ក្នុងដំណើរទស្សនកិច្ចទៅវៀតណាមនេះ លោក ហ៊ុន សែន នៅថ្ងៃទី ០៥ តុលា ២០១៩ បានព្រមព្រៀងជាមួយភាគីវៀតណាម ចុះហត្ថលេខារួមគ្នាទៅលើ «សន្ធិសញ្ញាព្រំដែនបំបេញបន្ថែម ឆ្នាំ២០១៩» ដើម្បីទទួលស្គាលលទ្ធផលបោះបង្គោលព្រំដែនបាន ៨៤% រួចហើយ។ សន្ធិសញ្ញាថ្មីនេះ តម្រវឲ្យរដ្ឋសភាកម្ពុជា និងព្រះមហាក្សត្រ នរោត្ត សីហមុនី ផ្តល់ច្ចាប័នផងទៀត។ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាថ្មីនេះ នៅថ្ងៃទី ០៥ ធ្នូ ២០១៩ (សូមទាញយកសន្ធិសញ្ញា)។ / CWCI Cambodia / Updated 06th-12-2019
(អត្ថបទដោយ នគរ នៃ CWCI Cambodia / 03 rd-10-2019)
………………..
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅទស្សនកិច្ច ២ ថ្ងៃ (ទី០៤ និងទី០៥ តុលា) នៅប្រទេសវៀតណាម ដើម្បីចុះហត្ថលេខារួមគ្នាជាមួយមេដឹកនាំវៀតណាម ទៅលើលទ្ធផលនៃការបោះបង្គោលព្រំដែនបាន ៨៤% រួចហើយ។ នេះបើតាមលោក បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅសាកលវិទ្យាល័យមួយ ក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។
គេហទំព័រវិទ្យុសម្លេងស្រ្តី WMC បានដកស្រង់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ចុះផ្សាយថ្ងៃទី ០១ ខែតុលា បានឲ្យដឹងថាលោក ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ហើយបន្ទាប់មកលោក ត្រូវចូលរួមនៅក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រត្តិបត្តិការមួយចំនួនទៀត។ នៅរសៀលថ្ងៃដដែល ប្រមុខរដ្ឋាភិបាលទាំងពីរ នឹងធ្វើសហប្រធានសន្និសីទដោយជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំង២។ បន្ទាប់មក លោក ហ៊ុន សែន នឹងចូលជួបសម្តែងការគួរសម ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្ត និងប្រធានាធិបតី លោក Nguyen Phu Trong ។
នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា មេដឹកនាំទាំងពីរ នឹងទៅគោរពសព ហូ ជីមិញ ក្នុងវិមានរក្សាអដ្ឋិធាតុរបស់លោក នៅក្នុងទីក្រុងហាណូយ រួចមកលោក ហ៊ុន សែន និងមេដឹកនាំវៀតណាម នឹងដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពី «បញ្ហាព្រំដែន រវាងប្រទេសទាំង២ ដែលបានបោះបង្គោលព្រំដែន ៨៤% រួចហើយ»។
គួរបញ្ជាក់ថា ការបោះព្រំដែនជាមួយវៀតណាម តាំងពីឆ្នាំ២០០៦ មក បោះស្របតាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ បានធ្វើឡើងដោយភាពចម្រូងចម្រាស់បំផុត ដែលគ្រានោះ លោក ហ៊ុន សែន បានគំរាមកំហែងដល់ព្រះមហាក្សត្រ ការព្រមានប្តូររបបដឹកនាំ និងការចាប់ខ្លួនសកម្មជនព្រំដែន ដាក់ពន្ធនាគារ។
ក្រុមអ្នកជំនាញការព្រំដែនខ្មែរ នៅប្រទេសបារាំង និងសកម្មជនព្រំដែននៅក្រៅប្រទេស បានប្រឆាំងជំទាស់ដាច់អហង្កាតាំងដើមដំបូង នូវសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥, ការកំណត់យកផែនទីព្រំដែន និងឯកសារពាក់ព័ន្ធ ក្នុងការបោះបង្គោលព្រំដែន ជាមួយវៀតណាមនោះ វាបានផ្ទុយមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ព្រមទាំងផ្ទុយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយថា «ចាញ់ប្រៀបវៀតណាម និង ធ្វើឲ្យបាត់បង់បូរណភាពទឹកដីខ្មែរ»។
ជាលទ្ធផល ពលរដ្ឋខ្មែរ រស់នៅតាមបណ្តាយព្រំដែន បានរងការបាត់បង់ដីស្រែចំការរបស់ខ្លួន ទៅខាងវៀតណាម។ ហើយភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) ត្រូវធ្លាក់ចូលក្នុងទឹកដីវៀតណាម បន្ទាប់ពីការបោះបង្គោលព្រំដែនថ្មី ដែលបានរំកិលចូលក្នុងទឹកដីខ្មែរ។ ប៉ុន្តែភូមិកំណើតលោក ហេង សំរិន នោះ ត្រូវប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាល លោក វ៉ា គឹមហុង បានបញ្ជាក់អះអាងនាឆ្នាំកន្លងទៅថា «បានដោះដូរមកវិញ»។ ករណីនេះ ត្រូវបានក្រុមសកម្មជនព្រំដែន ហៅការដោះដូរនោះថា «យកដីខ្មែរ ទៅដោះដូរជាមួយយួន ដើម្បីយកដីខ្មែរ»។
លោក ហ៊ុន សែន ថ្លែងនៅថ្ងៃទី០២ ខែតុលា ថាផែនទីព្រំដែនរវាងកម្ពុជា និង វៀតណាម ត្រូវបានបោះពុម្ពជាថ្មី នៅប្រទេសដាណឺម៉ាក (Denmark) {បំឡែងខ្នាត ឬផ្ទេរខ្នាតផែនទី ដើម្បីតម្រូវតាមការចង់បានរបស់វៀតណាម} ហើយស្នើសុំអ្នកបច្ចេកទេសពីប្រទេសបារាំង និងឯកសារពាក់ព័ន្ធផង ក្នុងការបោះបង្គោលព្រំដែននេះ។ លោក ហ៊ុន សែន បន្ថែមថា រឿងព្រំដែន ជាមួយប្រទេស ឡាវ ក៏ត្រូវបានស្នើទៅប្រធានាធិបតីបារាំង ដូចបានធ្វើជាមួយវៀតណាមដែរ។
អតីតសមាជិករដ្ឋសភា លោក អ៊ុំ សំអាន បានលើកឡើងអំពីរឿងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ប្រាប់វិទ្យុអាមេរិក VOA កាលពីចុងខែសីហា ឆ្នាំ២០១៩ ថា «រឿងព្រំដែនខ្មែរ ជាមួយយួន {វៀតណាម} ក៏រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី ដែលតម្កល់នៅប្រទេសយួន។ ហើយផែនទីទាំងនោះ រៀបចំដោយយួន ភ្ជាប់នឹងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ សម័យយួនគ្រប់គ្រងកម្ពុជា។ ផែនទីទាំងនោះ មានមួយចំនួន មានត្រាយួន គ្មានត្រាខ្មែរទេ។ ផែនទីទាំងនោះ ត្រូវបានគេចម្លង នៅប្រទេសវៀតណាម ពីផែនទីបោន (Bonne) ខ្នាត 1/100.000 ទៅផែនទី UTM ខ្នាត 1/50.000 ស្របតាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ។ ផែនទីបោន គូសដោយបារាំង កំណត់ព្រំដែនជាមួយយួន មានតម្កល់នៅប្រទេសបារាំង និងអង្គការសហប្រជាជាតិ»។
មេដឹកនាំក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ លោក ម៉ែន ណាត បានប្រាប់កាសែត The Cambodia Daily ពីចុងខែកក្កដា ឆ្នាំ២០១៩ ថា «ការបំឡែង ឬផ្ទេរខ្នាតផែនទី វាផ្ទុយរដ្ឋធម្មនុញ្ញ វាខុសច្បាប់ទៅហើយ។ ដូច្នេះការដោះស្រាយជម្លោះព្រំដែន ជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម គឺមានតែ «ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ»។
គួររំលឹកថាប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល លោក វ៉ា គឹមហុង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ បានថ្លែងទទួលស្គាល់ថា «ផែនទីព្រំដែន បានបោះពុម្ពនៅប្រទេសវៀតណាម»។ ហើយលោក គឹមហុង បានថ្លែងសារភាពជាថ្មីម្តងទៀត នៅក្រសួងមហាផ្ទៃ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ថា «បញ្ហាព្រំដែន នៅ ព្រែកវិញតេ ឬព្រែកក្របៅ {ខែត្តតាកែវ និងកំពត} ភាគីកម្ពុជា ស្នើសុំប្រើផែនទីបារាំង ដែលកំណត់ព្រំដែន នៅលើមាត់ព្រែក ក៏ប៉ុន្តែភាគីវៀតណាម មិនព្រម»។
បើតាមរបាយការណ៍របស់អតីតគ្គមេបញ្ញាការកងទ័ព លោក កែ គឹមយ៉ាន នៅខែសីហា ឆ្នាំ១៩៩៩ បានសរសេរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ញាក់ថា «វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅក្បែរចំណុចច្រកទ្វារ ភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ»។ (សូមអានបន្ថែម៖ កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង្ស តាកែវ)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គណៈកម្មាធិការព្រំដែនម្ពុជា ប្រទេសបារាំង និងសកម្មជនព្រំដែនខ្មែរ បន្តជំរុញឲ្យកម្ពុជា ដោះស្រាយបញ្ហាព្រំដែននេះ តាមយន្តការអន្តរជាតិ ដែលរួមមានម្ចាស់ហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តជាតិ៕

.