លោក ហ៊ុន សែន ប្រកាស​ថា មិន​បិទ​បណ្ដាញ​សង្គម Facebook នៅ​កម្ពុជា​នោះ​ទេ

RFA Khmer /ដោយ សេក បណ្ឌិត
01st-7-2023

លោក ហ៊ុន សែន ចេញ​សារ​ជា​សំឡេង​បន្ទាន់​មួយ នៅ​យប់​ថ្ងៃទី​៣០ មិថុនា ប្រកាស​ថា លោក​មិន​បិទ​បណ្ដាញ​សង្គម Facebook ​នៅ​កម្ពុជា​នោះ​ទេ ដោយ​លោក​បិទ​តែ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន របស់​លោក​តែប៉ុណ្ណោះ។

លោក​ថ្លែង​ទៀត​ថា បណ្ដាញ​សង្គម Facebook មាន​ប្រយោជន៍​ច្រើនណាស់​សម្រាប់​ប្រជា​ពលរដ្ឋ ព្រោះ​ជា​តម្រូវការ​របស់​ប្រជាជន​ប្រើប្រាស់។

ទោះ​យ៉ាងណា​លោក​ព្រមាន​ថា លោក​មិន​ល្ងង់​ទៅ​បិទ​ហ្វេសប៊ុក បិទ​ដង្ហើម​ប្រជា​ពលរដ្ឋ​នោះ​ទេ ហើយ​ក៏​មិន​ល្ងង់​ឲ្យ​ក្រុម​ប្រឆាំង​ យក​ករណីនេះ​ទៅ​បំផុស​ពលរដ្ឋ​ដែល​គិត​ថា លោក​នឹង​បិទ​ហ្វេសប៊ុក​ម ក​បង្កើត​កំហឹង​ជាមួយ ហ៊ុន សែន នោះ​ដែរ។ ប៉ុន្តែលោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ ដាក់​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​ប្រមូល​លុយ​ពី​ពលរដ្ឋ​ដោយ​ងាយស្រួល​នោះ​ដែរ។

លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​ចាំបាច់​ឲ្យ​ពួកគេ​មាន​តំណាង​ទៀត​ទេ ឯ​រឿង​បិទ​ហ្វេសប៊ុក អត់​មាន​ទេ​…​សូម​ស្តាប់​ឲ្យ​ច្បាស់​……»។

ការប្រកាស​ប្តូរ​ចិត្ត​ភ្លាមៗ​ទាំងយប់​អធ្រាត្រ​បែបនេះ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពលរដ្ឋ ថា ការព្រមាន​បិទ​ហ្វេសប៊ុក​នេះ​ ជា​ការ​វាយកម្ទេច​ឆ្នាំង​បាយ​ពួកគេ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​វា​ជា​រឿង​អាម៉ាស់​​របស់​លោក ហ៊ុន សែន ដែល​សម្រេច​លុប​ហ្វេសប៊ុក​នេះ៕

———–

អ្នក​វិភាគ​ថា លោក ហ៊ុន សែន ព្យាយាម​លុបលាង​ភាព​អាម៉ាស់ ទើប​ព្រមាន​បិទ​ហ្វេសប៊ុក

RFA Khmer /ដោយ ថា ថៃ
30-6-2023

អ្នក​វិភាគ​មើល​ឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ព្រមាន​បិទ​ហ្វេសប៊ុក​លែង​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់ ដោយសារ​លោក​កំពុង​រង​ភាព​អាម៉ាស់​ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​។ ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​បិទ​ហ្វេសប៊ុក​មែន នឹង​ធ្វើ​ឱ្យ​ជាតិ​និង​ពលរដ្ឋ​ខាត​បង់​ច្រើន។

លោក ហ៊ុន សែន ដែល​ធ្លាប់​អួតអាង​ថា ជា​អ្នក​ពូកែ​លេង​ហ្វេសប៊ុក និង​មាន​អ្នក​ចុច​តាមដាន​ច្រើន​ជាង​គេ​បំផុត បាន​សម្រេច​ចិត្ត​យ៉ាង​តក់​ក្រហល់​ភ្លាម​ៗ ឈប់​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​តែ​ម្ដង បន្ទាប់​ពី​ដឹង​ថា ក្រុមហ៊ុន​មេតា​(​Meta​) នឹង​បញ្ឈប់​លោក​មិន​ឲ្យ​ប្រើប្រាស់​ហ្វេសប៊ុក រយៈពេល​ ៦​ខែ។ លើស​ពី​នេះ លោក ហ៊ុន សែន ព្រមាន​ឈប់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ហ្វេសប៊ុក​ថែម​ទៀត។

លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​ចុះ​រក​សំឡេង​ឆ្នោត​ ពី​កម្មករ​កម្មការិនី​នៅ​ខេត្ត​ពោធិ៍សាត់ ​នៅ​ថ្ងៃ​ទី​៣០​មិថុនា បាន​ព្រមាន​បញ្ជា​បិទ​ជា​ស្ថាពរ លែង​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ហ្វេសប៊ុក ប្រសិន​បើ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស សើច​ចំអក​ឌឺដង ដែល​លោក​បាន​លុប​ចោល​ទំព័រ​ហ្វេសប៊ុក (Facebook) ជា​ផ្លូវការ ហើយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​ប្រទេស​រុស្ស៊ី និង តិកតុក (TikTok) របស់​ប្រទេស​ចិន។

លោក ហ៊ុន សែន«គ្រាន់​តែ​ប្រដៅ​ពួក​អ្នក​ក្រៅ​ស្រុក កំពុង​តែ​សប្បាយ ដែល​ខ្ញុំ​បំផ្លាញ​ចោល​ហ្វេសប៊ុក​។ ប៉ុន្តែ ខ្ញុំ​នឹង​ផ្ដាច់​ជើង​លោក​ឯង ប្រសិន​បើ​លោក​ឯង​ព្រហើន ខ្ញុំ​នឹង​បិទ​ហ្វេសប៊ុក​មិន​ឱ្យ​ប្រើប្រាស់​ក្នុង​មួយ​រយៈ​ខ្លី ឬ​មួយ​ជា​ស្ថាពរ។ លោក​ឯង​គិត​យ៉ាង​ម៉េច ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ប៉ះពាល់ ទៅ​ដល់​ប្រជាជន​ទេ​។ ប៉ុន្តែ អ្នក​ឯង កុំ​ភាន់​ច្រឡំ ជាមួយ​យុទ្ធសាស្ត្រ ហ៊ុន សែន ឱ្យ​សោះ»។

ការ​ព្រមាន​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​លុប ហ្វេសប៊ុក​របស់​លោក ដែល​មាន​តាមដាន​ជាង​ ១៤​លាន​នាក់ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ក្រោយ​ក្រុមប្រឹក្សាភិបាល​​ត្រួត​ពិនិត្យ (Oversight Board) របស់​ក្រុមហ៊ុន​មេតា (Meta) សម្រេច​ព្យួរ​គណនី​ហ្វេសប៊ុក និង​អ៊ិនស្តាក្រាម (Instagram) របស់​លោក ហ៊ុន សែន រយៈពេល ៦​ខែជា​បន្ទាន់។

លោក ហ៊ុន សែន ធ្លាប់​អួតអាង​ថា ជា​អធិរាជ​ហ្វេសប៊ុក បន្ទាប់​ពី​លោក​ប្រើប្រាស់​លុយ​រាប់​លាន​ដុល្លារ ដើម្បី​ទិញ​ចំនួន​អ្នក​ចូលចិត្ត ឬ (Like​) ពី​ក្រៅ​ប្រទេស ដើម្បី​ឱ្យ​មាន​អ្នក​តាមដាន​ច្រើន​ជាង​ហ្វេសប៊ុក ​របស់​ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី។ លោក ហ៊ុន សែន បាន​និយាយ​កុហក​ថា មូល​ហេតុ​ដែល​លោក​​សម្រេច​ឈប់​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ពេល​នេះ ដោយសារ​ពិបាក​ការពារ​អ្នក​ដែល​ព្យាយាម​ហែក​ចូល (Hecker) ឬ​អ្នក​លួច​ចូល​ទៅ​គ្រប់គ្រង​ហ្វេសប៊ុក​របស់​លោក​ជា​បន្តបន្ទាប់​។ លោក ហ៊ុន សែន ក៏​បាន​ចាត់​ទុក​ការ​ចាត់​វិធានការ​របស់​ក្រុមហ៊ុន​មេតា​(Meta) ថា ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ និង​អាច​ជា​ការ​ធ្វើ​បាប​ក្រុមហ៊ុន​នេះ​ខ្លួន​ឯង​ទៅ​វិញ។

ទោះជាយ៉ាងណា​ក៏​ដោយ ការ​ចាត់​វិធានការ​របស់​ហ្វេសប៊ុក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ក្រុម​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​ ហៅ​កាត់​ថា អាយ.ស៊ី.ជេ (ICJ) មាន​មូលដ្ឋាន​នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ខែ​មីនា បាន​ដាក់​បណ្ដឹង​សាធារណៈ​មួយ ទៅ​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ឱ្យ​ត្រួតពិនិត្យ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​ប្រើប្រាស់​ជា​វេទិកា​គំរាមកំហែង​ញុះញង់​ ឱ្យ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង។

លោក ហ៊ុន សែន ធ្លាប់​ប្រៀបធៀប​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ថា​ដូច​ទៅ​នឹង​ត្រី​នៅ​ក្នុង​ត្រក ដែល​លោក​ចង់​កាច់​ក​ស៊ី​ពេល​ណា​ក៏​បាន និង ​ព្រមាន​ប្រមូល​កម្លាំង​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា ធ្វើ​បាតុកម្ម​ដោយ​យក​ដំបង ទៅ​វាយ​សំពង​លើ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​​ដល់​ផ្ទះ ប្រសិនបើ​ពួក​គេ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ឬ​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា ​គាបសង្កត់​លើ​គណបក្ស​ប្រឆាំង ឬ​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ លួច​សន្លឹក​ឆ្នោត​ជាដើម​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​ភាព​អាម៉ាស់​ខ្លាំង​ពេក ទើប​លោក​ព្រមាន​បិទ​ហ្វេសប៊ុក​ លែង​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​។ លោក​បន្ត​ថា ប្រសិន​បើ​លោក ហ៊ុន សែន បិទ​ហ្វេសប៊ុក​លែង​ឱ្យ​ប្រើ​នៅ​ស្រុក​ខ្មែរ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ មិន​មែន​សម្រាប់​ពលរដ្ឋ​សាមញ្ញ​ធម្មតា​ឡើយ ក្នុង​នោះ មាន​ទាំង​មន្ត្រី និង​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ជួរ​ គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ផ្ទាល់ ដែល​សុទ្ធ​តែ​ប្រើប្រាស់​ហ្វេសប៊ុក​ សម្រាប់​ទាញ​យក​ផល​ប្រយោជន៍ ទាំង​នៅ​ក្នុង​មុខ​ជំនួញ និង​ស្វែងរក​ការ​គាំទ្រ​សម្រាប់​គណបក្ស។

លោក គឹម សុខ៖ «​ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ង​បិទ​មែន វា​គ្រាន់​តែ​ជា​ការ​ព្យាយាម​ដើម្បី​លួង​កំហឹង​ចិត្ត​របស់​គាត់ ដែល​អាម៉ាស់​។ អាម៉ាស់​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ខ្មែរ អាម៉ាស់​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ ដែល​គេ​មើល​ឃើញ​ថា ហ្វេសប៊ុក​ផ្អាក​ដំណើរការ​គណនី​ផ្លូវការ​របស់​គាត់​(​ហ៊ុន សែន​) ពីព្រោះ​តែ​គាត់​ជា​​មេ​ដឹកនាំ គំរាម​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាម​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង»។

ស្រដៀង​គ្នា​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​ខឹង​គោ​វាយ​រទេះ ដោយសារ​លោក​ខឹង​ក្រុមហ៊ុន​ហ្វេសប៊ុក ប៉ុន្តែ​បែរ​ជា​ចង់​ជះ​កំហឹង​មក​លើ​ពលរដ្ឋ​ខ្លួន​ឯង ដោយ​ព្រមាន​បិទ​ហ្វេសប៊ុក ​លែង​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ប្រើប្រាស់។

លោក អ៊ុំ សំអាន៖ «ប្រាកដ​ជា​មាន​ការ​ថ្កោលទោស​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ពី​អ្នក​លក់​អនឡាញ​អីហ្នឹង ហើយ​វា​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ទៀត។ ហើយ​មិន​ប៉ះពាល់​តែ​គណបក្ស​ប្រឆាំង​ទេ គឺ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ទាំង​​គណ​បក្ស​ប្រជាជន​ផង​ដែរ​។ គេ​នឹង​ថ្កោលទោស​លោក ហ៊ុន សែន ដូច្នេះ ខ្ញុំ​ជឿ​ថា លោក ហ៊ុន សែន មិន​បិទ​ហ្វេសប៊ុក​នៅ​កម្ពុជា​ទេ ខ្ញុំ​ជឿ​អ៊ីចឹង»។

ចំណែក​អ្នកនាំពាក្យ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្លះ ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រយោជន៍ ដូច​ជា​ការ​លក់ដូរ​ទំនិញ​តាម​អនឡាញ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​ការងារ​ចូលរួម​ជួយ​សង្គម ប៉ុន្តែ​អ្នក​ខ្លះ​ទៀត ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​បង្ក​បញ្ហា​ដល់​សង្គម។ ទោះ​ជា​យ៉ាងណាក៏ដោយ លោក​បន្ត​ថា ហ្វេសប៊ុក​ផ្ដល់​គុណសម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ ហើយ​ប្រសិន​បើ​មាន​ការ​បិទ​ហ្វេសប៊ុក​មែន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​នយោបាយ​ ក្នុង​ការ​ឃោសនា​ទៅ​ដល់​អ្នក​គាំទ្រ ឬ​ធ្វើ​ឱ្យ​សាបរលាប​ព័ត៌មាន​ទាក់ទង​នឹង​សង្គម​ និង​ប្រទេស​ជាតិ​មួយ ដែល​ធ្លាប់​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក។

លោក ស៊ឹង សែនករុណា៖ «ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​សង្គម​ហ្នឹង គឺ​មាន​ឱកាស​ក្នុង​ការ​ចែករំលែក អំពី​បញ្ហា​សង្គម ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស រឿង​អយុត្តិធម៌​ផ្សេង​ៗ​។ នៅ​ពេល​បិទ​អ៊ីចឹង ចង់​មិន​ចង់ តិច​ឬ​ច្រើន វា​មាន​ផល​ប៉ះពាល់​ហើយ​។ ប៉ុន្តែ​យ៉ាង​ណា វា​អាច​មាន​មធ្យោបាយ​ផ្សេង​ៗ​ទៀត​ដែរ ដែល​អាច​ផ្សាយ​នូវ​អ្វី​ដែល​ជា​បញ្ហា​ទាំង​អស់​ហ្នឹង»។

ទិន្នន័យ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០២២​បង្ហាញ​ថា កម្ពុជា មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាង ១៣ (១៣.២) លាន​នាក់ និង​អ្នក​ប្រើប្រាស់ អ៊ិនស្ត្រាហ្គ្រាម​ជាង​២ (២.០៧)​លាន​នាក់។ ហ្វេសប៊ុក ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ពលរដ្ឋ​និយម​ប្រើប្រាស់​ច្រើន​បំផុត​នៅ​កម្ពុជា បើ​ប្រៀប​ធៀប​​ទៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត៕