លោក ហ៊ុន សែន មេដឹកនាំរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ចេញបម្រាមគោចរ រយៈពេលមួយសប្តាហ៍ ហាមប្រាមពលរដ្ឋធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ នៅខេត្តក្រុងនីមួយៗ អំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បម្រាមនេះ ត្រូវបានប្រកាសឲ្យអនុវត្ត ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី ០៩ ខែមេសា ដល់កណ្តាលអាធ្រាត ថ្ងៃទី ១៦ ខែមេសា។ (សូមទាញយ Download)
គោលបំណងនៃបម្រាមគោចរនេះ កើតឡើងក្រោយពីមានក្តីព្រួយរម្ភ ចំពោះការរីករាលដាលមេរោគកូរ៉ូណា ឬកូវីដ១៩ ដែលកម្ពុជា មានអាត្រាឆ្លងកើនឡើង ១១៨ នាក់ ក្នុងនោះមានស្រ្តី ៣៥ នាក់ហើយ គិតមកទល់ថ្ងៃទី ០៩ ខែមេសានេះ។
ចំណុចទី១ នៃបម្រាមនេះ សរសេរថា «ហាមឃាត់ការធ្វើដំណើរ នៅផ្ទៃក្នុងប្រទេសរួមមាន ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ), ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត»។
ចំណុចទី២ នៃបម្រាមនេះ ត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ, រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិល និងសមត្ថកិច្ច ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ លើសពីនេះ បម្រាម ក៏ត្រូវបានលើលែង ចំពោះរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ។
ករណីពលរដ្ឋ ធ្វើដំណើររបស់ពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបានសេវាសុខភាពចាំបាច់ និងបន្ទាន់ ត្រូវកំណត់ចំនួនមនុស្ស ដោយមិនឱ្យលើសពី ៤ នាក់ សម្រាប់ករណីនីមួយៗ ៕
គួរបញ្ចាក់ថា ករណីជំងឺកូរ៉ូណា ឬកូវីដ១៩ កំពុងរីករាលដាលនៅជុំវិញពិភពលោក កើនឡើងជាង ១,៥ លាននាក់ និងបានសម្លាប់មនុស្សជិត ១០ ម៉ឺននាក់ហើយ មកទល់ថ្ងៃទី ០៩ ខែមេសា ដដែលនេះ៕
(CWCI Cambodia /អត្ថបទដោយ នគរ / ០៩ មេសា ២០២០)
.
.