(អត្ថបទដោយលោក ម៉ែន ណាត / ៣០ មេសា ២០២០)
អាជ្ញាធរខ្មែររដ្ឋាភិបាលទីក្រុងភ្នំពេញ ប្រកាសចាត់វិធានការតឹងតែង ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅជាងមួយសប្តាហ៍ខាងមុខ ក្រោមលេសថា «វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា ឬ កូវីដ១៩ (Covid-19)»។ ពិធីចូលឆ្នាំថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣-១៦ ខែមេសា នេះ។
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានផ្ញើសារទៅកាន់មន្រ្តីក្រោមឱវាទរបស់លោក ឲ្យប្រយុទ្ធប្រឆាំងយ៉ាងហ្មត់ចត់ ពោះជំងឺកូរ៉ូណា ឬកូវីដ១៩ កំពុងរីករាលដាលនៅកម្ពុជា កើនឡើងដល់ ១១៤ នាក់ (តួលេខផ្លូវការ) ខណៈពេលអាត្រាអ្នកឆ្លងជំងឺនេះ នៅជុំវិញពិភពលោក បានកើនឡើង ជាង ១ លាននាក់ និង សម្លាប់មនុស្សជាង ៥ ម៉ឺននាក់ហើយ គិតមកត្រឹមថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០។
ក្រសួងការពារជាតិ និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចេញធ្វើសន្និសីទកាសែតព្រមៗគ្នា កាលពីថ្ងៃទី ០២ ខែមេសា ថារដ្ឋាភិបាល បានត្រៀមខ្លួនរួចហើយ នូវវិធានការនានា ទប់ស្កាត់ការរីករាលដាលមេរោគនេះ សម្រាប់ពេលចូលឆ្នាំថ្មី ដោយហាមប្រាមការជួបជុំគ្នា ជាទ្រង់ទ្រាយធំ ហួសកម្រិត ហួសពីការណែនាំរបស់ក្រសួងសុខាភិបាល។
វិធានការតឹងតែងនេះ ត្រូវបានដាក់ចេញមុនពេល ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន មិនទាន់ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័តនៅឡើយ។ ប៉ុន្តែលោក ហ៊ុន សែន បាននិយាយថា ច្បាប់នេះ នឹងត្រូវប្រកាសជាការប្រញាប់។
បើតាមសំដីលោក ហ៊ុន សែន សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននេះ អាចនឹងត្រូវដំណើរការនីតិវិធីឲ្យចប់សព្វគ្រប់ នៅមុនពេលបុណ្យចូលឆ្នាំថ្មី ដើម្បីឲ្យស្របតាមវិធានការរបស់ ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ។
លោក ប្រ៊ែដ អាដាមស៍ (Brad Adams) នាយកអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ០២ មេសា ដែលត្រូវបានវិទ្យុអាស៊ីសេរី ដកស្រង់ថា «សូម្បីតែនៅមុនពេលការរាតត្បាតនៃ មេរោគកូរ៉ូណា លោក ហ៊ុន សែន បានជាន់ឈ្លីសិទ្ធិមនុស្សរួចទៅហើយ ដូច្នេះអំណាចពេញដៃ គ្មានការត្រួតពិនិត្យ និង គ្មានដែនកំណត់ ដែលមានចែងក្នុងពង្រាងច្បាប់នេះ {ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន} គឺជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ពលរដ្ឋខ្មែរ និងម្ចាស់ជំនួយ»។ លោក Brad Adams យល់ថា «ជំនួសឱ្យការធ្វើច្បាប់ការពារសុខភាពសាធារណៈ រដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ ជាលេស អនុវត្តអំណាចផ្ដាច់ការ លើគ្រប់ទិដ្ឋភាពទាំងអស់ នៃជីភាពសេដ្ឋកិច្ច សង្គម នយោបាយ និងពលរដ្ឋ ដោយមិនកំណត់រយៈពេល ឬ មិនមានយន្តការត្រួតពិនិត្យមើល លើការរំលោភអំណាចនោះឡើយ»។
ក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជា ហៅវិធានការនានារបស់លោក ហ៊ុន សែន គឺជាយុទ្ធសាស្រ្ត ក្នុងការបង្រ្កាបអ្នករិះគន់ បង្ក្រាបអ្នកប្រឆាំង និងបង្ក្រាបមន្រ្តីគ្នាឯងក្នុងបក្សកាន់អំណាចមួយនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា និយាយថា រដ្ឋសភា មិនទាន់ទទួលបានសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ មកទល់ថ្ងៃទី ០២ ខែមេសា។ លោក ប៉េងឡុង បន្ថែមថា តាមនីតិវិធី សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវអនុម័តដោយ រដ្ឋសភា និងព្រឹទ្ធសភា ជាមុនសិន រួចហើយព្រះមហាក្សត្រ ឬប្រមុខរដ្ឋ ឡាយព្រះហស្ថ ទើបច្បាប់នេះអាចអនុវត្តបាន៕
.