដោយលោក យ៉ង ចាន់តារា
17-6-2023
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងចាប់ខ្លួនជនជាតិម៉ុងតាញ៉ា ដែលទើបតែភៀសខ្លួន ពីប្រទេសវៀតណាម ចូលមកទឹកដីកម្ពុជា។
លោក ហ៊ុន សែន អះអាងថា នៅប្រទេសវៀតណាមមានកងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលជាជនជាតិម៉ុងតាញ៉ា បានបាញ់ប្រហារអាជ្ញាធរវៀតណាម ប៉ូលិស និងពលរដ្ឋជាច្រើននាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាដោយបើកចំហ ឱ្យកងកម្លាំងប្រដាប់អាវុធ បង្កើនការយកចិត្តទុកដាក់ ជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ជនជាតិម៉ុងតាញ៉ា ដែលអាចឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា បន្ទាប់ពីផ្ទុះអាវុធជាមួយអាជ្ញាធរវៀតណាមហើយបាក់កម្លាំង។
ប្រមុខដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ ដាក់ការសង្ស័យថា មេកុលសម្ព័ន្ធប្រដាប់អាវុធជនជាតិម៉ុងតាញ៉ា កំពុងរស់នៅទឹកដីកម្ពុជា៖
លោក ហ៊ុន សែន៖ «ក្រុមនេះបានបើកការវាយលុកទៅលើសាលាឃុំពីររបស់វៀតណាម សម្លាប់មេឃុំ លេខាបក្សឃុំ សម្លាប់ប៉ូលិស និងសម្លាប់ពលរដ្ឋ ឥលូវក្រុមនេះកំពុងបាក់ទ័ព ហើយខ្ញុំព្រួយបារម្ភថា ពួកនេះនឹងអាចចូលទឹកដីកម្ពុជា។ ខ្ញុំចេញបញ្ជាចំហ ឱ្យកម្លាំងប្រដាប់អាវុធបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់មកកម្ពុជា»។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ មិថុនា។
កាសែតរដ្ឋវៀតណាម អ៊ិចហ្វេស (VnExpress ) បានចុះផ្សាយថា នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១១ មិថុនា មានមនុស្សប្រហែល ៤០នាក់ បានបាញ់ប្រហារ លើអាជ្ញាធរ និងប៉ូលិស ក្នុងប៉ុស្តិ៍ប៉ូលិសពីរកន្លែង ឋិតក្នុងឃុំចំនួន២ នៃស្រុកដាក់ឡាក់ (Dak Lak’) ប្រទេសវៀតណាម។
មូលហេតុនៅពីក្រោយ នៃការវាយប្រហារនេះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែកំហឹង គុំកួនរឿងវិវាទដីធ្លី និងបញ្ហាសេដ្ឋកិច្ច បន្តអូសបន្លាយពេល គ្មានដំណោះស្រាយ ជាច្រើនទសវត្សរ៍មកហើយ។
វិទ្យុអាស៊ីសេរីភាសាវៀតណាម បានចុះផ្សាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរវៀតណាម ប៉ូលិស និងកម្លាំងយោធា បានចុះដកហូតដីធ្លីជាច្រើនកន្លែង ពីគ្រួសារជនជាតិដើមភាគតិចម៉ុងតាញ៉ា ក្នុងខេត្តដាក់ឡាក់។
បាតុភាពនេះកើតឡើងដោយសារការមានការគាបសង្កត់ និងភាពតានតឹងក្នុងចិត្ត ដែលបង្កឡើងដោយសារជម្លោះដីធ្លី។ ក្រុមជនជាតិម៉ុងតាញ៉ាទាំងនោះ ទំនងជាទាល់ច្រក ទើបពួកគាត់ហ៊ានប្រថុយជីវិត។ នេះបើយោងតាមអ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកវប្បធម៌ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម។
ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានថ្លែងក្នុងគេហទំព័ររបស់ខ្លួនថា ពេលនេះមានជនសង្ស័យចំនួន ៦នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
រីឯគេហទំព័រ Voice of Vietnam ចុះផ្សាយថា ប៉ូលិសវៀតណាមបានចាប់ខ្លួនមនុស្ស ៣៩ នាក់ ដែលជាប់សង្ស័យ បាញ់ប្រហារលើមនុស្ស ៩នាក់ បណ្តាលឱ្យស្លាប់ ដោយក្នុងនោះ មានប៉ូលិសវៀតណាម ៤នាក់ មន្ត្រីឃុំ ២នាក់ និងពលរដ្ឋវៀតណាម ៣នាក់។
ចាប់តាំងពីឆ្នាំ២០១៥ មកទល់ពេលនេះ ជនជាតិម៉ុងតាញ៉ា រាប់រយនាក់បានរត់ភៀសខ្លួនទៅប្រទេសកម្ពុជា ភាគច្រើនឆ្លងដែនចូលទឹកដីខេត្តរតនគិរី ដោយសាររដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងនយោបាយ។ នៅគ្រាដែលជនជាតិម៉ុងតាញ៉ាមួយចំនួន បានភៀសខ្លួនចូលកម្ពុជា ពួកគេត្រូវបានចាប់បញ្ជូនទៅប្រទេសដទៃទៀត ដូចជាប្រទេសហ្វីលីពីន។
លោក ហ៊ុន សែន បន្ថែមថា កន្លងទៅជនជាតិម៉ុងតាញ៉ាបានរត់ ឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា ហើយកំពុងបន្តរស់នៅក្រុងភ្នំពេញនៅឡើយទេ។ លោកព្រមាន មិនឱ្យអង្គការសង្គមស៊ីវិល និងពលរដ្ឋខ្មែរ ផ្តល់ការស្នាក់អាស្រ័យ ដល់ជនភៀសខ្លួនម៉ុងតាញ៉ាជ្រកកោននោះទេ ដោយត្រូវចាប់ខ្លួនប្រគល់ឱ្យភាគីវៀតណាមវិញ។
លោក ហ៊ុន សែន៖ «អត់មានការលើកទេ ហើយសូមអង្គការសហប្រជាជាតិទាំងអស់ រាប់ទាំងភ្នាក់ងារអង្គការសហប្រជាជាតិ។ នេះមិនមែនជាការស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយ តែជាអំពើភេរវកម្មបង្កអសន្តិសុខមហន្តរាយដល់ជីវិតមនុស្ស ព្រោះគម្រោងរបស់ពួកនេះ វាយហើយ កាន់កាប់តាមរយៈប្រជាជនចូលរួម។ បណ្ដាញនេះទៅពីកម្ពុជា តែគេមានវិធីច្រើនក្នុងការចូលមកកម្ពុជា»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា បាននៅឡើយទេ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រទេសន័រវែស លោក ម៉ែន ណាត យល់ថា ការគំរាមកំហែង របស់លោក ហ៊ុន សែន អាចជាការភ្ជាប់ស្ថានការណ៍នយោបាយនៅវៀតណាម មកកម្ពុជា ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលកម្ពុជា គាំទ្រវៀតណាមមិនងាករេឡើយ។
លោក ម៉ែន ណាត ៖ «ករណីពួកម៉ុងតាញ៉ា ឬពួកជនជាតិចារ៉ាយ តបតជាមួយវៀតណាម ដោយសារគាបសង្កត់ធ្ងន់ធ្ងរពេក អាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញខ្លាំងពេក។ ខ្ញុំយល់ថា គេការពារសិទ្ធិជនជាតិដើមរបស់គេ។ ខ្ញុំលើកឡើងនេះ មិនមែនគាំទ្រអំពើបាញ់ប្រហារទេ តែសិទ្ធិការពារសិទ្ធិជនជាតិដើម ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ»។
ចំណែកពលរដ្ឋខ្មែរក្រោម កំពុងរស់នៅដែនដីកម្ពុជាក្រោម ថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានយន្តហោះចម្បាំងជាច្រើនគ្រឿង បានហោះ តាមមើលឃ្លាំមើលជនជាតិម៉ុងតាញ៉ា ក្នុងខេត្តមួយចំនួន នៅកៀកព្រំដែនកម្ពុជា។
លោកថា ខេត្តដាក់ឡាក់ (Dak Lak) នៅជិតនឹងប្រទេសកម្ពុជា នាខេត្តរតនគិរី និងខេត្តមណ្ឌលគិរី សំបូរដោយព្រៃភ្នំខ្ពង់រាប ទឹកជ្រោះ រ៉ែមានតម្លៃ ហើយជនជាតិម៉ុងតាញ៉ា តែងតែទទួលរងការធ្វើទុក្ខបុកម្នេញ ការប្រតិបត្តិសាសនា ការរំលោភដីធ្លី និងគាបសង្កត់សេរីភាព ពីសំណាក់អាជ្ញាធរវៀតណាម ជាច្រើនឆ្នាំមកហើយ។
«បើយើងគិតម៉ុងតាញ៉ារាប់លាននាក់ រស់នៅតំបន់តៃនាង តំបន់ភ្នំ។ អាជ្ញាធរគាបសង្កត់រឹតត្បិតសេរីភាព រឹបអូសដីធ្លី ជនជាតិម៉ុងតាញ៉ាប៉ុន្មានឆ្នាំហើយ គ្មានពីណាជួយរកការខុសត្រូវឱ្យគាត់ ទើបពួកគាត់ធ្វើបែបហ្នឹង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា ជនភៀសខ្លួនម៉ុងតាញ៉ា ដែលកំពុងរស់នៅក្រុងភ្នំពេញ អាជ្ញាធរនឹងបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ ប្រសិនបើប្រទេសទី៣ អត់ទទួលយក។
លោក ម៉ែន ណាត ចាត់ទុកការលើកឡើងនេះ មិនមានទំនួលខុសត្រូវ លើកាតព្វកិច្ចដែលចែងនៅក្នុងអនុសញ្ញាជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៥១ ដែលកម្ពុជាក៏ជាប្រទេសហត្ថលេខីមួយដែរ៕