អត្ថបទ៖ RFA Khmer
27-7-2022
លោកមេធាវី ជួង ជូងី បានថ្លែងថា លោក អៀ ចាន់ណា សកម្មជនគណបក្សប្រឆាំង បានស្នើសុំឱ្យតុលាការ ដោះលែងលោក នៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈលោកកំពុងធ្លាក់ខ្លួនឈឺ ហើយមានកាតព្វកិច្ច ត្រូវរកប្រាក់ដើម្បីចិញ្ចឹមគ្រួសារ និងឪពុកម្តាយផងដែរ។
លោកមេធាវី បន្ថែមថា «លោក អៀ ចាន់ណា ប្រាប់ពីហេតុផលរបស់លោក ដែលសុំនៅក្រៅឃុំ។ ហើយខ្ញុំ ជាមេធាវី បន្តស្នើទៅសាលាឧទ្ធរណ៍ សុំឲ្យដោះលែងនៅក្រែឃុំ»។
លោក ជូង ជូងី បានរិះគន់ថា កូនក្តីរបស់ខ្លួន ត្រូវបានគេដាក់ឃុំជាមួយអ្នកទោស ខណៈលោក អៀ ចាន់ណា មិនទាន់ត្រូវបានកាត់ទោសនៅឡើយ។
[គួរបញ្ជាក់ថា លោក អៀ ចាន់ណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះលើសំណើនៅក្រៅឃុំ នាថ្ងៃទី ២៦ ខែកក្កដា ប៉ុន្តែតុលាការ មិនអនុញ្ញាតឲ្យលោក បាននៅក្រៅឃុំទេ]។ (អត្ថបទបន្ថែម ៖ ម៉ែន ណាត)
…………..
លោកស្រី ទូច ធីតា ភរិយាលោក អៀ ចាន់ណា រកផ្លូវច្បាប់ ប្រទេសន័រវែស (Norway) លើសំណុំរឿងស្វាមី
អត្ថបទ៖ RFA Khmer
24-7-2022
ប្រពន្ធសកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា ទាមទារទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្ដីលោកស្រី។ ចំណែកមន្ត្រីសង្គមស៊ីវិល រិះគន់ថា ការចាប់ខ្លួនលោក អៀ ចាន់ណា មានចរិតនយោបាយ និងជំរុញទៅតុលាការពិចារណាឡើងវិញផ្ដល់សេរីភាពជូនលោក អៀ ចាន់ណា ឡើងវិញ។
ប្រពន្ធលោក អៀ ចាន់ណា គ្មានជំនឿលើប្រពន្ធយុត្តិធម៌នៅកម្ពុជាថា អាចនឹងផ្តល់យុត្តិធម៌លោកប្តីលោកស្រីបានទេ។ លោកស្រី ទូច ធីតា ប្រពន្ធលោក អៀ ចាន់ណា គ្រោងពឹងពាក់មេធាវីនៅប្រទេសន័រវែស (Norway) ដើម្បីស៊ើបអង្កេតករណីចោទប្រកាន់ប្ដីលោកស្រី និងប្ដឹងទាមទារស្នើបញ្ជូន លោក អៀ ចាន់ណា មកកាត់ក្ដី ឬជាប់ឃុំនៅប្រទេសនៅប្រទេសន័រវែសវិញ ព្រោះលោក អៀ ចាន់ណា មានសញ្ជាតិន័រវែស ៖ «ខ្ញុំកំពុងស្វែងរកមេធាវីនៅក្រៅព្រោះអីខ្ញុំគិតថា ប្រហែលអាចជួយបានច្រើន មេធាវីន័រវែស អាចធ្វើការបាន ត្រង់បាន ចាន់ណា គាត់មានសញ្ជាតិពាក់កណ្ដាលនៃជនជាតិន័រវែស អ៊ីចឹងជនជាតិន័រវែស ក៏ត្រូវមានសិទ្ធិពាក់កណ្ដាល ស៊ើបរឿងក្ដីហ្នឹងដែរ តើរឿងក្ដីហ្នឹងយុត្តិធម៌ ឬមិនយុត្តិធម៌ ហើយត្រូវធ្វើបែបស្នើសុំ នៅក្រៅតវ៉ារឿងក្ដី»។
ប្រពន្ធលោក អៀ ចាន់ណា អះអាងទៀតថា ទោះប្ដីកំពុងជាប់ពន្ធនាគារ ដែលតម្រូវឲ្យលោកស្រីរ៉ាប់រងគ្រប់យ៉ាងទាំងធ្វើការរកលុយនិងធ្វើចិញ្ចឹមតែម្នាក់ឯង ប៉ុន្តែ លោកស្រីនៅតែព្យាយាមទាមទាររកយុត្តិធម៌ឲ្យប្ដីទាល់តែបាន។
លោកស្រី ទូច ធីតា ឲ្យដឹងទៀតថា លោកស្រី តែងផ្ញើអ៊ីមែលទៅក្រសួងការបរទេសន័រវែស និងស្ថានទូតប្រទេសនេះប្រចាំទីក្រុងបាងកក ប្រទេសថៃ ស្ទើររាល់ថ្ងៃ ហើយពួកគេបានឆ្លើយតបថា ពួកគេបានទាក់ទងទៅរដ្ឋាបាលកម្ពុជារួចហើយ ប៉ុន្តែភាគីកម្ពុជា មិនបានឆ្លើយតបអ្វីនោះទេ។
ទាក់ទងរឿងនេះដែរ ប្រធានសមាគមពុទ្ធសាសនិកជនខ្មែរ នៅប្រទេសន័រវែស លោក ម៉ែន ណាត ឲ្យដឹងថា ពេលនេះសមាគម កំពុងធ្វើញត្តិដាក់ទៅក្រសួងការបរទេសន័រវែស ឲ្យអន្តរាគមន៍ ៖ «មកដល់ថ្ងៃហ្នឹង យើងសោកសៅដែរ ដោយសារសង្គមយើង រដ្ឋាភិបាល អយុត្តិធម៌ចាប់មនុស្សល្អ ចាប់មនុស្សស្លូតត្រង់ ទៅដាក់គុកអ៊ីចឹង គ្នាគ្មានកំហុសអី ដោយសារបញ្ហានយោបាយ លោក អៀ ចាន់ណា និងអ្នកដទៃទៀតក្ដី សុទ្ធតែពលរដ្ឋខ្មែរទេ កុំចងអាឃាតខ្មែរគ្នាឯង ដោះលែងឲ្យមានសេរីភាព ទម្លាក់ចោលការចោទប្រកាន់ឲ្យអស់ទៅ»។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លោក អៀ ចាន់ណា ពីបទរួមគំនិតក្បត់ ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ទោះយ៉ាងណា ដីកានេះត្រូវបានតុលាការបង្ហាញ ក្រោយពេលសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួនលោក អៀ ចាន់ណា កាលថ្ងៃ៣០ ខែឧសភា។ បច្ចុប្បន្នលោក កំពុងជាប់ឃុំនៅគុកព្រៃស រង់ចាំសវនាការ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយពី ប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងមេធាវីការពារក្ដីលោក អៀ ចាន់ណា គឺលោកមេធាវី សំ សុគង់ បានទេនៅថ្ងៃទី២៣ ខែកក្កដា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការចាប់ខ្លួន លោក អៀ ចាន់ណា ព្រោះតុលាការមានភស្តុតាងគ្រប់គ្រាន់។ លោកថា លោក អៀ ចាន់ណា មានការជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាមក្រៅច្បាប់ តាំងពីមុនការបោះឆ្នោតឃុំសង្កាត់ ៖ «អ៊ីចឹងទេ ខ្ញុំយល់ថា គេមានហេតុផល គេមានឯកសារ គេមានដីកាពីតុលាការហើយ បានជាសមត្ថកិច្ចលោកបំពេញតួនាទី និងភារកិច្ចរបស់លោក ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះសាមីជន»។
ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការចោទប្រកាន់ លោក អៀ ចាន់ណា ធ្វើឡើងក្រោយពេលលោក ចូលរួមជាមួយបក្សភ្លើងទៀន។ លោករិះគន់ថា តុលាការប្រើស្តង់ដារពីរ ក្នុងការចាប់ខ្លួននិងចោទប្រកាន់ លោក អៀ ចាន់ណា ៖ «ករណីចោទប្រកាន់ពីកន្លងមក អនុវត្តលើរូបគាត់ (លោក អៀ ចាន់ណា) ក្នុងខណៈដែលអ្នកផ្សេងទៀត ដែលជាសកម្មជននយោបាយ ដូចគ្នា ដែលមកប្រទេសកម្ពុជា ហើយមិនត្រូវរងការចាត់វិធានការទេ ក្នុងខណៈអ្នកទាំងនោះ មិនធ្វើសកម្មភាពនយោបាយ អ៊ីចឹង យើងពិនិត្យឃើញថា ជាការអនុវត្តមួយ មិនត្រឹមត្រូវតាមច្បាប់ទេ»។
លោក អៀ ចាន់ណា បានភៀសខ្លួនទៅប្រទេសន័រវែស កាលពីឆ្នាំ២០០៥ ព្រោះរដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលោក ដោយសារតែលោកសំដែងមតិរឿងព្រំដែនខ្មែរ និងប្រទេសវៀតណាម។ លោកក៏ធ្លាប់មានទំនាក់ទំនងជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួន និងបង្ហាញជំហរគាំទ្រលោក សម រង្ស៊ី ផងដែរ ហើយលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលលោកទៅកម្ពុជា ដើម្បីចូលរួមឃោសនាបោះឆ្នោតឃុំសង្កាត់៕
.