លោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ បានទទួលជួបសំណេះសំណាល ជាមួយអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក កឹម សុខា ផ្ទាល់។ លោក បានសរសេរ និងបង្ហោះរូបថតមួយចំនួនថា «ខ្ញុំបានទទួលជួបជាមួយលោក ប៉ាប្លូ កង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសប្រជាធិបតេយ្យមួយ នៅក្នុងតំបន់អាសុី ប៉ាសុីហ្វិក បន្ទាប់ពីខ្ញុំបានជួបជាមួយតំណាងប្រទេសនៅសហគមន៍អុឺរ៉ុប»។ លោកបន្តថា «ក្នុងជំនួបសួរសុខទុក្ខនោះ យើងបានពិភាក្សាគ្នា នូវកិច្ចការមួយចំនួនផងដែរ ដូចជាបញ្ហាសេដ្ឋកិច្ច សង្គម ជាពិសេសបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ»។
ដោយឡែកនៅរសៀលថ្ងៃទី ១២ ខែឧសភា ពីម្សិលមិញ លោក កឹម សុខា ក៏បានទទួលជួបសំណេះសំណាលជាមួយលោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក ក្នុងក្រុងភ្នំពេញ។ លោកស្រី បានសាទរចំពោះជំនួបរវាងលោក ហ៊ុន សែន និង លោក កឹម សុខា ថាជាជំហានវិជ្ជមានដំបូង កាលពីថ្ងៃទី ០៥ ខែឧសភា។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កឹម សុខា បានសរសេរដែរថា «ដោយឡែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្ត ប្រចាំកម្ពុជាមួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូត នៅក្នុងទឹកដីកម្ពុជា ស្របពេលមានជំងឺកូវីដ១៩ មិនអាចមកជួបខ្ញុំផ្ទាល់បាន ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្តាញសង្គម មកសួរសុខទុក្ខខ្ញុំផងដែរ»។
ជំនួបរវាងលោក កឹម សុខា ជាមួយក្រុមអ្នកកាទូត ដែលមកពីក្រុមប្រទេសប្រជាធិបតេយ្យសាជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពីលោក បានជួបសំណេះសំណាលជាមួយលោក ហ៊ុន ហ៊ុន សែន មេដឹកនាំកម្ពុជា កាលពីថ្ងៃទី ០៥ ខែឧសភា។ ទាំងក្រុមអ្នកការទូត ទាំងក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋខ្មែរ បានចូលរួមសាទរចំពោះជំនួបរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដោយចង់ឃើញមេដឹកនាំនយោបាយកម្ពុជា នឹងឈានទៅផ្សះផ្សានយោបាយឡើងវិញ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ហើយនិងស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ជាមួយការដោះស្រាយវិបត្តិជំងឺកូវីដ១៩៕
(អត្ថបទដោយនគរ /១៣ ឧសភា ២០២០)
អត្ថបទទាក់ទង
– អគ្គរដ្ឋទូតអូស្ត្រាលី និងបារាំង ជួបសួរសុខទុក្ខលោក កឹម សុខា ជាការលើកទឹកចិត្ត និងជាសញ្ញាវិជ្ជាមាន
– អតីតសមាជិកសភាអូស្ត្រាលី និងសង្គមស៊ីវិល លើកទឹកចិត្តលោក ហ៊ុន សែន និងលោក កឹម សុខា បន្តជួបគ្នាដោះស្រាយបញ្ហាកម្ពុជា
– អគ្គរដ្ឋទូតអឺរ៉ុប និងអាល្លឺម៉ង់ ជួបសួរសុខទុក្ខលោក កឹម សុខា ហើយសាទរថាជំនួបលោក កឹម សុខា និងលោក ហ៊ុន សែន ជារឿងវិជ្ជមាន
– អ្នកឃ្លាំមើល សាទរជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ថាជាជំហានវិជ្ជមាន
.
.