អត្ថបទ៖ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ បានសេចក្តីថ្លែងការណ៍មួយ ចុះហត្ថលេខាដោយលោក គឹម សុខ ជាប្រធាន ហើយផ្សព្វផ្សាយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីតុលាការក្រុងភ្នំពេញ កាត់ក្តីលោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ ឲ្យជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ សូមទាញយក «សេចក្តីថ្លែងការណ៍ (Download)» ឬអានអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
អំពាវនាវសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម ឲ្យចំបុគ្គលមានអំណាចនៅកម្ពុជា បន្ទាប់ពីកាត់ឲ្យលោក កឹម សុខា មានទោសក្បត់ជាតិ
វេទិកាពលរដ្ឋ មើលឃើញថា ការកាត់ក្តីលោក កឹម សុខា ឲ្យមានទោសក្បត់ជាតិទាំងបំពាន មិនមែនត្រឹមតែជាការដើរថយក្រោយ នៃប្រជាធិបតេយ្យនោះទេ ប៉ុន្តែ គឺជាស្ដានភាពធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា ក្រឡាប់ចាក់ទាំងស្រុង។
ដើម្បីស្ដារស្ថានភាពក្រឡាប់ចាក់នេះ យើងខ្ញុំអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក មហាអំណាចសេរីប្រជាធិបតេយ្យ អង្គការបណ្ដាញហិរញ្ញវត្ថុអន្តរជាតិធំៗ … សូមដាក់ទណ្ឌកម្ម ឲ្យចំក្រុមបុគ្គល ដែលមានអំណាចអាជ្ញាទំនើង នៅប្រទេសកម្ពុជាបច្ចុប្បន្ន ៖
១. សមាជិកគ្រួសារលោក ហ៊ុន សែន ដែលជាអ្នកជំនួញធំៗ ឬ ជាមន្ត្រីនៃស្ថាប័នរដ្ឋ
២. ពួកឧកញ៉ាជិតស្និទ្ធនឹងគ្រួសារ ហ៊ុន ដែលជាប់សង្ស័យលាងលុយកខ្វក់ (ឧកញ៉ា ឡេង ណាវ៉ាត្រា …)
៣. មេបញ្ជាការ និង មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (លោក ហ៊ុន ម៉ាណែត …)
៤. អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និង មន្ត្រីអគ្គស្នងការរង (លោក ឌី វិជ្ជា …)
៥. ប្រធាន និង អនុប្រធានតុលាការគ្រប់កម្រិត ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង
៦. សមាជិករដ្ឋាភិបាលឯកបក្ស (លោក អូន ព័ន្ធមុនីរ័ត្ន, លោក ជា សុផារ៉ា, លោក កើត រិទ្ធ …)
៧. អគ្គនាយកគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម និង មន្ត្រីអគ្គនាយករង
៨. អគ្គនាយកពន្ធដារ លោក គង់ វិបុល និង មន្ត្រីអគ្គនាយករង
៩. លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
វេទិកាពលរដ្ឋ ដឹងថា លោក ហ៊ុន សែន មិនញញើតបន្តិចឡើយ កាលណាសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប គ្រាន់តែសម្ដែងការបារម្ភ អំពីស្ថានការណ៍កម្ពុជា។
លោក ហ៊ុន សែន មិនមែនជាប្រភេទមេដឹកនាំ ដែលអ្នកការទូតអន្តរជាតិ អាចប្រើសារនយោបាយការទូតស្ដង់ដារបញ្ញវន្តជាន់ខ្ពស់ ជំរុញគាត់ឲ្យស្ដារស្ថានភាពទៅកាន់ប្រក្រតីភាពឡើងវិញ ដូចនៅមុនការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១៧ ទេ។ បើត្រឹមតែសម្ដែងការព្រួយបារម្ភ នោះលោក ហ៊ុន សែន ប្រាកដជាធ្វើមិនដឹងមិនឮ។
ដូច្នេះ សហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប … គួរដល់ពេលហើយ ដែលត្រូវជ្រើសរើសមធ្យោបាយ ដាក់ទណ្ឌកម្មឲ្យចំក្រុមបុគ្គល ដែលមានតំណែងនិងតួនាទី ដូចរៀបរាប់ខាងលើ។
សហរដ្ឋអាមេរិក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣
គឹម សុខ (ហត្ថលេខា)
ប្រធានវេទិកាពលរដ្ឋ

.