The Cambodia Daily
10th-11-2022

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​ក្នុង​ការ​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​បាន​បោះ​បង្គោល​ព្រំដែន​រួច​ចំនួន ៨០%។

ការ​លើកឡើង​របស់​ស្ថានទូត​វៀតណាម​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ទ្វេភាគី​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

យោង​តាម​ហ្វេសប៊ុក​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា សរសេរ​នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា នេះ​ថា ក្នុង​ជំនួប​នោះ កម្ពុជា-វៀតណាម​បាន​ឯកភាព​គ្នា​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​ព្រំដែន ​ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បន្ត​ជំរុញ​ការ​ចរចា និង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ ដែល​សមស្រប​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​គោក ​នៅ​សល់ ១៦% ទៀត។

ទន្ទឹម​នឹង​នោះ កម្ពុជា-វៀតណាម​ នឹង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​បន្ថែម​ក្នុង​ស្មារតី​សាមគ្គីភាព និង​មិត្តភាព រួម​ចំណែក​កសាង​ព្រំដែន​វៀតណាម-កម្ពុជា​ ប្រកប​ដោយ​សន្តិភាព ស្ថិរភាព និង​សហប្រតិបត្តិការ។

ក្រៅពី​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​នោះ មេដឹកនាំ​វៀតណាម ក៏​បាន​ស្នើ​លោក ហ៊ុន សែន ឲ្យ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​បន្ថែម​ទៀត​ សម្រាប់​សហគ្រាស​វៀតណាម ចូល​មក​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ប្រកប​ដោយ​ស្ថិរភាព និង​យូរ​អង្វែង ដោយ​ឈរ​លើ​មូលដ្ឋាន​ នៃ​ការ​ផ្ដល់​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក។

លោក ផាម មិញជីញ (Pham Minh Chinh) បាន​អរគុណ​លោក ហ៊ុន សែន ដែល​បន្ត​យកចិត្ត​ទុកដាក់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​​បន្ថែម​ទៀត ​សម្រាប់​សហគមន៍​វៀតណាម រស់នៅ និង​ធ្វើ​ការ​ប្រកប​ដោយ​ស្ថិរភាព និង​ស្រប​ច្បាប់​នៅ​កម្ពុជា រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​នៃ​ប្រទេស​សាមី និង​រួម​ចំណែក​រឹត​បន្តឹង​ទំនាក់ទំនង​មិត្តភាព​ប្រទេស​ជិតខាង ​រវាង​ប្រជាជាតិ​ទាំង​​ពីរ។

ក្រៅពី​លើក​រឿង​ព្រំដែន និង​សេដ្ឋកិច្ច ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ ជំរុញ​ការ​តភ្ជាប់​ខឿន​សេដ្ឋកិច្ច​ទាំង​ពីរ ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង ក៏ដូចជា​ច្បាប់ គោលនយោបាយ គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ឯករាជ្យ ស្វ័យភាព​នៅ​ប្រទេស​នីមួយៗ ព្រមទាំង​ធានា​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​យ៉ាង​ទូលំទូលាយ ​ប្រកប​ដោយ​ប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ទំនាក់ទំនង​កម្ពុជា-វៀតណាម ចាប់តាំងពី​ឆ្នាំ​១៩៨៥ ដែល​កងទ័ព​វៀតណាម បាន​លើក​បន្តុប​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន មក រាល់​ជំនួប​ទាំងអស់​ គ្មាន​អ្វី​ក្រៅ​ការ​ចរចា និង​​រក​ល្បិច​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ឈ្លានពាន​កម្ពុជា​នោះ​ទេ ខណៈ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ក៏​មិន​ដែល​បដិសេធ​​រាល់​សំណើ​ក្នុង​ចេតនា​ឈ្លានពាន​របស់​មេដឹកនាំ​វៀតណាម នោះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម លោក ផាម មិញជីញ ទៅ​ជួប​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​នៅ​មុន​កិច្ចប្រជុំ​អាស៊ាន​នៅ​ពេលនេះ គឺ​ដើម្បី​រំឭក និង​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​បន្ត​ទៀត ​ជុំវិញ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ជា​លក្ខណៈ​ទ្វេភាគី​នានា មុន​កម្ពុជា​ត្រូវ​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ នេះ៕

—————

នាយករដ្ឋមន្ត្រី​វៀតណាម ​ទស្សនកិច្ច​ផ្លូវការ​​នៅ​កម្ពុជា ​ពីរ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន

The Cambodia Daily
09th-11-2022

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ មក​ដល់​រាជធានី​ភ្នំពេញ​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ​ជា​លើកដំបូង​នៅ​កម្ពុជា មុន​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ស្រប​ពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​របស់​លោក ផាម មិញជីញ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ នៅ​កម្ពុជា បើ​គិត​ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ របស់​ប្រទេស​វៀតណាម នៅ​ខែ​មេសា ឆ្នាំ​២០២១។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម​ភាគី​កម្ពុជា-វៀតណាម នឹង​ពិភាក្សា​គ្នា​ ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តាម​តំបន់​សម្រាប់​ការ​ដោះស្រាយ​ជា​រួម។ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​រូប​នេះ ក៏​ស្រប​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត ​រវាង​ប្រទេស​ទាំង​ពីរ ​ដែល​ត្រូវ​បាន​កំណត់​ជា «ឆ្នាំ​មិត្តភាព​កម្ពុជា-វៀតណាម» ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ ​ក្នុង​កម្រិត​ចង្អៀត​ជា​កិច្ចប្រជុំ​ ដែល​មាន​តែ​នាយករដ្ឋមន្ត្រី និង​អ្នក​បកប្រែ​ប៉ុណ្ណោះ។ បន្ទាប់​មក កិច្ចប្រជុំ​ទ្វេភាគី​កម្រិត​ទូលាយ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ។

ក្រោយ​ពេល​បញ្ចប់​កិច្ចពិភាក្សា​ការងារ​ហើយ​នោះ លោក ហ៊ុន សែន និង​លោក ផាម មិញជីញ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន ១១ មាន​ដូចជា ៖

  1. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ប្រភេទ និង​បរិមាណ​យានយន្ត​ពាណិជ្ជកម្ម ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង និង​ពិធីសារ​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម សម្រាប់​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​គោក។
  2. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​កសិកម្ម។
  3. កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​រដ្ឋាភិបាល​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។
  4. កិច្ច​អនុវត្ត​រួម​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ស្ដីពី​កិច្ចប្រតិបត្តិការ​រដ្ឋបាល​រួម​គ្នា។
  5. និង​ការ​ចុះ​អនុស្សរណៈ​នៃ ​ការ​យោគយល់​គ្នា​លើ​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លងមក​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​​វៀតណាម លោក ផាម មិញជីញ ទៅ​ជួប​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​នៅ​មុន​កិច្ចប្រជុំ​អាស៊ាន​ ​នៅ​ពេលនេះ គឺ​ដើម្បី​រំឭក និង​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​បន្ត​ទៀត​ជុំវិញ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ ជា​លក្ខណៈ​ទ្វេភាគី​នានា មុន​កម្ពុជា​ត្រូវ​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២២ នេះ។

លោក​បន្ត​ទៀត​ថា មាន​រឿង​សំខាន់ ​៣ ដែល​មេដឹកនាំ​វៀតណាម ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​ក្នុង​ជំនួប​ទ្វេភាគី​ខាងមុខ​នេះ គឺ៖

  1. រឿង​បោះ​បង្គោល​ព្រំដែន
  2. រឿង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់
  3. រឿង​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ នៅ​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​ នៅ​ពេល​នេះ៕