អត្ថបទ​វេទិកាពលរដ្ឋ

វេទិកាពលរដ្ឋ​ បាន​​ចេញ​​សេចក្តី​ថ្លែងការណ៍ អំពាវនាវ​លោក ហ៊ុន សែន ឲ្យ​ស្គាល់​ពី​​​តួនាទី​ខ្លួន សម​​ជា​មេដឹក​នាំ​ជាតិ ដើម្បី​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ។ សេចក្តីថ្លែងការណ៍​នេះ ចុះ​ហត្ថ​លេខា​​ដោយ​​លោក គឹម សុខ ជា​ប្រធាន​នៃ​​​វេទិកា​​ពលរដ្ឋនេះ ផ្សព្វ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២២។ សូម​ទាញ​យក ​«សេចក្តីថ្លែងការណ៍ (Download)» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
លោក ហ៊ុន សែន បើ​នៅ​ស្គាល់​ឋា​នៈខ្លួន​ជា​នាយក​រដ្ឋមន្ត្រី
ត្រូវ​ដើរ​តួនាទី​ផ្សះ​ផ្សា​ជាតិ ឈប់​ធ្វើ​មនោគម​វិជ្ជា​បំពុល​សម្អប់​ពង្វក់​សង្គម

​វេទិកាពលរដ្ឋ មើល​ឃើញ​ថា រយៈ​ពេល​ចុង​ក្រោយ​នេះ ជម្លោះ​រវាង​លោក ​ហ៊ុន សែន និង លោក សម រង្ស៊ី ក្លាយ​ជា​សង្គ្រាម​មនោគម​វិជ្ជា​នយោបាយ​ប្រទូស​រ៉ាយ​ ដណ្ដើម​ឈ្នះ​បែប​ជា​បុគ្គល ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ​ទូទៅ ដែល​ចង់​ឃើញ​ការ​សម្រប​សម្រួល​ផ្សះ​ផ្សា​គ្នា ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ធំៗ​របស់​ជាតិ ជាពិសេស ទុក្ខ​វេទនា​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ប្រទេស។

​វេទិកាពលរដ្ឋ យល់​ថា លោក ហ៊ុន សែន ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស ​គឺ​ជា​អ្នក​មាន​តួនាទី​សំខាន់​ជាង​គេ ក្នុង​ការ​នាំ​មុខ បំពេញ​កាតព្វកិច្ច​ផ្សះ​ផ្សា​បង្រួប​ប​ង្រួម​ជាតិ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ តាមស្មារតី​រដ្ឋធម្មនុញ្ញ និង កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ២៣ ​តុលា ​១៩៩១។ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​បង្កើត​មនោគម​វិជ្ជា​នយោបាយ ​«ហ៊ុន សែន និយម» មាន​លក្ខណៈ​បំពុល​សម្អប់ ដែល​មាន​កត្តា​កំណត់ លើ​ចិត្ត​សាស្ត្រ​ញុះញង់​បំបែក​បំបាក់ និង ពង្វក់​ពលរដ្ឋ​ខ្មែរ ឲ្យ​ស្អប់​ខ្ពើម​ចង​អាឃាត​គ្នា​ទៅ​វិញ។

​វេទិកាពលរដ្ឋ អំពាវ​នាវ​ឲ្យ​លោក ហ៊ុន សែន បោះ​បង់​មនោគម​វិជ្ជា​ពង្វក់​បំពុល​សម្អប់​នេះ ពី​ព្រោះ​នេះ​គឺ​ជា​នយោបាយ ដែល​ងាយ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បែក​បាក់​កាន់​តែ​ធំ និង​ ផ្ដល់​ផល​ដ៏​ធំធេង​ដល់​មហិច្ឆតា​ឈ្លាន​ពាន​របស់​បរទេស។ លោក ហ៊ុន សែន ពិត​ជា​ដឹង​ថា ពេល​យើង​ជា​ខ្មែរ​កំពុង​វក់ និង ពុល​ដោយ​ការ​ស្អប់​គ្នា ពួក​អ្នក​ដែល​ពេញ​ចិត្ត​បំផុត​នឹង​ស្ថានភាព​នេះ គឺបរទេស​ឈ្លាន​ពាន។ ដូច្នេះ បើ​លោក ហ៊ុន សែន មិន​បម្រើ​មហិច្ឆតាឈ្លាន​ពាន​របស់​បរទេស​ណា​មួយ​ទេ នោះ​លោក ហ៊ុន សែន ត្រូវ​ងាក​ទៅ​ដើរ​តួនាទី​ផ្សះ​ផ្សា​ជាតិ ក្នុង​ឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ជាតិ មិន​ត្រូវ​ឡំ​ឡូក​នឹង​គំនិត​អំណាច​បុគ្គល ហួង​ហែង​កាង​បក្ស​សង្កត់​ជាតិ​ឡើយ។

​ជាការ​ពិត​ណាស់​ថា ការ​សម្រប​សម្រួល​រវាង​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ពេល​នេះ ជា​រឿង​ស្មុគ​ស្មាញ​ពិបាក​ទៅ​រួច​ភ្លាមៗ ដោយសារ​ជម្លោះ​នៃ​អ្នក​នយោបាយ​ទាំង​ពីរ ធ្លាក់​ចូល​លក្ខណៈ​បុគ្គល វាយ​ប្រហារ​ចោទប្រកាន់​គ្នា ដល់​ជម្រៅ​បន្ទុក​ពូជ​ពង្ស​គ្រួសារ ជ្រុល​ពេក។ ប៉ុន្តែ បើ​លោក ហ៊ុន សែន នៅ​រក្សា​ស្មារតី​ជា​អ្នក​ដឹកនាំ​ជាតិ គាត់​គួរ​ពិចារណា​ថា បច្ចុប្បន្ន​នេះ ក្រៅ​ពី​លោក សម រង្ស៊ី ក៏​លោក ហ៊ុន សែន គួរ​បើក​ចិត្ត រក​ការ​ជជែកសម្រួល​នយោបាយ​ជាមួយ​លោក កឹម សុខា ដើម្បី​បន្ធូរ​បន្ទុក​វិបត្តិ​ប្រទេស​ជាតិ​ដែរ។

​ជាក់ស្ដែង លោក កឹម សុខា កំពុង​ធ្វើ​ទុក្ករកម្ម​នយោបាយ ប្រកាន់ធម៌​អហិង្សា និង ការ​ផ្សះ​ផ្សា​ជាតិ​ជានិច្ច ហើយ​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក កឹម សុខា មិន​ធ្លាប់​ប្រើ​សារ​ប្រទូស​នយោបាយ​បុគ្គល​ឡើយ។ ហេតុនេះ បើលោក ហ៊ុន សែន នៅ​តែ​មាន​លេស​មិន រក​ដំណោះ​ស្រាយ​នយោបាយ​ផ្សះ​ផ្សា​ជាតិ ដោយ​ចាប់​ផ្ដើម​ជាមួយ​លោក កឹម សុខា ទៀត នោះ​គឺ​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន គ្រាន់​តែ​ជា​នាយក​រដ្ឋមន្ត្រី ដែល​ចេះ​ត្រឹម​តែ​ការពារ​កិត្តិយស​បុគ្គល​ខ្លួន គ្រួសារ​ហ៊ុន និង​បំពេញ​បំណង​ឈ្លាន​ពាន​របស់​បរទេស។​

វេទិកាពលរដ្ឋ ចង់​ឃើញ​មាន​ការ​ផ្សះផ្សា​ផ្ទៃ​ក្នុង​ជាតិ​ទាំង​អស់​គ្នា ដោយ​មិន​ផាត់​ចោល​បុគ្គល​ណា​ទេ ហើយ​ក៏​រឹត​តែ​មិន​អាច រុញ​ចេញ​ទៅ​ទៀត នូវ​អ្នក​នយោបាយ​មាន​សក្ដានុពល​ដូច​លោក សម រង្ស៊ី។ យ៉ាង​ណា ដំណាក់​​កាល​​នេះ ​យើង​ខ្ញុំ​យល់​ថា យ៉ាង​ហោច​ណាស់ ក៏​គួរ​បើក​ទំព័រ​ដោះ​ស្រាយ​នយោបាយ ហ៊ុន សែន​​-​កឹម សុខា ដែរ បើ​លោក ហ៊ុន សែន នៅ​ចាត់​ទុក​ខ្លួន​គាត់​ជានាយក​រដ្ឋមន្ត្រី​ជាតិ។

សហរដ្ឋអាមេរិក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២

គឹម សុខ
ប្រធានវេទិកាពលរដ្ឋ