អត្ថបទ VOD News | ដោយ ណាត សុភាព
22-5-2022

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ការពារ​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​មិន​បាន​កាត់​ដី​ខ្មែរ​ ទៅ​ឱ្យ​ប្រទេស​ជិត​ខាង សូម្បី​តែ​មួយ​មីលីម៉ែត្រ ដូច​ការ​ចោទ​ប្រកាន់​របស់​មជ្ឈដាន​មួយ​ចំនួន​នោះ​ឡើយ។

ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​ខ្មែរ​ រស់​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ទីក្រុង​សូរិក ប្រទេស​ស្វីស នៅ​ថ្ងៃទី​២១ ខែ​ឧសភា នេះ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ក្រោយ​បញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​នាំ​មក​នូវ​សន្តិភាព ការពារ​បូរណភាព​ទឹកដី​ ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ជិតខាង។ លើស​ពី​នេះ រដ្ឋអំណាច​ក៏​បាន​ដាក់​ចេញ​នូវ​គោលដៅ​សំខាន់ៗ​ចំនួន​២ គឺទី១ ការ​ប្រែ​ក្លាយ​ដី​អតីត​សមរភូមិ​សង្គ្រាម ទៅ​ជា​តំបន់​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ និងទី២ ប្រែ​ក្លាយ​ខ្សែ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​អស់ ឱ្យ​ទៅ​ជាមួយ​ព្រំដែន​សន្ដិភាព មិត្តភាព សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។

ករណីនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា លោក​គ្មាន​សិទ្ធិ​កាត់​ដីខ្មែរ​នៅ​តាម​ព្រំដែន សូម្បី​មួយ​មីលីម៉ែត្រ ឱ្យ​ទៅ​ប្រទេស​ណា​មួយ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោកថ្លែងថា៖ «យើង​បាន​បោះ​បង្គោល​ព្រំដែន​ បាន ៨៤% នៅ​សល់ ១៦% ទៀត ប៉ុន្ដែ​ថ្មីៗ​នេះ​ គណៈ​កម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បាន​ព្រម​ព្រៀង​គ្នា​លើ ៦% ទៀត ហើយ​ខ្ញុំ​អញ្ជើញ​នាយក​រដ្ឋមន្ដ្រី​វៀតណាម​ មក​ទស្សនកិច្ច អាច​នឹង​ចុះ​ហត្ថលេខា​លើ ៦ ភាគរយ​នេះ​ទៀត […] បើ​គង់​តែ​ឱ្យ ដី​គេ​ដដែល ចាំបាច់​ទៅ​ចរចា​ហត់​ធ្វើ​អី គេ​ទារ​ប៉ុន្មាន​ភាគរយៗ ឱ្យ​គេ​ទៅ។ ខ្ញុំ​គ្មាន​សិទ្ធិ​យក​ដី​ខ្មែរ សូម្បី​មួយ​មីលីម៉ែត្រ ឱ្យ​ប្រទេស​ណា​ទេ»

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា កន្លង​មក​កម្ពុជា​-​វៀតណាម បាន​ឯកភាព​គ្នា ស្នើ​សុំ​អ្នក​ជំនាញការ​បារាំង ដើម្បី​ជួយ​ផ្ទេរ​ផែនទី ពី​ផែនទី​បោន ខ្នាត ១/១០០ ០០០ មក​ផែនទី UTM ខ្នាត ១/៥០ ០០០​ ដើម្បី​​ឱ្យ​​មាន​​ភាព​​ច្បាស់​លាស់  ហើយ​ងាយ​ស្រួល​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

លោក​ ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​គោល​ដៅ​ទី១ នៃ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម បាន​សម្រេច​រហូត​ទៅ​ដល់ ៩៥ ភាគរយ ដែល​ប្រែ​ក្លាយ​ពី​តំបន់​អតីត​សមរភូមិ ឱ្យ​ទៅ​ជាតំបន់​អភិវឌ្ឍន៍ ខណៈ ៥ ភាគ​រយ​ដែល​នៅ​សល់ គឺ​ជា​តំបន់​ដែល​មាន​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​រដ្ឋាភិបាល កំពុង​តែ​ខិតខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ឱ្យ​បាន​ឆាប់​ទៀត​ផង។

​យ៉ាងនេះ​ក្តី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​​តុលាការ​រំលាយ លោក ​​ អ៊ូ ច័ន្ទរ័ត្ន សង្កេត​ឃើញ​ថា​ បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ជា​រឿង​រសើប ដោយសារ​កន្លង​មក លោក រ៉ុង ឈុន និង​សកម្មជន​នយោបាយ ​សកម្មជន​បរិស្ថាន និង​អ្នក​ចេញ​តស៊ូ​មតិ​រឿង​អយុត្តិធម៌​សង្គម ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ ពាក់​ព័ន្ធ​​ការ​រិះគន់​រដ្ឋាភិបាល​ ជុំវិញ​រឿង​ព្រំដែន​នេះ​​ដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​ពន្យល់​សាធារណជន​ឱ្យ​បាន​ច្បាស់​លាស់​ទេ នោះ​បញ្ហា​នៃ​ការ​រិះគន់​លើ​រឿង​ព្រំដែន​ នៅ​តែ​បន្ត​កើត​មាន។ ករណី​នេះ លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​ត្រូវ​ពន្យល់​ និង​បង្ហាញ​ភស្តុតាង​ឱ្យ​បាន​ច្បាស់​លាស់ ជូន​សាធារណជន ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ខ្លះ​នៅ​តាម​ព្រំដែន រិះគន់​បញ្ហា​កម្ពុជា​ ​បាត់​បង់​ទឹកដី​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង​បន្ត​ទៀត ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​ចាប់​ផ្តើម​រដ្ឋាភិបាល​វាស់ ​និង​ដាក់​បង្គោល​ព្រំដែន​រវាង​កម្ពុជា​​-​វៀតណាម យើង​ឃើញ​មាន​ចម្រូង​ចម្រាស់​តាំង​ពី​ផែនទី ខ្នាត​​លើ ១/១០០ ០០០​ (មួយ​លើ​មួយ​រយ​ពាន់) និង​ខ្នាត​លើ ១/៥០ ០០០ (មួយ​លើ​ហា​សិប​ពាន់)។ អញ្ចឹង ត្រូវ​ពន្យល់​ឱ្យ​ច្បាស់​ ឯកភាព យើង​យក​ខ្នាត​ណា ហើយ​មាន​មូលហេតុ​ច្បាស់​លាស់ មាន​ការ​សិក្សា​ពី​អ្នក​ជំនាញ​ត្រឹម​ត្រូវ បញ្ជាក់​ជូន​សាធារណជន ដែល​នៅ​តំបន់​ណា ដែល​គាត់​មាន​ការ​ព្រួយ​បារម្ភ បើ​មាន​ការ​បក​ស្រាយ​ច្បាស់​លាស់ មិន​មាន​ការ​តវ៉ា​ទេ យើង​​មាន​ឯកភាព​លើ​ខ្នាត​វាស់​វែង​ហ្នឹង​ហើយ»។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវេស លោក ម៉ែន ណាត បាន​ប្រាប់ វីអូឌី នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ រវាង​កម្ពុជា​-​វៀតណាម ធ្វើ​ឡើង​ផ្ទុយ​ពី​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​​​កម្ពុជា រួម​ទាំង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​ផង​ដែរ។ 

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​​ទឹកដី​​របស់​​ព្រះរាជា​ណាចក្រ​​កម្ពុជា​​​ មិន​​អាច​​រំលោភ​​បាន​​ដាច់​​ខាត​​ក្នុង​​ព្រំដែន​​របស់​​ខ្លួន​ ដែល​​មាន​​កំណត់​​​លើ​​ផែនទី មាត្រដ្ឋាន​​ខ្នាត​ ១/១០០ ០០០​ ដែល​​ធ្វើ​​នៅ​​ចន្លោះ​​ឆ្នាំ​​១៩៣៣​​-​១៩៥៣ ហើយ​​​ត្រូវ​​បាន​​ទទួល​​ស្គាល់​​ជា​​អន្តរជាតិ​ នៅ​​ចន្លោះ​​ឆ្នាំ ១៩៦៣​-​១៩៦៩

រីឯមាត្រា៥៥ ចែងថា សន្ធិសញ្ញា​ ​និង​​កិច្ច​​ព្រម​ព្រៀង​​ទាំង​ឡាយ​​ណា​ ដែល​​មិន​​ស្រប​​នឹង​​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​​ទឹកដី​ អព្យាក្រឹត្យភាព​ និង​​ឯកភាព​​ជាតិ​​របស់​​​​​កម្ពុជា​ ត្រូវ​​លុប​​ចោល

ករណីនេះ លោក ម៉ែន ណាត អះអាង​ថា បើ​ការ​បោះ​បង្គោល​ព្រំដែន មាន​ភាព​មិន​ប្រក្រតី កម្ពុជា​អាច​មាន​សិទ្ធិ​ក្នុង​ការ​សើរើ​ឡើង​វិញ ដោយ​និរាករណ៍​ឯកសារ​ច្បាប់​ទាំង​ឡាយ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ច​ព្រម​ព្រៀម​សន្តិភាព​ទីក្រុង​ប៉ារីស រួច​ដាក់​ពាក្យ​ប្តឹង​ទៅ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​ដើម្បី​ឱ្យ​គេ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​អនុវត្ត និង​ដាក់​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​​ជួយ​រក​យុត្តិធម៌​ លើ​បូរណ​ភាព​​ទឹកដី​កម្ពុជា ដែល​ត្រូវ​បាន​បំពាន​ដោយ​ប្រទេស​ជិត​ខាង។

លោក ម៉ែន ណាត អះអាង​ថា ដើមចម​ដែល​នាំ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ​ព្យាយាម​បក​ស្រាយ​យក​ភាព​ត្រឹម​ត្រូវ​ និង​ស្រប​តាម​ច្បាប់​នោះ គ្រាន់​តែ​ដើម្បី​ការពារ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ពី​ព្រោះ​កន្លង​មក លោក​ធ្លាប់​ចុះ​ហត្ថលេខា លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ខុស​ច្បាប់​ជា​ច្រើន​ដង​មក​ហើយ ។

លោក​មានប្រសាសន៍​ថា៖ «អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​មិន​បាន ហើយគាត់​អះអាង ដើម្បី​ការពារ​ខ្លួន​របស់​គាត់ នៅ​ត្រង់​ថា លោក ហ៊ុន សែន គាត់​ធ្លាប់​ចុះ​ហត្ថលេខា​ព្រំដែន​ជាមួយ​វៀតណាម លើ​សន្ធិសញ្ញា លើ​កិច្ច​ព្រម​ព្រៀង​ទាំង​អស់ គាត់​ខ្លួន​ឯង​ជា​អ្នក​ចុះ​ហត្ថលេខា​ដោយ​ផ្ទាល់ តាំង​ពី​ឆ្នាំ១​៩៨២,១៩៨៣,១៩៨៥»។

លោកបន្ថែមថា៖ «ឆ្នាំ​១៩៨២ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ព្រំដែន​ទឹក ហើយ​​ព្រំដែន​ទឹក គាត់​ទទួល​ស្គាល់ កោះ​ត្រល់ កោះ​ក្រចកសេះ ឱ្យ​ទៅ​វៀតណាម ។ ឆ្នាំ​១៩៨៣ គាត់​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តីពី​លក្ខន្តិកៈ​ព្រំដែន​គោក ដើម្បី​រក​យន្តការ​រៀបចំ​ឯកសារ កសាង​ព្រំដែន​ថ្មី​រវាង​កម្ពុជា​-​វៀតណាម រួច​ទៅ​នៅ​ឆ្នាំ​១៩៨៥ គាត់​ខ្លួន​ឯង​​ចុះ​ហត្ថលេខា​​ទៅ​​លើ​​សន្ធិសញ្ញា​​ខុស​​ច្បាប់ ដែល​យក​មក​ប្រថាប់​ត្រា​ឡើង​វិញ នៅ​ឆ្នាំ​២០០៥ និង​​ប្រថាប់​ត្រា​​លើក​​ទី២ នៅ​​ឆ្នាំ​​២០១៩ ហើយ​​​ប្រថាប់ត្រា ឆ្នាំ​១៩៨៥,២០០៥,២០១៩ ទាំង​បី​ហ្នឹង​យក​បង្កើត​ជា​ផែនទី​ថ្មី​មួយ​ទៀត គឺ​ផែនទី ១/២៥ ០០០ (មួយ​លើ​ម្ភៃប្រាំពាន់) ផ្ទុយ​មាត្រា២ នៃ​រដ្ឋធម្មនុញ្ញ ជា​ឧក្រិដ្ឋកម្ម​ទឹក​ដី​ជាតិ»។

គួរបញ្ជាក់ថា កម្ពុជា​​មាន​ផ្ទៃដី​សរុប​ទំហំ ១៨១ ០៣៥ គីឡូម៉ែត្រ​ការ៉េ ហើយ​មាន​​​ព្រំដែន​គោក​​ជាប់​​ប្រទេស​​វៀតណាម ​​ប្រវែង ១ ២៧០ គីឡូម៉ែត្រ៕

.