មន្ត្រីបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើល សម្តែងការខកចិត្តចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឲ្យក្រសួងយុត្តិធម៌ ធ្វើសេចក្តីព្រាងច្បាប់ ដើម្បីកែសម្រួលរដ្ឋធម្មនុញ្ញ តម្រូវឲ្យមេដឹកនាំកំពូលៗមានសញ្ជាតិតែមួយ។ សូមអានសេចក្តីព្រាង នៅត្រង់នេះ (Read here in Khmer)។
The Cambodia Daily
07th-10-2021
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចោទជាសំណួរថា តើពួកមេដឹកនាំកម្មាភិបាលខ្មែរក្រហម ដែលបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពួកគេមានសញ្ជាតិប៉ុន្មាន? មន្ត្រីរូបនេះបន្ថែមថា ប្រសិនបើមេដឹកនាំដែលក្បត់ជាតិកន្លងមក ហើយនៅពេលដែលមានច្បាប់កំណត់សញ្ជាតិដើម្បីបញ្ជាក់ពីការស្នេហាជាតិនេះ តើពួកគេនឹងក្លាយជាមេដឹកនាំដែលស្នេហាជាតិដែរ ឬយ៉ាងណា?
លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នេះថា តើច្បាប់កំណត់សញ្ជាតិនេះ នឹងកំណត់ថា មេដឹកនាំដែលមានសញ្ជាតិតែមួយ ថាជាជនស្នេហាជាតិដូចម្តេច បើការបំផ្លាញប្រជាធិបតេយ្យ រំលោភស្មារតីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បំពានរដ្ឋធម្មនុញ្ញ បំបិទសំឡេងប្រឆាំង ចាប់សកម្មជននយោបាយជំទាស់ដាក់គុក និងការប្រព្រឹត្តអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់ ជាដើម សុទ្ធតែជាថ្វីដៃរបស់អ្នកមានអំណាចកំពូលៗនៅកម្ពុជា ដែលមានសញ្ជាតិខ្មែរតែមួយកន្លងមកនោះ(?)។
លោកអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំក្នុងស្ថាប័នកំពូលៗរបស់ជាតិនេះ គ្រាន់តែជាល្បិចនយោបាយ ដើម្បីយកឈ្នះគូប្រជែងនយោបាយរបស់ខ្លួនប៉ុណ្ណោះ មិនមែនដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះប្រទេសជាតិ ដូចលោក ហ៊ុន សែន អះអាងនោះឡើយ។
កាលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកថា ដើម្បីបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតម្រូវឱ្យមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ។
ជុំវិញការប្រកាសបង្កើតច្បាប់ ឲ្យមេដឹកនាំខ្មែរមានសញ្ជាតិតែមួយនេះ ក្រសួងស្ថាប័នសំខាន់របស់កម្ពុជា ដូចជាស្ថាប័នរដ្ឋសភា ក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងស្ថាប័នជាច្រើនទៀត ក្នុងនោះក៏មានកូនរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាដើម ដែលបាននាំគ្នាប្រកាសគាំទ្រ នូវការបង្កើតឲ្យមានច្បាប់នេះព្រោងព្រាតលើបណ្ដាញសង្គម Facebook បន្ទាប់ពីការប្រកាសរបស់លោក ហ៊ុន សែន រួចមក។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការសម្ដែងនូវការគាំទ្រពីស្ថាប័នក្រោមអំណាចលោក ហ៊ុន សែន គាំទ្រឲ្យមានច្បាប់ខាងលើនេះ គ្រាន់តែជាវិធីប្រជាភិថុតិរបស់មេដឹកនាំនៃរដ្ឋាភិបាលឯកបក្ស ដែលដឹកនាំតាមវិធីកុម្មុយនីស្តប៉ុណ្ណោះ ប៉ុន្តែច្បាប់នេះ គ្មានប្រយោជន៍អ្វីដល់ជាតិ និងប្រជាជនសូម្បីតែបន្តិច។
លោករិះគន់ថា ច្បាប់កំណត់សញ្ជាតិតែមួយដែលរកខ្លឹមសារគ្មាននេះ គ្រាន់តែជាច្បាប់ដែលកើតឡើង ក្រោមគំនិតទុច្ចរិតរបស់លោក ហ៊ុន សែន ប្រើសភាឯកបក្សមិនពេញលក្ខណៈ ឲ្យជួយបង្កើតឡើងប៉ុណ្ណោះ ដើម្បីឲ្យគាត់អាចផ្ទេរអំណាច ទៅអ្នកស្នងមរតកអំណាចរបស់ខ្លួនទៅថ្ងៃក្រោយ ដោយគ្មានការរាំងស្ទះ។
លោកបន្តថា ដើម្បីតែអំណាចខ្លួនឯង និងបន្តទៅវង្សត្រកូល លោក ហ៊ុន សែន បានរំលោភរដ្ឋធម្មនុញ្ញ ហើយចុងក្រោយនេះ លោក ហ៊ុន សែន បានបញ្ជាឲ្យសភាឯកបក្សរបស់លោកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីច្បាប់គណបក្សនយោបាយ ដើម្បីរំលាយបក្សប្រឆាំងចេញពីឆាកនយោបាយ ប៉ុន្តែពេលនេះ លោក ហ៊ុន សែន រំលោភរដ្ឋធម្មនុញ្ញបន្ថែមទៀត ដើម្បីបិទសិទ្ធិគូប្រជែងនយោបាយរបស់ខ្លួនអស់មួយជីវិត ដើម្បីរក្សាអំណាចយូរអង្វែង តវង្សត្រកូលរបស់លោក។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានសរសេរលើគណនី Facebook របស់លោកកាលពីម្សិលមិញ ដែលទំនងជារិះគន់លើក្រសួងស្ថាប័ន ដែលចេញញត្តិគាំទ្រច្បាប់កំណត់សញ្ជាតិមេដឹកនាំនេះថា បើមិនស្រែកថា (ហៃអើយៗ) ទេ ត្រូវបាត់បង់តំណែង និងមុខរបរដែលជាប្រយោជន៍ផ្ទាល់ ឬយ៉ាងណា។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការកំណត់ភាពស្មោះត្រង់ចំពោះជាតិ ដោយគ្រាន់តែប្រើច្បាប់កំណត់សញ្ជាតិតែមួយបែបនេះ មិនមែនជាគំនិតដែលមានហេតុផលត្រឹមត្រូវនោះទេ ព្រោះថា ក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចជាង ៤០ឆ្នាំមកនេះ ល្មមអាចបញ្ជាក់បានហើយថា ពួកគេជាមេដឹកនាំដែលស្នេហាជាតិព្រោះមានសញ្ជាតិខ្មែរតែមួយ ឬក៏លក់ជាតិរបស់ខ្លួន ទាំងដែលពួកគេមិនមានសញ្ជាតិផ្សេងនោះ។
ប្រភពដដែលបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះ ពិតជាត្រូវការច្បាប់អន្តរជាតិ ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខ្លាំងណាស់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ព្រោះថាក្រោមកិច្ចព្រមព្រៀងខុសច្បាប់នានា រវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាម ដូចជាសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ២០០៥ ដែលជាកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរឲ្យវៀតណាម ដូចជាកោះត្រល់ ចង្កោមកោះក្រចកសេះ ជាដើម បានធ្វើឲ្យកម្ពុជា ប្រឈមនឹងបាត់ឈ្មោះពីផែនទីពិភពលោក ទៅថ្ងៃអនាគតយ៉ាងធ្ងន់ធ្ងរ៕
.