RFA Khmer /ដោយ នៅ វណ្ណារិន
15-7-2023

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​វេទិកា​នៃ​ការ​រំឭក​ដល់​យុទ្ធជន​ខ្មែរ​-​បារាំង ដែល​បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​​លោក​លើកទី​១ យក​មក​លើក​សរសើរ​ពី​តម្លៃ​នៃ​សន្តិភាព ​ដែល​លោក​អះអាង​ថា កម្ពុជា​កំពុង​មាន​សព្វថ្ងៃ​នេះ។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ ថា លោក ហ៊ុន សែន មិនមែន​ស្រឡាញ់​សន្តិភាព​ពិតប្រាកដ​នោះ​ឡើយ នៅ​​លើ​ពិភពលោក​ គ្មាន​សន្តិភាព​ឯណា​ កើតឡើង​ក្រោម​ការ​គំរាមកំហែង ក្រោម​ការ​ចាប់ចង ក្រោម​សម្រែក​ដ៏​ឈឺចាប់​របស់​ពលរដ្ឋ​នោះ​ទេ។

ក្នុង​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នកទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កក្កដា នេះ លោក ហ៊ុន សែន ថ្លែង​ចំពោះមុខ​ឯកអគ្គរដ្ឋទូត​បារាំង ​ប្រចាំ​នៅ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ថា លោក​ចាត់ទុក​ការ​បាត់​បង់ជីវិត​របស់​យុទ្ធជន​ខ្មែរ​ទាំង ​១៩៨​ នាក់ ​នា​ពេល​នោះ គឺជា​ការ​ដាស់តឿន​ដល់​យុវជន​ខ្មែរ​ជំនាន់​នេះ ​ឱ្យ​ស្គាល់​ពី​តម្លៃ​សន្តិភាព។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ចូលរួម​ថែរក្សា​សន្តិភាព​នោះ ដោយ​ទប់ស្កាត់​នូវ​ល្បិច​ល​នយោបាយ​ ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម និង​អស្ថិរភាព​សង្គម។

លោក ហ៊ុន សែន៖ «មុននឹង​បញ្ចប់ ខ្ញុំ​សូម​យក​ឱកាស​នេះ អំពាវនាវ​បងប្អូន​ជនរួមជាតិ សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ និង​មេដឹកនាំ​ប្រទេស ដែល​បងប្អូន​ស្រឡាញ់​ពេញ​ចិត្ត និង​ជឿជាក់​ថា ជា​គណបក្ស​ដែល​ដឹកនាំ ធ្វើ​ឱ្យ​ប្រជាជន រស់នៅ​ក្នុង​សុខ​សន្តិភាព ភាព​សុខដុមរមនា​គ្រប់​ជាតិ​សាសន៍ មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ជាមួយនឹង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ ជូន​ប្រទេសជាតិ និង​ប្រជាជន ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត»។

ទោះជា​យ៉ាងណា ការ​ថ្លែង​លើក​ពី​គុណ​តម្លៃ​សន្តិភាព លោក ហ៊ុន សែន ដដែលៗ​នេះ ហាក់​បង្កប់​នូវ​ខ្លឹមសារ​គំរាម​​ ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​បង្គ្រប់កិច្ច ​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ ទោះបី​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ក៏ដោយ​។ កន្លងមក​លោក ហ៊ុន សែន ធ្លាប់​ភ្ជាប់​អត្ថន័យ នៃ​ពាក្យ​សន្តិភាព ថា «សង្គ្រាម​​នឹង​កើត​ឡើង ប្រសិន​បើ​គណបក្សកាន់អំណាច​របស់​លោក​ចាញ់ឆ្នោត​» និង​ការ​គំរាម​ថា «​បោះ​ដើម្បី​សន្តិភាព ឬ​​បោះ​​ដើម្បី​សង្គ្រាម​» ជាដើម។

តម្លៃ​សន្តិភាព ដែល​លោក ហ៊ុន សែន តែងតែ​រំឭក​នោះ គឺជា​គុណបុណ្យ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ​នៃ​ការ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ខ្មែរក្រហម កាលពី​ជាង​ ៤០​ឆ្នាំមុន ទោះបីជា រដ្ឋាភិបាល​សភា​ឯក​បក្ស​មួយ​នេះ បាន​គំរាម​កំហែង ចាប់​សកម្មជន សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​មន្ត្រី​គណបក្សប្រឆាំង ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​ក្លែងក្លាយ រំលាយ​គណបក្សប្រឆាំង បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្រើ​ហិង្សា​មក​លើ​អ្នក​តវ៉ា​យ៉ាងណាក្ដី។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃទី​១៤ កក្កដា ថា លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ​សន្តិភាព​និយម ​ដូច​ការ​លើក​ឡើង​នោះ​ទេ ព្រោះ​លោក​តែង​ជ្រើស​យក​ការប្រើ​កម្លាំងបាយ និង​ល្បិចកល​បង្ក្រាប​ទៅលើ​គូប្រជែង បំបិទ​សម្លេង​ប្រជាធិបតេយ្យ និង​ធ្វើបាប​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា លោក ហ៊ុន សែន តែង​ឱ្យ​អនុសាសន៍​ទៅ​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ ឱ្យ​ជ្រើស​រើស​យក​ការចរចា​សន្ទនា​គ្នា​ដោយ​សន្តិវិធី ខណៈ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន លោក​គ្មាន​សមត្ថភាព​ដោះស្រាយ និង​បិទ​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ទៅវិញ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ហើយ​បើសិនជា​គាត់ អ្នក​សន្តិភាព​និយម​ពិតប្រាកដ​មែន អ៊ីចឹង​ខ្ញុំ​សូម​ឱ្យ​អនុសាសន៍ ខ្ញុំ​ចង់​ឱ្យ​មាន​វប្បធម៌​សន្ទនា​។ កុំឱ្យ​គាត់​ឱ្យ​យោបល់​ទៅ​គេ ប៉ុន្តែ​ប្រទេស​ខ្លួនឯង ​ត្រូវ​កប់​វប្បធម៌​សន្ទនា (​ដែល​)​ជា​មធ្យោបាយ​មួយ គឺជា​ជម្រើស​តែមួយ​ទេ ដែល​ល្អ ដែល​ខ្មែរ​យើង​ធ្លាប់​តែ​មាន​ជា​យូរ​មក​ហើយៗ​ធ្លាប់​បាន​ធ្វើ​ជាមួយគ្នា​។ អ៊ីចឹង​ពួក​យើង អត់​ចង់ឱ្យ​អ្នកដឹកនាំ​ប្រើ​វប្បធម៌​ហិង្សា វប្បធម៌​អរិយ​ភាព ចង់​កម្ម​ចងពៀរ​នឹង​គ្នា​គ្មាន​ទី​បញ្ចប់ ដូច​ពាក្យ​គេ​ថា ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី»។

ទាក់ទិន​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ឃើញ​ថា ពាក្យ​សន្តិភាព​ដែល​លោក ហ៊ុន សែន បាន​អាន​នៅ​ចំពោះមុខ​អគ្គរាជទូត​បារាំង​នេះ ទំនងជា​លោក​និយាយ​សំដៅ​ទៅ​លើ​សមាជិកគ្រួសារ និង​មន្ត្រី​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ដែល​កំពុង​រស់នៅ​បែប​អភិជន និង​មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​បន្ត​ថា ហ៊ុន សែន កំពុង​ឱ្យ​និយមន័យ​ខុស​ទៅ​លើ​ពាក្យ​សន្តិភាព ដែល​ខ្លឹមសារ​ពិតប្រាកដ​នៃ​ សន្តិភាព​នៅ​កម្ពុជា នោះ​គឺ​ការអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម​ទាំងស្រុង ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ការ​បើក​លម្ហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការរៀបចំ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

លោក ម៉ែន ណាត៖ «ពាក្យ​ថា​សន្តិភាព​របស់​លោក ហ៊ុន សែន យើង​មើល​!​សូម្បីតែ​អ្នកទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ក៏​លោក ហ៊ុន សែន បណ្ដេញ​ចេញពី​កម្ពុជា​ដែរ។ បើ​សន្តិភាព​ណូបែល​កម្រិត​ពិភពលោក​ហើយ លោក ហ៊ុន សែន បណ្ដេញ​មិន​ឱ្យ​ចូល​កម្ពុជា អ្នក​សន្តិភាព​មិន​ការពារ​អ្នក​សន្តិភាព​គ្នាឯង​ផង​? ពាក្យ​សន្តិភាព​របស់​គាត់​ហ្នឹង មាន​ន័យថា អ​សន្តិភាព»។

កាលពី​ឆ្នាំ​២០២២ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​មួយ ​ស្ដី​ពី​សន្ទស្សន៍​នៃ​ការ​គោរព​នីតិរដ្ឋ ដោយ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា នៅ​ជិត​បាត​តារាង គឺ​ជាប់​លេខ​ ១៣៩ ក្នុងចំណោម ១៤០​ ប្រទេស ​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច ​ខាង​ការ​មិន​គោរព​សិទ្ធិមនុស្ស និង​រំលោភ​ប្រព័ន្ធ​នីតិរដ្ឋ។ ចំណាត់ថ្នាក់​បាត​តារាង​នេះ ​គឺ​កម្ពុជា​ស្ថិត​នៅ​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា​ (Venezuela) ​តែ​មួយ​គត់៕

Photo: Mr Men Nath and Mr Hun Sen
Photo: Mr Men Nath and Mr Hun Sen