វិទ្យុវីអូអេ (VOA Khmer) ផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា «អង្គការ សមាគម និងបណ្តាញសហគមន៍ ជាង ៤០ បានអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលអនុក្រឹត្យមួយ ស្តីពី«ការបង្កើតច្រកទ្វារអ៊ីនធឺណិតថ្នាក់ជាតិ (អានលំអិត ឬទាញយក)» ដោយពួកគេមើលឃើញថា ជាការផ្តល់អំណាចកាន់តែច្រើន ដល់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងអ៊ីនធឺណិត និងប៉ះពាល់សេរីភាពបញ្ចេញមតិ។
វិទ្យុវីអូអេ នៅថ្ងៃទី១៩ ខែកុម្ភៈ ដដែលនោះ បានចុះផ្សាយអំពីប្រតិកម្មរបស់លោក Phil Robertson នាយករងអង្គការសិទិ្ធមនុស្ស Human Rights Watch ប្រចាំទ្វីបអាស៊ី ដែលបានលើកឡើងថា៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយប្រហារដ៏គ្រោះថ្នាក់ ប្រឆាំងនឹងសេរីភាពអ៊ីនធឺណិត និងពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធឺណិត នៅកម្ពុជា តាមរយៈការពង្រីកការគ្រប់គ្រងរបស់រដ្ឋាភិបាល លើប្រព័ន្ធអ៊ីនធឺណិត»។ ចំណែកឯអ្នកស្រី Emerlynne Gil ដែលជាអនុប្រធានប្រចាំតំបន់ផ្នែកស្រាវជ្រាវនៃអង្គការសិទ្ធិមនុស្ស Amnesty International វិញ បានហៅអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតថ្មីនេះ ថាជា «គ្រោះមហន្តរាយសម្រាប់សិទ្ធិមនុស្ស»។
សម្រាប់លោក Michael Caster នាយកម្មវិធីបច្ចេកវិទ្យាឌីជីថលតំបន់អាស៊ី ត្រូវបានសារព័ត៌មាន The Cambodia Daily ដកស្រង់ចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ថា «ការបង្កើតច្រកទ្វារអ៊ីនធឺណិតរបស់រដ្ឋាភិបាលកម្ពុជា គឺជាធ្វើតាមគំរូប្រទេសចិន ( China-style)»។
ក្រុមអ្នកឃ្លាំមើលទាំងជាតិ និងអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលនូវអនុក្រឹត្យដ៏គ្រោះថ្នាក់នេះ។ ទោះជាយ៉ាងណាក៏ដោយ ភាគីរដ្ឋាភិបាលបានធ្វើការបដិសេធ ចំពោះមតិយោបល់នានាជុំវិញហានីភ័យនេះ។ – (អត្ថបទបន្ថែមដោយលោក ម៉ែន ណាត)។
ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) នាំឲ្យមានប្រតិកម្ម
The Cambodia Daily (News)
18-2-2021
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សម្រេចបង្កើត ច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិតក្នុងប្រទេសឲ្យកាន់តែមានប្រសិទ្ធិភាព។ ចំណែកឯក្រុមអ្នកឃ្លាំមើលសង្គម សម្តែងការព្រួយបារម្ភ ចំពោះសេចក្តីសម្រេចដ៏គ្រោះថ្នាក់នេះ ជាការរឹតបន្តឹងសេរីភាពពលរដ្ឋលើបណ្តាញអ៊ីនធឺណិត។
ការអះអាង{របស់ប្រមុខរដ្ឋាភិបាល}នេះ ធ្វើឡើងតាមរយៈអនុក្រឹត្យមួយ ស្តីពីការបើកទ្វារអ៊ីនធឺណិតជាតិ សមា្រប់កម្ពុជាដើម្បីគ្រប់គ្រងបណ្តាញទំនាក់ទំនងឲ្យកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពកាន់តែខ្លាំងបន្ថែមទៀត នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលមាន ១៩ មាត្រា និង ១១ ជំពូក ដែលចែងអំពីគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាព និងសក្កិសិទ្ធភាពនៃការគៀងគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិផងដែរ។ ប្រភពដដែល បានអះអាងថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញប្រតិបត្តិការសេវាអ៊ីនធឺណិត នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងអាចធានាបាននូវសន្តិសុខជាតិទៀតផង។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែតុលា ឆ្នាំ២០២០ កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ចេញសារសម្លេងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក ហូ វ៉ាន់ ដោយលោក ហ៊ុន សែន អះអាងថា ក្រុមរបស់លោក ជាអ្នកយកចេញតាមបណ្តាញប្រើប្រាស់ អ៊ីនធឺណិត ដែលជាផែនការ ក្នុងការប្រមូលផ្តុំអ្នកគាំទ្របក្សប្រឆាំង នៅក្នុងស្រុក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ បញ្ហានេះ លោក ហ៊ុន សែន បានព្រមានថា បើចង់ឲ្យក្រុមគ្រួសាររបស់ពួកគេបានសេចក្តីសុខ សូមកុំធ្វើអ្វីដែលហូសហេតុពេក ត្បិតក្រុមគ្រួសាររបស់ពួកគេ កំពុងរស់នៅរាជធានីភ្នំពេញនៅឡើយ។ ដូច្នេះបើពួកគេនៅតែប្រព្រឹត្តអំពើក្បត់ ក្នុងបំណងដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកបន្តទៀត តុលាការនឹងចាត់ការតាមនីតិវិធីច្បាប់ ទៅលើក្រុមគ្រួសាររបស់ពួកគេជាក់ជាមិនខាន។
ទិន្នន័យអង្គការសង្គមស៊ីវិល បង្ហាញថា ចាប់តាំងពីឆ្នាំ២០១៩ មក អតីតសកម្មជន និងចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សប្រឆាំងជាង ១០០ នាក់ នៅតាមបណ្តាខេត្តមួយចំនួន ត្រូវបានតុលាការ និងនគរបាលហៅទៅសាកសួរ ពាក់ព័ន្ធទៅនឹងការផ្ញើសារលើបណ្តាញសង្គម ដែលបានចោទថាបានបំពានទៅនឹងបម្រាមរបស់តុលាការ។
ក្រុមអ្នកសង្កេតការណ៍ បានរិះគន់លើចំណាត់ការរបស់អាជ្ញាធរនេះថា ជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ ផ្ទុយទៅច្បាប់រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ខណៈសេរីភាពនៃការបញ្ចេញមតិ លើបណ្តាញសង្គម ត្រូវបានរឹតត្បិតទៅលើមនុស្សមួយចំនួន ដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល ស្របពេលជម្លោះនយោបាយ មិនមានការថមថយនៅឡើយ។
មាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកមានការព្រួយបារម្ភពីការបង្កើតអនុក្រឹត្យនេះយ៉ាងខ្លាំង ព្រោះខ្លឹមសាររបស់អនុក្រឹត្យ ដែលបានចែង ហាក់គាំទ្រទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលដែលតែង ទំលាយសារសម្លេងក្រុមប្រឆាំង តាមដាន និងបង្ក្រាបលើសកម្មជនបក្សជំទាស់ តាមរយៈសាររបស់ពួកគេ នៅលើបណ្តាញអ៊ីនធឺណិតកន្លងមក ដោយចោទពីបទគប់គិត បង្កើតផែនការផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន ជាដើម។
លោក អះអាងថា ការចេញអនុក្រឹត្យបន្ថែមលើខ្លឹមសារច្បាប់ដើម្បីគ្រប់គ្រងលើបណ្តាញ អ៊ីនធឺណិត គឺជារឿងត្រឹមត្រូវហើយដើម្បីការពារសន្តិសុខជាតិ និងគ្រប់គ្រងអ្នកប្រើប្រាស់បណ្តាញសង្គម ឲ្យមានសណ្តាប់ធ្នាប់ល្អ ដោយជៀសវាងការផ្សព្វផ្សាយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ប៉ុន្តែការសម្រេចដោយរដ្ឋាភិបាលឯកបក្ស ដែលមានឥទ្ធិពលគ្រប់គ្រងលើអំណាចធំៗទាំង ៣ របស់ប្រទេសបែបនេះ គឺមិនមានតម្លាភាពនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា អនុក្រឹត្យនេះ មានខ្លឹមសារបង្កប់ន័យនយោបាយ ដើម្បីតាមដានបណ្តាញក្រុមប្រឆាំង ជាជាងការ ការពាររៀបចំសណ្តាប់ធ្នាប់សង្គមដោយត្រឹមត្រូវ ដែលមានចែងក្នុងអនុក្រឹត្យនេះ៕

.