The Cambodia Daily
31-7-2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេដឹងថា ជាមេដឹកនាំខ្មែរ ដែលកងទ័ពឈ្លានពានវៀតណាមលើកបន្តុប បានឯកភាពគ្នាជាមួយលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញឲ្យបោះបង្គោលព្រំដែន ដែលនៅសល់ ១៦% ទៀតឱ្យឆាប់ចប់ ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព និងងាយស្រួល ដល់ប្រជាជននៃប្រទេសទាំងពីរ។
បុរសខ្លាំងរណបបរទេសដើម្បីអំណាច លោក ហ៊ុន សែន បានលើកឡើង ក្នុងឱកាសជួបជាមួយគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលដឹកនាំដោយលោក ដូ វ៉ាន់ជៀន នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ នេះថា លោកមានការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរយ៉ាងខ្លាំង ជាពិសេសក្នុងការដែលសម្រេចបាននូវការបោះបង្គោលព្រំដែន ចំនួន ៨៤% នាពេលកន្លងមក។
មេដឹកនាំកម្ពុជាដែលសល់ពីរបបយង់ឃ្នង លោក ហ៊ុន សែន លើកឡើងថា ប្រទេសទាំងពីរត្រូវតែបោះបង្គោលព្រំដែន ១៦% ទៀតឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព មានព្រំដែនស្ថិរភាពដែលបង្កលក្ខណៈងាយស្រួល ដល់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម ឲ្យបានល្អប្រសើរផងដែរ។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០ គីឡូម៉ែត្រ ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោលរួចរាល់ហើយ ដែលស្មើនឹង ៨៤% ខណៈ ១៦% ទៀត កំពុងចរចាគ្នានៅឡើយ ប៉ុន្តែភាគីវៀតណាម តែងតែជំរុញឱ្យមេដឹកនាំខ្មែរ លោក ហ៊ុន សែន ឯកភាពគ្នា ក្នុងការបោះបង្គោល ១៦% នេះឱ្យបានឆាប់រហ័ស។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន សែន បានជួបពិភាក្សាជាលក្ខណៈទ្វេភាគី ជាមួយមេដឹកនាំវៀតណាម លោក ផាម មិញជីញ មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកថា កាលពីឆ្នាំ២០១៩ កម្ពុជា និងវៀតណាមបានបោះបង្គោលព្រំដែន បានត្រឹមតែ ៨៤% ប៉ុណ្ណោះ ប៉ុន្តែរយៈពេល ២ឆ្នាំមកនេះ ប្រទេសទាំងពីរ បានចរចាបោះបង្គោលព្រំដែន បានចំនួន ៦% បន្ថែមទៀត ដែលភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាទទួលស្គាល់ នៅឆ្នាំ២០២២ នេះ ស្ថិតក្នុងតំបន់ដាក់ដាំ និងដាក់ហ៊ូត ខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ួនហ្វុក និងមេដឹកនាំខ្មែរ លោក ហ៊ុន សែន បានចុះហត្ថលេខារួមគ្នា ទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤% ខណៈបង្គោលដែលនៅសល់ ១៦% ទៀត កំពុងស្ថិតនៅជាចំណុច ដែលមិនទាន់ឯកភាពគ្នានៅឡើយ។
ជុំវិញមិត្តភាពកម្ពុជា-វៀតណាម ក្រៅពីការឯកភាពគ្នា ក្នុងការបោះបង្គោលព្រំដែន លោក ហ៊ុន សែន ក៏បានយល់ព្រមតាមសំណើរដ្ឋាភិបាលវៀតណាម ថានឹងពន្លឿននីតិវិធីដើម្បីផ្លាស់ប្ដូរលិខិតុបករណ៍ លើការផ្តល់សច្ចាប័ននៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែមនានាផងដែរ ក្នុងនោះ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់បន្ថែមថា ការផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែន រវាងកម្ពុជា-វៀតណាម ជាកិច្ចការចាំបាច់បំផុត ដែលប្រទេសទាំងពីរត្រូវតែសម្រេចឱ្យបាន។
ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា កម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគត ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែន មិនរឹងមាំប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀតផង ព្រោះថា លោក ហ៊ុន សែន ប្រឹងលុបដានប្រវត្តិសាស្ត្រព្រំដែនកម្ពុជា-វៀតណាម ដែលខ្លួនបានឃុបឃិត ដើម្បីលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយរំលោភបំពានលើខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររហូតមក៕
.