គ.ជ.ប ព្រមានស៊ើបអង្កេតបក្សភ្លើងទៀនជុំវិញទំនាក់ទំនងនឹងលោក អៀ ចាន់ណា
The Cambodia Daily
02nd-6-2022
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានស៊ើបអង្កេតគណបក្សភ្លើងទៀន អំពីទំនាក់ទំនងជាមួយតំណាងយុវជនអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសន័រវែស (Norway) លោក អៀ ចាន់ណា បន្ទាប់ពីភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ត្រូវបានសារព័ត៌មានក្នុងស្រុក ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា Fresh News ស្រង់សម្ដីកាលពីថ្ងៃទី៣១ ឧសភា ថា គ.ជ.ប នឹងពិនិត្យបន្ថែម រវាងទំនាក់ទំនងគណបក្សភ្លើងទៀន និងលោក អៀ ចាន់ណា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ កាលពីឆ្នាំ២០២០ កន្លងទៅ។
លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប កំពុងរង់ចាំមើលដំណើរការបន្តទៀត ពាក់ព័ន្ធនឹងការចាប់ខ្លួនតំណាងយុវជនអតីតគណបក្សសង្គ្រោះជាតិ ប្រទេសន័រវែសនេះ ថាតើស្ថាប័នណាខ្លះដែលត្រូវដោះស្រាយ ព្រោះថាប្រសិនបើលោក អៀង ចាន់ណា ស្ថិតនៅក្នុងឈ្មោះដែលជាប់បម្រាមនោះ គឺអាជ្ញាធរដែលមានសមត្ថកិច្ចខាងអនុវត្តបម្រាមនេះ លោកនឹងធ្វើការផ្ទៀងផ្ទាត់លក្ខខណ្ឌច្បាប់ ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីការបោះឆ្នោតជាមួយខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ថែមទៀត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ បានអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ ត្រូវតែអនុវត្តឱ្យបាន នូវច្បាប់ស្ដីពីគណបក្សនយោបាយ និងនីតិវិធីនៃការឃោសនារកសំឡេងឆ្នោត។ ប្រសិនបើមានការឃុបឃិតគ្នាប្រព្រឹត្តខុសការអនុវត្តច្បាប់ នោះសាមីគណបក្ស នឹងទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ជាកំហិត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តតាកែវ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងចាស់ ក្រោយពីសកម្មជននយោបាយរូបនេះ ចូលទៅធ្វើសកម្មភាពនយោបាយ នៅប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
លោក អៀ ចាន់ណា ធ្លាប់ជាតំណាងយុវជន អតីតគណបក្សសង្គ្រោះជាតិ ប្រទេសន័រវែស និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តតាកែវ ក្នុងពេលបច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមសាលដីកាបង្គាប់ពី សាលាដំបូងក្រុងភ្នំពេញ ដោយនាំយកទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ដើម្បីរង់ចាំសវនាការ។
ជុំវិញព្រឹត្តិការណ៍នយោបាយនៅកម្ពុជានាពេលនេះ គណបក្សភ្លើងទៀន បានជួបរឿងចម្រូងចម្រាសជាបន្តបន្ទាប់។ ជាក់ស្តែង បេក្ខជនមេឃុំស្ដៅ ខេត្តកំពង់ចាម លោក គង់ រ៉ៃយ៉ា ក៏រងនូវបណ្តឹងពីបក្សកាន់អំណាច ថាបានចែកលុយដល់សមាជិក ក្នុងឃុំរបស់ខ្លួនផងដែរ។ ក្រៅពីនេះទៀត គណបក្សនេះ ក៏ត្រូវក្រសួងមហាផ្ទៃ ណែនាំអំពីការអនុវត្តរបស់ខ្លួន ដែលផ្ទុយពីលក្ខន្តិកៈគណបក្ស ក្នុងករណីតែងតាំងលោក សុន ឆ័យ ជាអនុប្រធាន កាលពីពេលថ្មីៗនេះ។
អគ្គនាយកសារព័ត៌មានដើមអម្ពិល ដែលស្និទ្ធនឹងបក្សកាន់អំណាច លោក សយ សុភាព បានអះអាងនៅថ្ងៃទី១ មិថុនា នេះថា ចរន្តនយោបាយនៅប្រទេសកម្ពុជា នឹងវិវឌ្ឍទៅរកគ្មានបក្សភ្លើងទៀន ក្រោយការបោះឆ្នោតឃុំ-សង្កាត់នេះ ព្រោះតែគណបក្សនេះបានយកឈ្មោះលោក សម រង្ស៊ី មកឃោសនាបំភ័ន្តអ្នកបោះឆ្នោត ស្របពេលដែលច្បាប់បានហាមឃាត់ មិនឱ្យជាប់ពាក់ព័ន្ធនឹងទណ្ឌិត ដែលតុលាការខ្មែរ បានកាត់ទោសអវត្តមានជនជាប់ចោទអំពីបទក្បត់ជាតិទៅហើយនោះ។
ជុំវិញការព្រមានអំពីការស៊ើបអង្កេតនេះ គណបក្សភ្លើងទៀន ត្រូវគេសង្ស័យថាមានក្រុមមន្ត្រីបក្សប្រឆាំង កំពុងជួយទាំងថវិកា និងផែនការនយោបាយ ជាពិសេសគឺលោក សម រង្ស៊ី តែម្តង បន្ទាប់ពីមន្ត្រីបក្សប្រឆាំងទាំងនោះបានបង្ហាញពីការផ្សព្វផ្សាយសកម្មភាពឃោសនារបស់ គណបក្សភ្លើងទៀន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ធ្លាប់បានបង្ហោះវីដេអូសកម្មភាពរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ និងសកម្មភាពនានាជាបន្តបន្ទាប់មកទៀត ក្នុងនោះក៏មានសកម្មភាពឃោសនារបស់គណបក្សនេះ កាលពីពេលថ្មីៗនេះផងដែរ។ អ្នកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិដែរនោះ ក៏បានបង្ហោះសកម្មភាពឃោសនារបស់ គណបក្សភ្លើងទៀនថែមទៀត អំឡុងពេលនៃការឃោសនាបោះឆ្នោតនេះ៕

—————–
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាល ដោះលែងលោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ
VOD (News) ដោយ សេង ថៃ
01st-6-2022
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនព្រំដែន លោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ។
លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតំណាងយុវជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ នៅប្រទេសន័រវែស (Norway) ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា នៅផ្សារទំនើបអ៊ីអន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មក លោកត្រូវបានបញ្ជូនខ្លួនទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១ ខែមិថុនានេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា លោក អៀ ចាន់ណា ដែលជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផងនោះ គ្មានកំហុសដូចការចោទប្រកាន់ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា ការចាប់ឃុំខ្លួនលោក អៀ ចាន់ណា ធ្វើឡើងក្រោមហេតុផលនយោបាយ ខណៈលោកទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ជាមួយគណបក្សភ្លើងទៀន។
ពីទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវែស នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត {ម៉ែន ណាត} បានចាត់ទុកការចាប់ឃុំខ្លួនលោក អៀ ចាន់ណា ថាជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបន្តថា លោក អៀ ចាន់ណា មានសិទ្ធិពេញលេញចូលរួមសកម្មភាពនយោបាយ សកម្មភាពសង្គម ក្នុងនាមជាពលរដ្ឋខ្មែរ និងជាសកម្មជននយោបាយ ដូចពលរដ្ឋ និងអ្នកនយោបាយឯទៀតដែរ ដោយស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ មាត្រា៣៥ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។
សេចក្តីថ្លែងការណ៍ ក៏បានអំពាវនាវឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទនានា ទៅលើសកម្មជននយោបាយ សកម្មជនសង្គម និងបទចោទលើសំណុំរឿងរបស់លោក កឹម សុខា ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕

—————-
មេធាវីអះអាងថា ការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជារឿងនយោបាយ
VOD (News) ដោយ សេង ថៃ
01st-6-2022
មេធាវីការពារក្ដីឱ្យលោក អៀ ចាន់ណា បានចាត់ទុកការចាប់ខ្លួនកូនក្ដីរបស់ខ្លួន ថាជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់ ដោយសារកូនក្ដីរបស់លោក គឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀននៅខេត្តតាកែវ។
មេធាវីការពារក្ដីឱ្យលោក អៀ ចាន់ណា គឺលោក សំ សុគង់ បានប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា លោកបានទៅជួបកូនក្ដី នៅក្នុងពន្ធនាគារព្រៃស (ម១) នៅរសៀលថ្ងៃពុធនេះ ដើម្បីសួរសុខទុក្ខ និងជជែករឿងពឹងពាក់លោកឱ្យការពារក្ដីឱ្យ។ លោកមេធាវី បន្តថាជាបឋមនេះ លោកនឹងដាក់ពាក្យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដោះលែងលោក អៀ ចាន់ណា នៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ នេះ។
លោកថា៖ «ខ្ញុំសន្និដ្ឋានថា នៅក្នុងរឿងនេះ វាជារឿងនយោបាយ ជាជាងផ្លូវច្បាប់ ដោយសារកូនក្ដីហ្នឹងគឺជាសកម្មជនគណបក្សភ្លើងទៀន ហើយគាត់មកចូលរួមដើម្បីធ្វើយុទ្ធនាការ ក្នុងការរកសំឡេងឆ្នោត ជូនបេក្ខជននៅក្នុងខេត្តតាកែវហ្នឹង»។
បើតាមលោកមេធាវី កូនក្តីរបស់លោកត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ជាអង្គហេតុចាស់ ពាក់ព័ន្ធដំណើរមាតុភូមិនិវត្តន៍របស់លោកស្រី មូ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ កាលពីឆ្នាំ២០២០។
លោកមេធាវី បន្ថែមថា៖ «បើតាមកូនក្ដីលើកឡើង គាត់មិនបានធ្វើសកម្មភាពអ្វីជាអំពើខុសច្បាប់ទេ បើគាត់បានធ្វើសកម្មភាពណាខុសច្បាប់ គាត់មិនវិលត្រលប់មកចូលរួមក្នុងការជួយយុទ្ធនាការ ស្វែងរកសំឡេងឆ្នោត ជូនគណបក្សភ្លើងទៀនដែរ ដោយសារបច្ចុប្បន្ននេះ គាត់គឺជាអនុប្រធានគណបក្សភ្លើងទៀន ខេត្តតាកែវ។ ហើយគាត់មកប្រទេសកម្ពុជានេះ គឺដើម្បីគាត់ចូលរួមធ្វើយុទ្ធនាការដើម្បីស្វែងរកសំឡេងឆ្នោតជូនខេត្តតាកែវហ្នឹង ជាពិសេសការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ហ្នឹង»។
លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតំណាងយុវជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ នៅប្រទេសន័រវែស (Norway) ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា នៅផ្សារទំនើបអ៊ីអន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅពេលដែលលោក ទៅធ្វើលិខិតឆ្លងដែនខ្មែរ។ បន្ទាប់មក លោកត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ហើយបន្តបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស (ម១) តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកបានធ្វើដំណើរមកកម្ពុជា កាលពីថ្ងៃទី ២៧ ខែឧសភា និងបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សភ្លើងទៀន នៅខេត្តតាកែវ កាលពីថ្ងៃទី ២៩ ខែឧសភា មុននឹងត្រូវបានចាប់ខ្លួន។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា ការចាប់ខ្លួនលោក អៀ ចាន់ណា គឺជាការអនុវត្តច្បាប់ដោយផ្អែកលើទិដ្ឋភាពច្បាប់ទាំងស្រុង។
លោកថា៖ «ការលើកឡើងថា ជារឿងនយោបាយ ដោយសារគាត់ភ្ជាប់ករណីហ្នឹង ទៅបញ្ហានយោបាយ ក៏ប៉ុន្តែស្ថានភាពពិតជាក់ស្តែង គឺជាយន្តការនៃការអនុវត្តច្បាប់ គឺផ្អែកលើទិដ្ឋភាពច្បាប់ទាំងស្រុង ដោយសារករណីនេះ មានដីកាតុលាការបង្គាប់ឱ្យចាប់ខ្លួន ចេញតាំងពីឆ្នាំ២០២០។ អ៊ីចឹង សមត្ថកិច្ច កាលណាគេរកឃើញ គេត្រូវចាប់ខ្លួនតាមការបញ្ជារបស់អំណាចដីកាតុលាការ ហើយមេធាវី គួរណាតែខិតខំរកមូលដ្ឋាន ទឡ្ហីករណ៍ផ្លូវច្បាប់ឱ្យរឹងមាំ ដើម្បីដោះបន្ទុក ជាជាងការភ្ជាប់ទៅនឹងនយោបាយ ហើយការភ្ជាប់ទៅនឹងនយោបាយអត់មានមូលដ្ឋានច្បាប់ ក្នុងការការពារកូនក្តីខ្លួន អាហ្នឹងប្រហែលជាការពារកូនក្តីមិនរួចទេ បើផ្អែកតាមច្បាប់»។
អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានចាត់ទុកការចាប់ខ្លួនលោក អៀ ចាន់ណា ថាជារឿងនយោបាយ និងគាបសង្កត់មកលើ គណបក្សប្រឆាំងនៅមុនការបោះឆ្នោត។
លោកថា៖ «វាប៉ះពាល់ ប៉ះពាល់ហើយ! វាជារូបភាពមួយនៃការគំរាមកំហែង ផ្នែកខាងនយោបាយហ្នឹង វាច្បាស់លាស់ពេក ចំពោះគណបក្សប្រឆាំង ឃើញតែចាប់ចងឥតឈប់ឈរ ហើយយើងមើលទៅលំហលទ្ធិប្រជាធិបតេយ្យ កាន់តែរួមទៅៗ ការគំរាមកំហែងកាន់តែកើនឡើងថែមទៀត ទោះបីជាមានការអំពាវនាវរបស់រដ្ឋាភិបាលថា កុំឱ្យមានអំពើហិង្សាមែន ក៏ប៉ុន្តែយើងឃើញរូបភាពគំរាម តាមប្រព័ន្ធតុលាការធ្ងន់ធ្ងរណាស់»។
ទាក់ទងករណីលោក អៀ ចាន់ណា នេះដែរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវែស បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី ០១ ខែមិថុនា នេះ ដោយអំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជា ដោះលែងលោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ។ សេចក្ដីថ្លែងការណ៍ បានចាត់ទុកថា ការចាប់ឃុំខ្លួនលោក អៀ ចាន់ណា គឺធ្វើឡើងក្រោមហេតុផលនយោបាយ ខណៈលោក ទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ជាមួយគណបក្សភ្លើងទៀន៕