The Cambodia Daily
15-12-2022
ក្រុមអ្នកឃ្លាំមើលនិយាយថា គ្រប់ជំនួបទាំងអស់រវាងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន និងមេដឹកនាំវៀតណាម រាល់ពេលមានកិច្ចប្រជុំនៅក្រៅប្រទេស គឺសុទ្ធសឹងតែជាផែនការឃុបឃិតគ្នាក្នុងការឈ្លានពានទឹកដីខ្មែរដែលពួកគេមានចេតនាលាក់បាំងពីពលរដ្ឋខ្មែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃអង្គារ ទី១៣ ធ្នូ ថា ជាភស្តុតាងជាក់ស្តែង រាល់ជំនួបនៅក្រៅប្រទេសជាលក្ខណៈទ្វេភាគីរវាងមេដឹកនាំវៀតណាមជាមួយលោក ហ៊ុន សែន កន្លងមក បានសម្បទាននូវសំណើជាច្រើនដល់រដ្ឋាភិបាលក្រុងហាណូយ ដូចជាសំណើសុំឱ្យជនអន្តោប្រវេសន៍វៀតណាមមានប័ណ្ណស្នាក់នៅដោយស្របច្បាប់នៅកម្ពុជា និងសំណើសុំបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីពេលថ្មីៗនេះ ជាដើម។
លោក ម៉ែន ណាត ត្អូញត្អែរថា រដ្ឋាភិបាលដែលចិញ្ចឹមមហិច្ឆតារំលោភទឹកដីកម្ពុជា នឹងមិនបណ្តោយឱ្យមេដឹកនាំខ្មែរ លោក ហ៊ុន សែន ដឹកនាំប្រទេសស្រេចតែនឹងចិត្តរហូតភ្លាត់ចេញពីផែនការលេបត្របាក់ទឹកដីខ្មែររបស់ពួកគេនោះទេ។ ដូច្នេះ ការជួបគ្នាជាលក្ខណៈទ្វេភាគី រាល់ពេលមានកិច្ចប្រជុំនៅក្រៅប្រទេសជាបន្តបន្ទាប់មកនេះ គឺបង្ហាញពីចេតនារបស់វៀតណាមកាន់តែបង្កើនការប្រុងប្រយ័ត្នលើលោក ហ៊ុន សែន កាន់តែខ្លាំងជុំវិញផែនការឈ្លានពានកម្ពុជារបស់ពួកគេទៅថ្ងៃមុខ។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងប្រើលោក ហ៊ុន សែន ដែលកំពុងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ ឱ្យជួយដល់ពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ ឱ្យទៅជាស្របច្បាប់កាន់តែច្រើនឡើងៗ រហូតពលរដ្ឋវៀតណាមខុសច្បាប់ទាំងនោះ ទទួលបានសញ្ជាតិខ្មែរពេញលេញនៅថ្ងៃអនាគត។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ក្នុងនោះ លោក ហ៊ុន សែន ប្រកាសថា លោកនឹងជួបជាមួយមេដឹកនាំវៀតណាមផងដែរ ក្រៅតែពីជួបជាមួយអ្នកគាំទ្រនៅអឺរ៉ុប និងជួបជាមួយមេដឹកនាំប្រទេសមួយចំនួនទៀតនៅទីនោះ។
គេសង្កេតឃើញថា រាល់កិច្ចប្រជុំនៅក្រៅប្រទេស លោក ហ៊ុន សែន តែងមានជំនួបទ្វេភាគី ជាមួយមេដឹកនាំវៀតណាមជាប់ជានិច្ច។ ជាក់ស្តែង មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ ក៏បានជួបលោក ហ៊ុន សែន ជាលក្ខណៈទ្វេភាគីផងដែរ ដោយមានការស្នើសុំឱ្យលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកជាការរស់នៅដោយស្របច្បាប់វិញ ខណៈមេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានយល់ព្រមនឹងសំណើនេះទាំងស្រុង។
ជាងនេះទៀត កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាគ្នាលក្ខណៈទ្វេភាគីដែរ ដែលបានពិភាក្សាគ្នា អំពីការដោះស្រាយបញ្ហាបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដែលនៅសេសសល់អំឡុងពេលពួកគេ ទៅចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយឯករាជ្យ លោក គឹម សុខ លើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ចាប់តាំងពីលោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុប កាលពីឆ្នាំ១៩៨៥ មក គាត់តែងប្រកាសពីការដឹកនាំតាមជំហានគីង្គក់ ប៉ុន្តែជំហានគីង្គក់ដែលគាត់បានប្រើជាង ៤០ឆ្នាំមកនេះ លោតមិនដែលចំណេញដល់ជាតិខ្មែរម្តងឡើយ មានតែវិនាសហិនហោចទៅបរទេសជិតខាង និងវិនាសដោយសារអំពើពុករលួយ ក្រោមរដ្ឋាភិបាលរបស់គាត់ប៉ុណ្ណោះ។
លោក គឹម សុខ រៀបរាប់ថា ជំហានគីង្គក់របស់លោក ហ៊ុន សែន លោតទៅកន្លែងណា គឺរលាយកន្លែងនោះ ដូចជាលោតទៅបឹងកក់ វិនាសហិនហោចលំនៅឋានរបស់ពលរដ្ឋនៅបឹងកក់ លោតទៅព្រំដែន បាត់ព្រំដែនទៅខាងវៀតណាម លោតទៅដែនសមុទ្រ បាត់ដែនសមុទ្រទៅខាងវៀតណាម លោតទៅកោះត្រល់ បាត់កោះត្រល់ទៅខាងវៀតណាម លោតទៅខាងនយោបាយការទូតក្រៅប្រទេស គឺទៅសេពគប់តែជាមួយពួកកុម្មុយនីស្តផ្ដាច់ការ និងជំពាក់បំណុលគេវ័ណ្ឌក ជាដើម៕
.