VOA Khmer / ដោយលោក អូន ឆេងប៉រ / 04-3-2021
ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ {ទី៤ ខែមីនា}នេះ បានប្រកាសថា លោកគ្រោងស្ថិតក្នុងតំណែងរហូតដល់ពេលមួយដែលលោក«ឈប់ចង់ធ្វើ» តែអ្នកនាំពាក្យបក្សកាន់អំណាច បានហៅប្រសាសន៍ប្រធានបក្សខ្លួនថា ត្រឹមជា«វោហាស័ព្ទនយោបាយ»។
ប្រមុខអង្គនីតិប្រតិបត្តិដែលស្ថិតក្នុងតំណែងរយៈពេល ៣៦ឆ្នាំ តាំងពីឆ្នាំ១៩៨៥ មក បានថ្លែងដូច្នេះ ក្រោយពេលលោក និងក្រុមមន្ត្រីវ័យចំណាស់នៃគណៈរដ្ឋមន្ត្រី និងការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា ចាក់វ៉ាក់សាំង AstraZeneca ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ អំឡុងសន្និសីទសារព័ត៌មានដែលអនុញ្ញាតឱ្យចូលតែបណ្ដាញទូរទស្សន៍ស្និទ្ធនឹងរដ្ឋាភិបាលចំនួន ៥ ស្ថាប័ន លោក ហ៊ុន សែន ដែលមានវ័យ ៦៨ឆ្នាំ បានលើកឡើងថា គូប្រជែងរបស់លោក មិនអាចផ្ដួលលោកបានឡើយ។ លោកបន្ថែមថា៖ «ព្រោះខ្ញុំនៅតែបន្ដនៅហ្នឹង។ ងាយងាប់ទៅណា? ឥឡូវបានវ៉ាក់សាំងចូលខ្លួនទៀត អត់ងាយងាប់សោះ។ ហើយខ្ញុំអត់ប្រកាស ឥឡូវឈប់ប្រកាសពីរឿង ១០ឆ្នាំ ឬ ២០ឆ្នាំ ធ្វើហ្អែងទាល់តែឈប់ចង់ធ្វើ។ កុំឱ្យវាពិបាកពេក។ បន្ដិចផ្ទេរអំណាចឱ្យ ហ៊ុន ម៉ាណែត បន្ដិចផ្ទេរអំណាចឱ្យទៅអ្នកនេះ ឱ្យទៅអ្នកនោះ។ ឥឡូវមិនបាច់ផ្ទេរតែម្ដង នៅអ៊ីចឹងតែម្ដង»។
កាលពីមុន លោក ហ៊ុន សែន ធ្លាប់លើកឡើងថា លោកនឹងចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៨ ឬឆ្នាំ២០៣០។
កាលពីដំណាច់ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងថា ពេលលោកចាកចេញពីតំណែងនៅឆ្នាំ២០៣០ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន ឬក៏លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក អាចជាបេក្ខភាពជំនួសរូបលោកបាន។
ហើយកាលពីខែ មិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន បាននិយាយថា គណបក្សប្រជាជនកម្ពុជារបស់លោក នឹងបន្តដឹកនាំប្រទេសកម្ពុជារហូតដល់ ១០០ឆ្នាំទៀត។
លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លើកឡើងថា ប្រសាសន៍លោកនាយករដ្ឋមន្ត្រី គ្រាន់ជា «វោហាស័ព្ទនយោបាយ» ឆ្លើយតបនឹងអ្នករិះគន់ដែលលោកថា តែងលើកឡើងអំពី«ឯកជនភាវូបនីយកម្ម» តំណែងនាយករដ្ឋមន្ត្រីជូនគ្រួសារត្រកូល«ហ៊ុន»។
សមាជិកព្រឹទ្ធសភារូបនេះ បានប្រាប់វីអូអេ (VOA) ថា៖ «តាមខ្ញុំយល់ ចិត្តខ្ញុំទេ ពួកវិទ្យុបរទេសនិយាយភាសាខ្មែរ ចង់លាបពណ៌ក្រុមគ្រួសារត្រកូល ហ៊ុន ហ្នឹង ថាចង់ផ្ទេរតំណែងតកូនតចៅ ដែលវាអត់ត្រូវរឿង វាផ្ទុយពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា។ អ៊ីចឹងទេ សម្ដេចជ្រេញពេក សម្ដេចឆ្លើយតបរបៀបនេះទៅ»។
នៅពេលត្រូវបានវីអូអេសួរថា តើប្រសាសន៍លោក ហ៊ុន សែន ជាការផ្លាស់ប្ដូរគម្រោងចូលនិវត្តន៍ ដែលលោកថា នឹងប្រព្រឹត្តទៅនៅឆ្នាំ២០៣០ ឬយ៉ាងណា លោក សុខ ឥសាន បានឆ្លើយថា៖ «ខ្ញុំអត់ដឹងដែរ។ អាហ្នឹងទាល់តែសួរសម្ដេចបានដឹង។ ក៏ប៉ុន្តែទៅតាមគោលការណ៍របស់គណបក្សប្រជាជន និងលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុង គឺពេលណាដែលឧទ្ទេសនាមជាបេក្ខជននាយករដ្ឋមន្ត្រីហ្នឹង គឺអាស្រ័យទៅលើមហាសន្និបាតជាអ្នកសម្រេច យើងមិនអាចប៉ាន់ស្មានត្រូវមុនទេ»។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ វិទ្យុអាស៊ីសេរី (RFA Khmer) ផ្នែកខេមរភាសា បានធ្វើសេចក្ដីរាយការណ៍មួយ អំពីតួនាទីកាន់តែសកម្មរបស់លោក ហ៊ុន ម៉ាណែត ក្នុងក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលថា ជា«ការពង្រីកឥទ្ធិពលរបស់លោក» ក្នុងសមរភូមិនយោបាយត្រៀមទៅកាន់អំណាច។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧ គណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានឈ្នះអាសនៈទាំងអស់នៅរដ្ឋសភា ហើយក្រុមរដ្ឋាភិបាលបស្ចិមលោកបានសម្ដែងក្ដីបារម្ភអំពីលម្ហនយោបាយ«រួមតូច»។
លោកបណ្ឌិត មាស នី អ្នកអត្ថាធិប្បាយនយោបាយ បានយល់ឃើញថា ទោះមានការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីថា នឹងចង់កាន់អំណាចរហូតលោកលែងចង់ធ្វើមែន តែផ្លូវឈានទៅស្នងតំណែងលោក ហ៊ុន សែន ដោយលោក ហ៊ុន ម៉ាណែត នៅតែបន្តលេចចេញជារូបរាង។
លោកមានប្រសាសន៍ថា៖ «ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ខ្ញុំយល់ថា ជាការបង្ហាញអំពីអារម្មណ៍ធុញទ្រាន់របស់គាត់សម្រាប់អ្នករិះគន់ទៅលើរឿងហ្នឹង ប៉ុន្តែក្នុងទិដ្ឋភាពជាក់ស្ដែង យើងក៏បានឃើញដែរ ការខំប្រឹងប្រែងហ្នឹង កំពុងប្រព្រឹត្តទៅ (is underway) គ្រាន់ថាពេលណានោះ យើងមិនទាន់ដឹងទេ»។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាមេបញ្ជាការកងទ័ពជើងគោក មានឋានន្តរស័ក្ដជាឧត្ដមសេនីយ៍ឯក ហើយនៅក្នុងជួរបក្ស លោកជាអនុប្រធានគណៈចលនាមហាជន ជាប្រធានយុវជនថ្នាក់កណ្ដាលរបស់បក្ស និងជាសមាជិកការិយាល័យនយោបាយ ឬគណៈកម្មាធិការអចិន្ត្រៃយ៍៕
.