ឯកសារខែវិច្ឆិកា ២០១៦ ភ្ជាប់ជាមួយវីដេអូរូបភាព អំពីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី (RFA Khmer) មានចំណងជើងថា «ផែនទីព្រំដែន នាំឲ្យមានការជំទាស់ការផ្ទេរខ្នាតផែនទីបោន Bonne មកយូធីអឹម UTM»។
ក្នុងវេទិកាអ្នកស្តាប់នេះ លោក ថាច់ សេដ្ឋា, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងលោក ម៉ែន ណាត យល់ស្របគ្នា ចំពោះការថែរក្សាម្រាត្រា២ នៃរដ្ឋធម្មនុញ្ញ និងខ្នាតផែនទីបោនរបស់បារាំង (១/១០០.០០០) ដដែល នៅក្នុងស្ថានភាពនយោបាយផុយស្រួយសព្វថ្ងៃ។ លោក ម៉ែន ណាត បញ្ជាក់ថា «បណងចង់ផ្ទេរខ្នាតផែនទី បោន ទៅខ្នាតផែនទី យូធីអឹម ១/៥០.០០០ គឺជាចេតនារបស់វៀតណាម ចង់កែតម្រូវផែនទីខុសច្បាប់ សម្រាប់បោះបង្គោលព្រំដែនរួចហើយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ»។ ចំណែកលោក សម រង្ស៊ី និងលោក សុខ ទូច យល់ស្របគ្នា ដោយគាំទ្រការលើកឡើងរបស់លោក ហ៊ុន សែន ដែលចង់ផ្ទេរខ្នាតផែនទី តាមបំណងរបស់វៀតណាម។ មានវីដេអូលំអិត៖
លោក សុខ ទូច និងលោក សម រង្ស៊ី គាំទ្រគំនិតលោក ហ៊ុន សែន កែប្រែខ្នាតផែនទី ប៉ុន្តែ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់
(ដោយ ខាត់ សុធី, វិទ្យវាយោ VayoFM / ២៧ វិច្ឆិកា ២០១៦)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា កន្លងទៅ បានឯកភាពគ្នា ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ទៅលើការផ្ទេរខ្នាតផែនទី (Bonne) ១/១០០.០០០ ទៅ ផែនទីខ្នាត (UTM) ១/៥០.០០០ វិញ។
លោក ហ៊ុន សែន បានពន្យល់នៅលើបណ្តាញសង្គម Facebook ថាការបំប្លែងខ្នាតផែនទី ឲ្យបានកាន់តែធំនេះ គឺដើម្បីកុំឲ្យពិបាក ក្នុងការកំណត់ បោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម។ លោក {ហ៊ុន សែន} ថា «នេះមិនមែនបង្កើតផែនទីថ្មីទេ គឺចម្លងផែនទីពីផែនទី ខ្នាត 1/100.000 មកខ្នាត 1/50.000 ដើម្បីងាយស្រួលវាស់វែង និងបោះបង្គោល។ ផែនទីខ្នាត 1/100,000 នៅតែជាផែនទីផ្លូវការ។ ក្នុងករណី មានការយល់ខុសគ្នា ត្រូវយកផែនទីខ្នាត 1/100.000 មកធ្វើជាមូលដា្ឋន ក្នុងការដោះស្រាយដដែល។ និយាយរួម ការផ្ទេរផែនទី ឬចម្លងផែនទី ត្រូវតែធានាភាពត្រឹមត្រូវ តាមផែនទីដើម និងដើម្បីយកមកធ្វើការវាស់វែង បោះបង្គោលព្រំដែន ឲ្យបានត្រឹមត្រូវ។ យើងសុំអ្នកជំនាញការបារាំង អាស្រ័យដោយ បារាំង ជាអ្នកផលិតផែនទីនេះ ពេលបារាំង ដាក់អាណានិគម លើប្រទេសកម្ពុជា វៀតណាម និងឡាវ»។
ទាក់ទងនឹងរឿងនេះដែរ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា បានថ្លែងគាំទ្រគំនិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ផ្លាស់ប្ដូរខ្នាត ផែនទីនេះ។ លោក {សម រង្ស៊ី} ថា «អ្វីដែលលោក ហ៊ុន សែន លើកឡើង គឺជាបំណងប្រាថ្នា ដែលខ្ញុំ តែងតែគិត ចង់បានដែរ»។ {ការថ្លែងរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងក្រោយពេលលោក បានភៀសខ្លួននយោបាយទៅកាន់ប្រទសបារាំង បន្ទាប់ពីលោក ហ៊ុន សែន បានប្តឹងប្តល់ទៅតុលាការ}។
ប៉ុន្តែ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបង្ហាញជំហរជំទាស់ ទៅនឹងគម្រោងនេះ។ ជំទាស់ដោយសារតែ លោក ម៉ែន ណាត យល់ថា «បំណងនៃការផ្ទេរខ្នាតផែនទី នេះ គឺគ្រាន់តែជា ការបន្លំភ្នែក និងកាឡៃឯកសារប្រវត្តិសាស្ត្រ ស្ដីពីព្រំដែនខ្មែរ តាំងពី អនុសញ្ញាបារាំង-កម្ពុជា-កូសាំងស៊ីន ឆ្នាំ ១៨៧៣ និង ជាការរំលោភបំពាន ទៅលើ មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា»។
ដោយឡែកលោកបណ្ឌិត សុខ ទូច {ប្រធានក្រុមអ្នកស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភា} បានគាំទ្រ នូវគម្រោងនេះ [គាំទ្រជំហររដ្ឋាភិបាល] ហើយលោក បញ្ជាក់ថា នេះមិនមែន ជាការផ្លាស់ប្តូរ ផែនទីទេ គឺគ្រាន់តែទម្លាក់ខ្នាតផែនទី 1/100.000 មកខ្នាត 1/50.000 តែប៉ុណ្ណោះ។ លោក សុខ ទូច សុំឲ្យអ្នករិះគន់ទាំងឡាយ គិតពីបញ្ហាបច្ចេកទេស ជាជាងយកបញ្ហានយោបាយ មកពាក់ព័ន្ធ៕


.