RFA Khmer /ដោយ សុ ជីវី
22-11-2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា ជំនួបទ្វេភាគីរវាងលោក ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺលោក ចូ បៃឌិន បានប្រាប់លោក ទៅឱ្យបើកលំហប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ឡើងវិញ។ ប៉ុន្តែ លោក ហ៊ុន សែន បដិសេធថា មេដឹកនាំសហរដ្ឋអាមេរិក មិនបានទាមទារមានការដោះលែងអ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កញ្ញា សេង ធារី នោះទេ។ ទោះយ៉ាងណាក្ដី អ្នកឃ្លាំមើលថា ការអះអាងរបស់លោក ហ៊ុន សែន អាចជាការបន្លំការពិត ដើម្បីលាក់បាំងភាពអាម៉ាស់របស់លោក ប៉ុណ្ណោះ។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមនិយាយថា ជំនួបរវាងលោក ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) គឺមិនមែនលោក ចូ បៃឌិន មកប្រដៅលោកដល់ផ្ទះក្ដី ប៉ុន្តែ លោកទទួលស្គាល់ថា លោក ចូ បៃឌិន បាននិយាយជាមួយលោក ពាក់ព័ន្ធលំហប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុន សែន បន្តទៀតថា ប្រធានាធិបតីអាមេរិក មិនបានលើកឡើងបញ្ហាបុគ្គល នៃក្រុមសកម្មជនកំពុងជាប់ឃុំនោះទេ ៖
«ខ្ញុំដូចជាមិនយល់ដែរ តើអ្នកណាបញ្ចេញព័ត៌មានហ្នឹង ហើយតើព័ត៌មានហ្នឹង អ្នកណាអ្នកសរសេរ បើប្រធានាធិបតីអាមេរិកកាំង អត់និយាយជាមួយខ្ញុំហ្នឹងផង។ និយាយអំពីបញ្ហាបើកលំហប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោត នៅពេលនេះ ប៉ុន្តែ និយាយពីតួអង្គមនុស្សនេះ មនុស្សនោះ គឺអត់ហ្មង»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាតជាតិ ខួបលើកទី៣០ នៃសកម្មភាពមីននៅកម្ពុជា ថ្ងៃទី២២ ខែវិច្ឆិកា។ លោក ហ៊ុន សែន បានហៅអ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កញ្ញា សេង ធារី ថា ជាអប្សរាក្បាលត្រងោល។
លោក ហ៊ុន សែន និយាយហាក់ឌឺដងទៀតថា នៅពេលលោកទទួលទានអាហារ ជាមួយមេដឹកនាំពិភពលោក និងជាមួយប្រធានាធិបតីអាមេរិក លោកបាននិយាយជាមួយលោក ចូ បៃឌិន រឿងអប្សរាសំពត់វែង និងអប្សរា សំពត់ខ្លី។ លោក ហ៊ុន សែន ក៏បញ្ជាក់ផងដែរថា លោក ចូ បៃឌិន និងលោកមិនបាននិយាយពីអប្សរាត្រងោលទេ ៖
«ប៉ុន្តែ ដល់រឿងថា អប្សរា ក្បាលត្រងោល ត្រូវតែដោះលែង អ្នកនេះត្រូវតែដោះលែង ខ្ញុំអត់ដឹង ខ្ញុំអត់ព្រម ខ្ញុំអត់បានស្ដាប់ ខ្ញុំអត់ឮសំដី ចូ បៃឌិន និយាយអ៊ីចឹងផង»។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ក៏មិនបានផ្ដល់ដំបូន្មានរឿងសិទ្ធិមនុស្សទៅលោក ឬក៏និយាយរឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។ លោកបញ្ជាក់ថា ជំនួបរវាងលោក ជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ ជជែករឿងធំៗ ៣ គឺ (១) ផ្ទេរសំណុំរឿងសេសសល់របស់សាលាក្ដីខ្មែរក្រហម ឬតុលាការកូនកាត់ មកឱ្យតុលាការកម្ពុជាកាត់ក្ដីវិញ, (២) ការបញ្ជូនកងកម្លាំងកម្ពុជា ទៅក្រៅប្រទេសក្រោមឆ័ត្រអង្គការប្រជាជាតិ និង (៣) កិច្ចប្រជុំភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាមួយលោក ហ៊ុន សែន។
ទោះជាលោក ហ៊ុន សែន លើកឡើងបែបនេះក្ដី ប៉ុន្តែ សេចក្ដីប្រកាសព័ត៌មាន របស់សេតវិមាន ឱ្យដឹងថា ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ជាមួយលោក ហ៊ុន សែន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី១២ ខែវិច្ឆិកា លោក ចូ បៃឌិន បានលើកឡើងពីបញ្ហាមូលដ្ឋានកងទ័ពចិន នៅលំហសមុទ្ររាម ខេត្តព្រះសីហនុ, ទាមទារឱ្យបើកចំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ និងទាមទារទៅរដ្ឋាភិបាល លោក ហ៊ុន សែន ឱ្យដោះលែងអ្នកទោសនយោបាយ រួមទាំងកញ្ញា សេង ធារី ផងដែរ។
ស្រដៀងគ្នានេះដែរ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស ក៏អំពាវនាវទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសេរីភាពឱ្យបានច្រើនជាងមុនដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់នៅប្រទេសណ័រវ៉េ (Norway) លោក ម៉ែន ណាត យល់ថា បញ្ហាកញ្ញា សេង ធារី គឺសហរដ្ឋអាមេរិក មិនអាចបំភ្លេចទេ ព្រោះកញ្ញា សេង ធារី មានសញ្ជាតិអាមេរិក។ លោក បន្តទៀតថា ការបង្ហើបរបស់លោក ហ៊ុន សែន ដែលថាលោក ចូ បៃឌិន ទាមទារឱ្យមានការបើកលំហប្រជាធិបតេយ្យឡើងវិញ គឺមានន័យគ្រប់គ្រាន់ថា បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការចោទប្រកាន់លើសកម្មជននយោបាយ ឬ ករណីកញ្ញា សេង ធារី គឺសុទ្ធតែជាប្រធានបទក្ដៅ ដែលភាគីទាំងពីរ បានជជែកគ្នា ៖
«កាលណាគេរំលឹកលំហប្រជាធិបតេយ្យហើយ ក្នុងហ្នឹងក៏គេនិយាយអំពី សេង ធារី គ្រាន់តែគេបញ្ជាក់បន្ថែម ថា ត្រូវតែដាក់កញ្ញា សេង ធារី ចូលក្នុងខ្លឹមសារហ្នឹង ហើយដោះលែងទៅ ដោះលែង កញ្ញា សេង ធារី ទៅ ព្រោះនាងជាពលរដ្ឋអាមេរិកផង។ គេបញ្ជាក់បន្ថែម តែប៉ុណ្ណឹងតាស់ តាមពិត និយាយពីលំហប្រជាធិបតេយ្យ គឺមានន័យគ្រប់គ្រាន់ទៅហើយ សម្រាប់លោក ហ៊ុន សែន គោរពដោះស្រាយ»។
សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា ក្រោយតុលាការប្រកាសសាលក្រមថា កញ្ញា មានទោសនៃបទចោទរួមគំនិតក្បត់ ក្នុងសំណុំរឿងវិលចូលស្រុក របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ តុលាការ កាត់ទោសឲ្យកញ្ញា ជាប់ពន្ធនាគារ ៦ ឆ្នាំ។ ក្រៅពីកញ្ញា សេង ធារី ក៏មានសកម្ម និងមន្ត្រីគណបក្សប្រឆាំងជាច្រើនរូបផ្សេងទៀត កំពុងជាប់ឃុំ និងរងការចោទប្រកាន់ក្នុងសំណុំរឿងនេះដែរ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ថា សេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន ជាការបញ្ជាក់ប្រកាសផ្លូវការ នូវសំដី រវាងលោក ហ៊ុន សែន ជាមួយលោកលោក ចូ បៃឌិន។ លោកយល់ថា ប្រសិនរដ្ឋាភិបាលកម្ពុជា យល់ព្រមឆ្លើយតបនូវសំណើ របស់សហរដ្ឋអាមេរិក កម្ពុជាអាចនឹងទទួលបានការអនុគ្រោះជី.អេស.ភី (GSP) របស់សហរដ្ឋអាមេរិក មកវិញ។ ផ្ទុយទៅវិញលោកថា ប្រសិនបើ រដ្ឋាភិបាល លោក ហ៊ុន សែន បន្តចោទប្រកាន់ និងបន្តឃុំខ្លួន សកម្មជននយោបាយតទៅទៀត កម្ពុជាមិនអាចទទួលបានការអនុគ្រោះជី.អេស.ភី (GSP) ពីអាមេរិក ទេ ហើយកម្ពុជា ប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ពីសហភាពអឺរ៉ុប បន្ថែមទៀតផង ៖
«គេនឹងអាចដាក់សម្ពាធទៅលើមន្ត្រីធំៗ មិនឱ្យចូលស្រុក{គេ} ត្រង់ចំណុចទាំងអស់ហ្នឹង នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវតែពិនិត្យពិចារណាឡើងវិញ ជៀសវាងគេថា ព្យាយាមបដិសេធ បាទ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ទោះយ៉ាងណា រដ្ឋាភិបាល លោក ហ៊ុន សែន រងការរិះគន់ថា មិនទាន់បានកែលំអស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមុនការបោះឆ្នោតនេះ នៅឡើយទេ។ កាលពីថ្មីៗ លោក ហ៊ុន សែន ព្រមានរំលាយគណបក្សភ្លើងទៀន ដែលជាគណបក្សមានកម្លាំងប្រកួតប្រជែងប្រហាក់ប្រហែល ជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។ ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏កំពុងជាប់ក្ដីក្ដាំនៅតុលាការ ក្នុងសំណុំរឿងក្បត់ជាតិ មិនទាន់បានកាត់ក្ដីបញ្ចប់ នៅឡើយដែរ។
ទាក់ទងរឿងនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ចង់ឃើញការបោះឆ្នោតនៅកម្ពុជា នៅក្នុងឆ្នាំ២០២៣ ខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងឆ្លុះបញ្ចាំងពីសំឡេងចម្រុះ របស់ពលរដ្ឋកម្ពុជា៕
.


.