អត្ថបទដោយលោក ម៉ែន ណាត
09th-10-2023

ទស្សនៈជុំវិញ​​រដ្ឋលេខាធិការដ្ឋាន​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន និង​​រឿង​ដំណោះ​ស្រាយ​

១. តើ​បង្កើត​ស្ថាប័ន​នេះ​ដើម្បី​អ្វី?

– រដ្ឋលេខាធិការដ្ឋាន​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន បង្កើត​ឡើង​ដើម្បី​ដំឡើង​ឋានៈ​ខ្លួន​ពី គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន ពី​មុន។​ ការ​ដំឡើង​ឋានៈ​ស្ថាប័ន​នេះ គឺ​ក្នុង​បំណង​ឲ្យ​ដើរ​តួនាទី​ស្មើ​មុខ​មាត់​នឹង​ក្រសួង​​នានា ពីព្រោះ​​គេ​​តម្រូវ​មាន​រដ្ឋមន្ត្រី ជា​អ្នក​ដឹកនាំ​ស្ថាប័ន។ (សូមទាញយក ឯកសារ /​Download)។

បង្កើន​​ចំនួន​មន្ត្រី​ជាន់​ខ្ពស់ មន្ត្រី​ជំនាញ និង​ក្រុម​មន្ត្រី​រាជការសារធារណៈ ដែល​សុទ្ធ​តែ​បង្ហិន​បង្ហោច​ថវិកា​ជាតិ​យ៉ាង​ខ្ជះ​ខ្ជាយ និង​ឥតប្រយោជន៍។

ស្ថាប័ន​នេះ ត្រូវ​បន្ត​ជួយ​«ការពារ​កំហុស​កម្រិត​ជាតិ​ប្រហារ»​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន កន្លង​មក ដែល​បាន​គប់​គិត​ខុស​ឆ្គង ខុស​ច្បាប់ ជាមួយ​រដ្ឋ​បរទេស​ជិត​ខាង ជា​ពិសេស​វៀតណាម។
ជាមួយ​ប្រទេស​វៀត​ណាម រដ្ឋាភិបាល​ លោក ហ៊ុន សែន កន្លងទៅ បាន​ទទួល​ស្គាល់​ឡើង​វិញ​ នូវ​ឯកសារ​ខុស​ច្បាប់ ក្នុង​ទសវត្សរ៍​ទី​៨០ ទាំងអស់ ដូចជា កិច្ច​ព្រម​ព្រៀង​ដែន​ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ​១៩៨២, សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​-​វៀត​ណាម ឆ្នាំ១៩៨៥ និង សារាវចរណ៍ណែនាំ​ស្តីពី​និគម​ជន​វៀត​ណាម​នៅ​កម្ពុជា នា​ថ្ងៃ​ទី២​៦ កុម្ភៈ ឆ្នាំ​១៩៨៦ ជាដើម។ [ខុសច្បាប់ ដោយ​សារ​​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​វៀត​ណាម ដោយ​ខុស​ច្បាប់​អន្តរជាតិ]ការ​​ទទួល​ស្គាល់​ឯកសារ​ខុស​ច្បាប់​ក្នុង​ទសវត្សរ៍​ទី​៨០ ឡើង​វិញ​នេះ បាន​ធ្វើ​ឡើង​ដំបូង​ដោយ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ខែតុលា ឆ្នាំ​២០០៥ តាម​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥ រួច​មក​បន្ត​ធ្វើ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០១១៩ និង ផែនទីថ្មី ខ្នាត ១/២៥ពាន់ (១ លើ ២៥.០០០)។

– ជាស្ថាប័ននេះ ត្រូវ​បាន​រៀបចំ​ឲ្យ​បំភាន់​ការពិត និង​​បក​ស្រាយ ទាំង​បំពាន​រដ្ឋធម្មនុញ្ញ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​​ប៉ារីស ទៅ​លើ​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ កិច្ច​ព្រម​ព្រៀង​ខុស​ច្បាប់ ការ​ប្រើ​ប្រាស់​ផែនទី​ព្រំដែន​មិន​ត្រឹម​ត្រូវ និង ឯកសារ​មិន​ប្រក្រតី​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឡើង​ដោយ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន តាំង​ពី​ទសវត្សរ៍​ទី​៨០ រហូត​បច្ចុប្បន្ន។

២. តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ជាតិ ចំពោះ​ការងារ​រដ្ឋលេខា​ធិការដ្ឋាន​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន នេះ?

– គ្មាន​ប្រយោជន៍​ដល់​ជាតិ​ជា​ដុំ​កំភួន​ទេ

– ប៉ុន្តែ​បាន​ប្រយោជន៍​ដល់​រដ្ឋ​បរទេស​ជិត​ខាង ជា​ពិ​សេស​វៀតណាម ដែល​តែង​តែ​ត្រូវ​បាន​រដ្ឋាភិបាល ហ៊ុន សែន និង ហ៊ុន ម៉ាណែត ធ្វើ​សម្បទាន​ទឹក​ដី​ជាតិ ប្តូរ​ជាមួយនឹង​ការ​រក្សា​អំណាច​ក្រុម​គ្រួសារ និង​បក្ខពួក​ពុករលួយ​និយម។

– គ្មាន​ប្រយោជន៍​ដល់​ជាតិទេ ពីព្រោះ បូរណភាព​ទឹកដី​ខ្មែរ បន្ត​ស្ថិត​ក្នុង​ហានីភ័យ​តទៅ​ទៀត ដោយសារ​តែ​រដ្ឋាភិបាល ហ៊ុន សែន និង ហ៊ុន ម៉ាណែត នៅ​តែ​ជួយ​បិទ​បាំង​អំពើ​ឈ្លាន​ពាន​របស់​របទេស​ជិត​ខាង។

៣. តើ​​អាច​មាន​ដំណោះ​ស្រាយ​រឿង​ព្រំដែន​គោក /ដែន​សមុទ្រ​ឬ​ទេ?

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ពិត​ជា​មាន​ដំណោះ​ស្រាយ​សម្រា​ប់ាតិ បើ​សិនរដ្ឋាភិបាល ហ៊ុន ម៉ាណែត ងាក​មក​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​រួម គឺ៖

– ត្រូវ​មាន​ឯកភាព​ជាតិ មូល​មតិ​ជាតិ​ជា​រួម និង​ជា​គោលការណ៍ ដោយផ្អែក​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និង កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសឆ្នាំ​១៩៩១។

– សើរើ និង ធ្វើ​និរាករណ៍​ចោល នូវ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ កិច្ច​ព្រម​ព្រៀង​ខុស​ច្បាប់ ការ​ប្រើ​ប្រាស់​ផែន​ទីព្រំដែន​មិន​ត្រឹម​ត្រូវ និង ឯកសារ​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នានា ដែលបានធ្វើឡើង។

– រួចមក ត្រូវ​ដាក់​ពាក្យ​បណ្តឹង ប្តឹង​ប្រទេស​វៀតណាម ទៅ​តុលាការអន្តរជាតិ​ អំពី​រឿង​បូរណភាព​ទឹកដី​ខ្មែរ ៖
=> រឿង​ព្រំដែន​គោក ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ និង
=> រឿង​ដែន​សមុទ្រ រួម​ទាំង​រឿង កោះត្រល់ និង ចង្កោម​កោះ​ក្រចកសេះ​របស់​ខ្មែរ ត្រូវ​ប្តឹង​ទៅ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ «International Court of Arbitration» ឬ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ។

….
– អត្ថបទដោយ ម៉ែន ណាត នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង វេទិកាពលរដ្ឋ
ឯកសារ​ព្រះរាជក្រម ស្តីពី​​ការ​​បង្កើត​រដ្ឋលេខាធិការដ្ឋាន​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន។
– រូបថត ហ៊ុន ម៉ាណែត និងភរិយា ថត​ជាមួយ​​ព្រះមហា​ក្សត្រ និង​សម្តេច​ម៉ែ មុនីនាថ សីហនុ

លោក ហ៊ុន ម៉ាណែត និងភរិយា ថតជាមួយព្រះមហាក្សត្រ និងសម្តេចម៉ែ មុនីនាថ សីហនុ។
លោក ហ៊ុន ម៉ាណែត និងភរិយា ថតជាមួយព្រះមហាក្សត្រ និងសម្តេចម៉ែ មុនីនាថ សីហនុ។