The Cambodia Daily
8th-7-2023
រដ្ឋាភិបាលវៀតណាម ប្ដេជ្ញាបន្តរក្សាព្រំដែនសន្តិភាព ជាមួយកម្ពុជា ជុំវិញការគ្រប់គ្រង និងការពារព្រំដែន ឱ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម នៅតំបន់ព្រំដែន ឲ្យបានល្អប្រសើរ ដើម្បីឱ្យខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែងទៅថ្ងៃអនាគត។
សារព័ត៌មានយុវជន (Tuoi Tre) នៃប្រទេសវៀតណាម បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang កាលពីដើមសប្តាហ៍នេះថា ប្រទេសវៀតណាម និងកម្ពុជា តែងតែសហការគ្នាយ៉ាងជិតស្និទ្ធ លើបញ្ហានៃការគ្រប់គ្រង និងការការពារព្រំដែន សន្តិសុខសណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែន តាំងពីដើមរហូតមក មិនដែលមានបញ្ហានឹងគ្នានោះទេ។
ការអះអាងរបស់អ្នកនាំពាក្យ នៃក្រសួងការបរទេសវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ពង្រាយកងទ័ព នៅតាមតំបន់ព្រំដែន ជាប់ប្រទេសវៀតណាម ក្រោយមានការអះអាងថា មានដ្រូន (Drones) បើកហោះចូលទឹកដីកម្ពុជា កាលពីពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធសំខាន់ៗ ត្រៀមកាំភ្លើងសម្រាប់បាញ់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ដែលស្ថិតនៅជាប់ព្រំដែនវៀតណាម នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។
មេដឹកនាំខ្មែរ លោក ហ៊ុន សែន បញ្ជាក់ថា ដ្រូនទាំងនោះ មិនមែនជាដ្រូនរបស់រដ្ឋាភិបាលវៀតណាមទេ ប៉ុន្តែលោកដាក់ការសង្ស័យថា ដ្រូនទាំងនោះ គឺជាដ្រូនរបស់ជនជាតិវៀតណាម ភាគតិចដេហ្គា ក្នុងនោះលោក ហ៊ុន សែន បញ្ជាក់ថា អង្គភាពណាដែលបានអាចបាញ់ទម្លាក់ដ្រូននោះបាន លោកនឹងផ្តល់រង្វាន់ ២០ ម៉ឺនដុល្លារអាមេរិកក្នុង ១គ្រឿង ព្រោះលោកចង់ដឹងថា ដ្រូនទាំងនោះ ជាដ្រូនរបស់ប្រទេសណា ហើយលោកនឹងប្តឹងទៅអង្គការសហប្រជាជាតិ តែម្តង ពីការរំលោភដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានដ្រូនណាមួយ ត្រូវបានបាញ់ទម្លាក់នោះឡើយ។
បញ្ហាយន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជានេះ បានកើតឡើងនៅក្នុងខេត្តរតនគិរី ដែលស្ថិតនៅភាគខាងកើត នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ខេត្ត Dak Lak, Dak Nong និង Binh Phuoc ក្នុងតំបន់ខ្ពង់រាបភាគកណ្តាល នៃប្រទេសវៀតណាម ដែលស្ថិតនៅចន្លោះរវាងខ្សែបន្ទាត់ព្រំដែនគោក នៃប្រទេសទាំងពីរ ដែលមានប្រវែងសរុបជាង ១១០០គីឡូម៉ែត្រ។
ជុំវិញព្រឹត្តិការណ៍ដ្រូនហោះចូលទឹកដីកម្ពុជានេះ ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងថា បើចង់ដឹងថាដ្រូននោះ ជាដ្រូនរបស់ក្រុមជនជាតិវៀតណាមភាគតិច ឬក៏អត់ លោក ហ៊ុន សែន គួរតែស្នើភាគីវៀតណាម ឱ្យជួយបាញ់ដ្រូននោះជាមួយកម្ពុជា ព្រោះថា រដ្ឋាភិបាលវៀតណាម ក៏ចង់កម្ចាត់ជនជាតិភាគតិចទាំងនោះដែរ ដូច្នេះចាំមើលថា តើរដ្ឋាភិបាលវៀតណាម ហ៊ានសហការបាញ់ដ្រូននោះ ឬក៏អត់។
លោក គឹម សុខ បញ្ជាក់ថា ពលរដ្ឋខ្មែរក៏ត្រូវចាំមើលដែរថា តើលោក ហ៊ុន សែន ហ៊ានស្នើឲ្យរដ្ឋាភិបាលវៀតណាម សហការបាញ់ដ្រូននោះជាមួយខ្លួន ឬក៏អត់ផងដែរ ព្រោះថា បើភាគីវៀតណាម ក៏មិនហ៊ានសហការ ហើយលោក ហ៊ុន សែន ក៏មិនហ៊ានស្នើឱ្យភាគីវៀតណាម បាញ់ដ្រូននោះ គឺមានន័យថា ដ្រូនទាំងនោះ មិនមែនជារបស់ក្រុមជនជាតិវៀតណាម ភាគតិចនោះទេ គឺជាដ្រូនរបស់វៀតណាម ឬជាដ្រូនរបស់ លោក ហ៊ុន សែន ខ្លួនឯងប៉ុណ្ណោះ៕