The Cambodia Daily
14-11-2023
មុននឹងលាលែងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា មេដឹកនាំខ្មែរ ដែលកងទ័ពវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចុះហត្ថលេខាស្នើសុំសញ្ជាតិខ្មែរ ឱ្យជនជាតិវៀតណាមខុសច្បាប់ យ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០២៣ នេះ ដែលពួកគេបានរស់នៅលើទឹកដីកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ មក។
ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ សីហមុនី បានចេញព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរ ដល់ជនជាតិវៀត ណាម ជាបន្តបន្ទាប់ តាមច្បាប់សញ្ជាតូបនីយកម្ម នៅដើមឆ្នាំ២០២៣ នេះ តាមការស្នើសុំរបស់លោក ហ៊ុន សែន ដល់ជនជាតិវៀតណាមខុសច្បាប់ រាប់សិបនាក់ និងបានប្តូរឈ្មោះតាមលំនាំខ្មែរថែមទៀត ដូចជាជនជាតិវៀត ណាម ឈ្មោះ ណុង វ៉ាន់គីម ប្តូរមកជា រិទ្ធិ សម្បត្តិ ឈ្មោះ ង្វៀន វ៉ានទីវ ប្តូរឈ្មោះមកជា ហួរ សុធី ឈ្មោះ ហ្វាម ធានហ្វុក ប្តូរឈ្មោះមកជា ធេង ឧត្តម និងឈ្មោះ ង្វៀន ឈីវធីញហ៊ុង ប្តូរឈ្មោះមកជា មាន បញ្ញា ជាដើម។
ជាងនេះទៀត ជនជាតិវៀតណាម ឈ្មោះ ង្វៀន ឌុកអញ បានប្តូរឈ្មោះមកជា ហេង តារា ឈ្មោះ ទ្រឿង ហ័ងលីន ជាជនជាតិវៀតណាមសញ្ជាតិថៃ មិនបានប្តូរឈ្មោះមកជាខ្មែរទេ ប៉ុន្តែក៏ទទួលបាននូវសញ្ជាតិខ្មែរផងដែរ រួមនិងជនជាតិវៀតណាមច្រើនរាប់មិនអស់ផ្សេងទៀត។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពីការអនុវត្តគោលនយោបាយ ចំពោះនិគមជនវៀតណាម នៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ហើយសារាចរនេះ នៅតែមានសុពលភាពរហូតដល់សព្វថ្ងៃនេះ ហើយកម្ពុជា ក៏កំពុងតែអនុវត្តនូវការផ្តល់សិទ្ធិរស់នៅ ដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ លើទឹកដីរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។
ទាក់ទិននឹងបញ្ហានេះ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc នៅកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២១ បានប្ដេជ្ញាក្នុងកិច្ចប្រជុំមួយ នៅក្នុងស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញថា លោកនឹងសម្របសម្រួលឱ្យពលរដ្ឋវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ក្លាយជាពលរដ្ឋរស់នៅកម្ពុជា ដោយស្របច្បាប់វិញ ឲ្យខាងតែបាន។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជីញ បានសុំឱ្យលោក ហ៊ុន សែន ជួយដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកជាការរស់នៅដោយស្របច្បាប់វិញ ខណៈលោក ហ៊ុន សែន បានយល់ព្រមនឹងសំណើនេះទាំងស្រុង។
ទាក់ទិននឹងការផ្តល់សញ្ជាតិដល់ជនជាតិវៀតណាម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង អំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅសាធារណរដ្ឋប្រជាមានិតចិន បានស្នើឱ្យលោក ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌកាន់តែងាយស្រួល សម្រាប់សហគមន៍វៀតណាម នៅកម្ពុជា ទាំងការរស់នៅ ការធ្វើការងារ ព្រមទាំងដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ ឱ្យបានកាន់តែល្អប្រសើរថែមទៀត ខណៈនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏មិនបានបដិសេធនឹងសំណើនេះដែរ។
កាលពីអំឡុងឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចេញផ្សាយរបាយការណ៍របស់ខ្លួនថា ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២២ កន្លងទៅ ជនបរទេសដែលបានសុំចូលសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម និងតាមរយៈនៃការបរិច្ចាគប្រាក់ ឱ្យដល់រដ្ឋាភិបាលកម្ពុជា មកទល់នឹងឆ្នាំ២០២២ កន្លងទៅនេះ គឺមានចំនួនសរុបដល់ជាង ២ពាន់នាក់ហើយ (២៥២៨ នាក់) ដែលមកពីសញ្ជាតិដើមចំនួន ៥០ ខុសៗគ្នា។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ វិច្ឆិកា នេះថា រដ្ឋាភិបាលកម្ពុជា នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីជំនាន់លោក ហ៊ុន សែន ដែលជាឪពុក បន្តដល់កូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត មិនដែលហ៊ានសើរើ ឬអនុវត្តច្បាប់សញ្ជាតិរបស់កម្ពុជានោះទេ ពីព្រោះការជួយសម្រួលដល់ជនជាតិវៀតណាម គឺជាថ្នូរទទួលបានការជួយជ្រោមជ្រែងអំណាចយ៉ាងធំ សម្រាប់លោក ហ៊ុន សែន ដើម្បីបន្តឱ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីខ្មែរ នៅពេលនេះ។
លោក ម៉ែន ណាត លើកឡើងថា ពលរដ្ឋខ្មែរមិនអាចដាក់ក្តីសង្ឃឹមលើរដ្ឋាភិបាលថ្មី ដែលជាកូនៗរបស់មេដឹកនាំចាស់ៗកាលពីមុនបានទេ ព្រោះពួកគេកំពុងតែអនុវត្តនូវការដឹកនាំ ដែលគ្មានស្មារតីជាតិដូចឪពុករបស់ពួកគេដែរ ខណៈមេដឹកនាំវៀតណាម តែងបញ្ជ្រាបនយោបាយប្រជាសាស្ត្រ ដោយការបង្ហូរជនជាតិរបស់គេ ឱ្យចូលទៅរស់នៅលើទឹកដីរបស់ខ្មែរ ដោយយកចិត្តទុកដាក់ជាទីបំផុត៕
