រដ្ឋាភិបាល ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំងតប ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយចោទប្រកាន់ថា «ជាក្រុមឧទ្ទាម និងធ្វើសកម្មភាពភេរវកម្ម»។ ប៉ុន្តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានច្រានចោលការចោទប្រកាន់នានា ពីរដ្ឋាភិបាលលោក ហ៊ុន សែន ហើយថា រដ្ឋាភិបាលនេះ បានក្លាយជារបបខុសច្បាប់ តាំងពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលប្រើប្រាស់តុលាការកំពូល ឲ្យប្រកាសសាលក្រម រំលាយគណបក្សសង្គ្រោះជាតិ។ (សូមទាញយកសេចក្តីថ្លែងការណ៍ ឬអានអត្ថបទរូបភាពខាងក្រោម។)
អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋ កុំចេញទៅបោះឆ្នោត បើគ្មានបក្សប្រឆាំងចូលរួម
(VOD HotNews / 22-2-2018)
រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានអំពាវនាវទៅប្រជាពលរដ្ឋ កុំឲ្យទៅបោះឆ្នោត នាពេលខាងមុខនេះ ដោយថា បើគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនោះ។
ក្នុងសេចក្ដីអំពាវនាវកាលពីថ្ងៃម្សិលមិញនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការពលរដ្ឋចេញទៅបោះឆ្នោតច្រើនជាង ៥០% នៃចំនួនពលរដ្ឋមានសិទ្ធិបោះឆ្នោតសរុបនៅទូទាំងប្រទេស។ បើតាមសេចក្ដីអំពាវនាវដដែលនោះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងបន្ថែមថា លោក ហ៊ុន សែន ត្រូវការបែបនេះ ដើម្បីបង្ហាញប្រាប់ទៅសហគមន៍អន្តរជាតិថា ពលរដ្ឋកម្ពុជា ពេញចិត្តនឹងរបបដឹកនាំបច្ចុប្បន្ន។ ផ្ទុយទៅវិញ ប្រសិនបើចំនួនពលរដ្ឋ ចេញទៅបោះឆ្នោតតិចជាង ៥០ % ក្រុមប្រឹក្សា ដែលមានមូលដ្ឋាននៅក្នុងប្រទេសន័រវេស បានអះអាងថា ពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំដោយលោក ហ៊ុន សែន នោះឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងឯកសារបោះឆ្នោត កុំទៅបោះឆ្នោត នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមដោយស្មើភាព សេរីត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការអំពាវនាវនេះថា ជាការបិទសិទ្ធិរបស់ប្រជាពលរដ្ឋ មិនឲ្យអនុវត្តសិទ្ធិនយោបាយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថា៖ «ជាការបិទសិទ្ធិប្រជាពលរដ្ឋ មិនឲ្យអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អញ្ចឹង សកម្មភាពនេះ អាចចាត់ទុកថា ជាវិច្ឆេទកម្មនយោបាយយ៉ាងពេញទំហំហឹង ហើយជាបញ្ហាមួយដែលយើង អាចចោទ ក្រុមឃ្លាំមើលកម្ពុជា នេះ ក៏ចូលដៃចូលជើងជាមួយ ក្រុមឧទ្ទាមនិយមក្រៅច្បាប់ ដែលកំពុងធ្វើសកម្មភាព ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាពីក្រៅប្រទេសមក»។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់ អង្គការខុមហ្វ្រែល លោក កង សាវាង្ស លើកឡើងថា គ្មានច្បាប់ណាមួយ បានកំណត់ទាក់ទងនឹងចំនួនពលរដ្ឋ ចេញទៅបោះឆ្នោតនោះទេ ប៉ុន្តែលោកថា ដើម្បីធានាថា ការបោះឆ្នោតដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ លោកថា ត្រូវមានគណបក្សប្រឆាំង ចូលរួមផងដែរ។ លោកថា៖ «អ្វីដែលជាចំណុលល្អ គឺថា កម្លាំងនៃគណបក្សប្រឆាំង ដែលជាបក្សប្រឆាំងដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជាហ្នឹង បើកឲ្យមានការចូលរួមប្រកួតប្រជែង។ វាជាចំណុលល្អមួយ នៅក្នុងការបោះឆ្នោត។ បើសិនអត់មានការប្រកួតប្រជែងទេ មានន័យថា មានតែគណបក្សមួយដែលកម្លាំងធំ នឹងការប្រកួតប្រជែង វាអត់ស្មើភាពគ្នាទេ។ អញ្ចឹង យើងនៅតែចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព ដោយត្រឹមត្រូវដដែល សម្រាប់ការយល់ឃើញរបស់យើង»។
វត្តមានរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោត នាខែកក្កដា ខាងមុខ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ រហូតមកដល់ពេលនេះ បន្ទាប់ពីបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល កាលពីពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំមុន ទៅតាមបណ្ដឹងរបស់រដ្ឋាភិបាល។
សហគមន៍អន្តរជាតិ ដែលនាំមុខដោយសហភាពអឺរ៉ុប និងអាមេរិក នៅតែបន្តទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ តាមរយៈការអនុញ្ញាតឲ្យបក្សប្រឆាំង ចូលរួមនៅក្នុងការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងការដោះលែងមេដឹកនាំបក្សប្រឆាំង កំពុងជាប់ឃុំ គឺលោក កឹម សុខា៕
លោក ផៃ ស៊ីផាន៖ «ការអំពាវនាវ មិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាអំពើភេរវកម្ម»
(កាសែតថ្មីៗ / 22-2-2018)
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃ ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការអំពាវនាវរបស់អង្គការមួយ មិនឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ថាអំពើនៃក្រុមឧទ្ទាម។ លោក បន្តថា ទង្វើបែបនេះ គឺប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនយោបាយ ក្នុងការជ្រើសរើសអ្នកតំណាង។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានព្រមានធ្ងន់ៗ តាមរយៈការបង្ហោះសារ លើគណនីហ្វេសប៊ុក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២0១៨ យ៉ាងដូច្នេះថា៖ «លទ្ធិប្រជាធិបតេយ្យ គឺជាកម្មសិទ្ធិផ្ទាល់របស់ប្រជាពលរដ្ឋមា្នក់ៗ ហើយជាសកម្មភាពនយោបាយ ក្នុងការជ្រើសរើស និងទទួលខុសត្រូវ លើជោគវាសនារបស់គេ។ សិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលស្គាល់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ យុទ្ធនាការរបស់បុគ្គលណា ឬក្រុមណា ប្រឆាំងនឹងសិទ្ធិនេះ គឺមិនត្រឹមតែជា [អំពើនៃក្រុម] «ឧទ្ទាម» ប៉ុណ្ណោះទេ តែក៏ជា«សកម្មភាពភេរវកម្ម» ប្រឆាំងនឹងអំណាចប្រជាពលរដ្ឋ ដែលរដ្ឋាភិបាល មិនអនុគ្រោះជាដាច់ខាត»។
សាររបស់លោក ផៃ ស៊ីផាន គឺធ្វើឡើងដើម្បីប្រតិកម្មនឹង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (CWCI) ដែលបានអំពាវនាវ មកកាន់ប្រជាពលរដ្ឋកម្ពុជា កុំឲ្យចូលរួមការបោះឆ្នោត បើអវត្តមានគណបក្សសង្គ្រោះជាតិ។ តាមរយៈសេចក្តីអំពាវនាវ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស ហើយតែងតែប្រឆាំងគណបក្សកាន់អំណាច និងរដ្ឋាភិបាលកម្ពុជា បានស្នើឡើងយ៉ាងដូច្នេះថា៖ «បើអ្នកទៅបោះឆ្នោត មានចំនួនតិចជាង ៥០ ភាគរយ មានន័យថាប្រជាពលរដ្ឋ មិនពេញចិត្តនឹងរបបដឹកនាំរបស់លោក [នាយករដ្ឋមន្ត្រី] ហ៊ុន សែន ហើយសហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ដែរ។ [….] នេះហើយ ជាក្តីបារម្ភរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាច។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ កុំទៅបោះឆ្នោត»៕

