អត្ថបទ The Cambodia Daily
05-5-2022
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យពលរដ្ឋខ្មែរអាមេរិកាំង ពីតាមបណ្តារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនព្រមទម្លាក់ចោលការចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាព និងសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញទេនោះ។
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ (SMD – Student Movement for Democracy) លោក សារ៉ូ សូវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២ ឧសភា ថា ប្រសិនបើមុនការមកដល់សហរដ្ឋអាមេរិក លោក ហ៊ុន សែន បានបើកឱ្យមានលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយការដោះលែងអ្នកទោសមនសិការទាំងអស់ ជាពិសេសគឺដោះលែងលោក កឹម សុខា នោះលោកនឹងនាំគ្នា ទៅគាំទ្រវត្តមានរបស់លោក ហ៊ុន សែន ជាមិនខាន ហើយលោកនឹងថ្វាយបង្គំលោក ហ៊ុន សែន បីដងថែមទៀតបើលោក ហ៊ុន សែន អនុញ្ញាត។
លោកអះអាងថា លោកមិនចង់សម្ដែងមតិប្រឆាំង នឹងប្រមុខរដ្ឋាភិបាលកម្ពុជានោះទេ ព្រោះសុទ្ធតែជាខ្មែរមានឈាមជ័រដូចគ្នា ប៉ុន្តែដើម្បីសេរីភាព ដើម្បីយុត្តិធម៌សង្គម ដើម្បីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា លោកគ្មានជម្រើសណាក្រៅពីធ្វើបាតុកម្មដើម្បីជំរុញឱ្យលោក ហ៊ុន សែន បើកលំហលទ្ធិប្រជាធិបតេយ្យឱ្យបានទូលំទូលាយនោះឡើយ។
លោក សារ៉ូ សូវិជ័យ អះអាងថា បើទោះបីជាមន្ត្រីរដ្ឋាភិបាលខ្មែរ និងសារព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជា តែងនាំគ្នាចេញផ្សាយអត្ថបទ ឬធ្វើបទវិភាគ និងបទវិចារណកថា វាយប្រហារក្នុងខ្លឹមសារបង្ហាញពីការមិនចាត់ទុកសហរដ្ឋអាមេរិក ជាមិត្តក៏ដោយ ក៏សហរដ្ឋអាមេរិក មិនដែលចាត់ទុកកម្ពុជា ជាសត្រូវរបស់ខ្លួននោះដែរ ខណៈអាមេរិកបានផ្តល់ជំនួយជាបន្តបន្ទាប់ ដល់កម្ពុជារហូតមកទល់សព្វថ្ងៃនេះ។
លោករំឭកថា ក្នុងនាមកម្ពុជាជាប្រទេសមួយក្នុងតំបន់អាស៊ី ដូចប្រទេសដទៃទៀតដែរ រដ្ឋាភិបាលលោក ហ៊ុន សែន គួរពិចារណាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ ព្រោះកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលខាងមុខនេះ គឺជាការលើកមុខមាត់កម្ពុជាខ្លាំងណាស់ លើឆាកអន្តរជាតិ។ ប៉ុន្តែបើក្នុងឱកាសនោះ បែរជាមានពលរដ្ឋខ្មែរខ្លួនឯង នាំគ្នាបាតុកម្មប្រឆាំងសម្ដែងការមិនពេញចិត្ត នឹងការដឹកនាំរបស់ខ្លួនទៅវិញនោះ ក៏នឹងធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបាក់មុខ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះអសោច លើឆាកអន្តរជាតិដូច្នោះដែរ។
ជុំវិញបញ្ហានេះ ពលរដ្ឋខ្មែរពីទីក្រុង Philadelphia ទីក្រុង Lowell ពីរដ្ឋ Virginia រដ្ឋ Maryland Texas California និងបណ្តារដ្ឋជាច្រើនទៀតក្នុងសហរដ្ឋអាមេរិក អះអាងថា ពួកគេនឹងមកចូលរួមធ្វើបាតុកម្មប្រឆាំង នឹងវត្តមានរបស់លោក ហ៊ុន សែន ដែរ។
ការរៀបចំក្បួនធ្វើបាតុកម្មនេះ ពលរដ្ឋខ្មែរដែលមកពីរដ្ឋទាំងនោះបានអះអាងថា ពួកគេបានសរសេរអក្សរលើផ្ទាំងបដាជាច្រើនផ្ទាំង ដែលមានន័យខុសៗគ្នាថា «លោក ហ៊ុន សែន ត្រូវតែទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា!» «លោក ហ៊ុន សែន ត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ!» «លោក ហ៊ុន សែន ត្រូវតែគោរពរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ!» ឬ «លោក ហ៊ុន សែន ត្រូវតែបញ្ឈប់ការបន្តដាក់ប្រទេសកម្ពុជា នៅក្រោមឥទ្ធិពលរដ្ឋចិន!» ជាដើម។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នេះដែរថា ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សតាមរយៈនៃការដោះលែងសកម្មជនសង្គម ឬមេដឹកនាំប្រឆាំងឱ្យមានសេរីភាពឡើងវិញ មុននឹងមកជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ខាងមុខនេះ គឺបានបង្ហាញពីការតាំងចិត្តរបស់មេដឹកនាំខ្មែររូបនេះយ៉ាងច្បាស់ ពីការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បណ្ឌិត សូ ណារ៉ូ លើកឡើងថា ការធ្វើដំណើររបស់លោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពាក់កណ្តាលខែឧសភា នេះ ដោយមិនមានការសម្បទាន ក្នុងការបើកលំហសេរីភាពនយោបាយដល់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺជាការតាំងចិត្តយ៉ាងខ្លាំងក្លាមួយ ក្នុងការបង្កភាពអមិត្តរវាងកម្ពុជា និងអាមេរិក ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានចោទថា សហរដ្ឋអាមេរិករួមគំនិតក្បត់ ជាមួយមេដឹកនាំបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួនសព្វថ្ងៃនេះ។
លោកអះអាងថា ការមកចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិកនេះ មិនមែនលោក ហ៊ុន សែន មានតម្លៃរហូតដល់មេដឹកនាំសហរដ្ឋអាមេរិក អញ្ជើញឱ្យគាត់មកធ្វើជាសហប្រធាននោះទេ ប៉ុន្តែដោយសារតែគាត់ជាប្រធានអាស៊ានប្តូរវេនប៉ុណ្ណោះ។
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ដែលគេប្រសិទ្ធិនាមថាបុរសខ្លាំងដើរបញ្ច្រាសទិស លោក ហ៊ុន សែន បានចេញសេចក្តីប្រកាសព័ត៌មានថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងចាប់ផ្តើមធ្វើឡើង នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបញ្ជាក់ឡើងវិញ នូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការរក្សាអព្យាក្រឹតភាព និងការឯកភាពរបស់អាស៊ាន។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ឧសភា នេះថា ការជំរុញឱ្យមានបាតុកម្មទាមទារឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ គឺជារឿងត្រឹមត្រូវ ត្បិតកម្ពុជាមិនត្រូវបណ្តោយឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដឹកនាំតាមទំនើងចិត្តនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា ការចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ លោក ហ៊ុន សែន គ្មានជម្រើសណាក្រៅពីការលើកឡើង ពីបញ្ហាលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស ទាំងដែលខ្លួនជាមេដឹកនាំដែលបានរំលោភបំពានសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យតាមទំនើងចិត្តនោះទេ។
ចំណែកអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានប្រាប់ The Cambodia Daily នៅថ្ងៃទី៣ ឧសភា នេះដែរថា ដំណើររបស់លោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិក ធ្វើឲ្យពលរដ្ឋខ្មែរ-អាមេរិកាំងនឹកឃើញរឿងអយុត្តិធម៌នៅកម្ពុជា ដែលកំពុងតែកើតឡើងមួយចំនួន ក្នុងនោះរួមមាន ការចាប់លោក កឹម សុខា ដាក់គុក ការរំលាយគណបក្សសង្គ្រោះជាតិ ការបន្តបិទសិទ្ធិនយោបាយមន្ត្រីបក្សប្រឆាំង ជាពិសេសលោក កឹម សុខា ដែលជាដើមចមនៃ ការសម្លាប់ប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ នៅកម្ពុជាសព្វថ្ងៃនេះ ការចោទប្រកាន់ជ្រុលហួសហេតុ លើសហរដ្ឋអាមេរិក ថាបានឃុបឃិតជាមួយលោក កឹម សុខា ក្នុងផែនការក្បត់ជាតិ ការរៀបចំការបោះឆ្នោតតាំងពីឆ្នាំ២០១៨ ដល់ការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើម្បីបន្តប្លន់អំណាចទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ការបន្តប្រើអំណាចតាមទំនើងចិត្ត និងការរំលោភសិទ្ធិមនុស្សពាសពេញប្រទេស ក្នុងពេលបច្ចុប្បន្ននេះ។
លោក គឹម សុខ អះអាងថា ក្រៅពីរឿងក្ដីលោក កឹម សុខា គឺលោក ហ៊ុន សែន ត្រូវតែជម្រះឲ្យបានច្បាស់លាស់អំពីការសង្ស័យមូលដ្ឋានកងទ័ពចិន នៅកម្ពុជា ត្បិតសំណុំរឿងនេះកាន់តែសំខាន់ជាងករណីណាៗទាំងអស់សម្រាប់អាមេរិក ក្នុងស្ថានភាពពិភពលោក កំពុងតែច្របូកច្របល់បច្ចុប្បន្ននេះ ព្រោះថាសហរដ្ឋអាមេរិកត្រូវការធានាថា សន្តិសុខក្នុងតំបន់ និងពិភពលោក នឹងមិនកាន់តែអាក្រក់ជាងបច្ចុប្បន្ននេះទេ។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលបានសម្រេចធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខនេះ ត្រូវបានពន្យារពេលពីរលើករួចមកហើយ គឺលើកទី០១ នៅដើមខែកុម្ភៈ និងលើកទី០២ នៅចុងខែមីនា ឆ្នាំ២០២២ កន្លងទៅ ខណៈរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ មានកម្តៅ ឬត្រជាក់យ៉ាងណានោះ គេនៅមិនទាន់អាចកំណត់បាននៅឡើយទេ ប៉ុន្តែលោក ហ៊ុន សែន ត្រូវប្រឈមនឹងការធ្វើបាតុកម្ម ពីពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក គឺចៀសមិនផុតនោះឡើយ៕