អត្ថបទ៖ វេទិកាពលរដ្ឋ

វេទិកាពលរដ្ឋ​ បានសេចក្តីថ្លែងការណ៍​មួយ ​ចុះ​ហត្ថ​លេខា​​ដោយ​​លោក គឹម សុខ ជា​ប្រធាន ហើយ​ផ្សព្វ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​០៥ ខែ​​មីនា ឆ្នាំ​២០២៣ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្តី​លោក កឹម សុខា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ឃុំ​ក្នុងផ្ទះ ២៧​ឆ្នាំ ពី​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៣។ សូម​ទាញ​យក ​«សេចក្តីថ្លែងការណ៍ (Download)» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
អំពាវនាវ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម ឲ្យ​ចំ​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា បន្ទាប់​ពី​កាត់​ឲ្យ​លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ

វេទិកាពលរដ្ឋ មើល​ឃើញ​ថា ការ​កាត់​ក្តី​លោក កឹម​ សុខា ឲ្យ​មាន​ទោស​ក្បត់​ជាតិ​ទាំង​បំពាន មិន​មែន​ត្រឹម​តែ​ជា​ការ​ដើរ​ថយ​ក្រោយ នៃ​ប្រជា​ធិបតេយ្យ​នោះ​ទេ ប៉ុន្តែ គឺ​ជា​ស្ដានភាព​ធ្វើ​ឲ្យ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ក្រឡាប់​ចាក់​ទាំង​ស្រុង។ ​

ដើម្បី​ស្ដារ​ស្ថានភាព​ក្រឡាប់​ចាក់​នេះ យើង​ខ្ញុំ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ អង្គការ​សហ​ប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក មហា​អំណាច​សេរី​ប្រជា​ធិបតេយ្យ អង្គការ​បណ្ដាញ​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ … សូម​ដាក់​ទណ្ឌកម្ម ឲ្យ​ចំ​ក្រុម​បុគ្គល ដែល​មាន​អំណាច​អាជ្ញា​ទំនើង នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ៖
១. សមាជិក​គ្រួសារ​លោក ហ៊ុន សែន ដែល​ជា​អ្នក​ជំនួញ​ធំៗ ឬ ជា​មន្ត្រី​នៃ​ស្ថាប័នរដ្ឋ
២. ពួកឧកញ៉ា​ជិតស្និទ្ធ​នឹង​គ្រួសារ ហ៊ុន ដែល​ជាប់​សង្ស័យ​លាង​លុយ​កខ្វក់ (ឧកញ៉ា ឡេង ណាវ៉ាត្រា …)
៣. មេបញ្ជាការ និង មេបញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ (លោក ហ៊ុន ម៉ាណែត …)
៤. អគ្គស្នងការ​នគរបាលជាតិ លោក នេត សាវឿន និង មន្ត្រី​អគ្គស្នងការរង (លោក ឌី វិជ្ជា …)
៥. ប្រធាន និង អនុប្រធាន​តុលាការ​គ្រប់កម្រិត ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង​
៦. សមាជិករដ្ឋាភិបាល​ឯកបក្ស (លោក អូន ព័ន្ធមុនីរ័ត្ន, លោក ជា សុផារ៉ា, លោក កើត រិទ្ធ …)
៧. អគ្គនាយកគយ​និង​​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម និង មន្ត្រីអគ្គនាយករង
៨. អគ្គនាយកពន្ធដារ លោក គង់ វិបុល និង មន្ត្រី​អគ្គនាយករង
៩. លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

វេទិកាពលរដ្ឋ ដឹងថា លោក ហ៊ុន សែន មិន​ញញើត​បន្តិច​ឡើយ កាលណា​សហគមន៍​អន្តរជាតិ ជាពិសេស សហរដ្ឋ​អាមេរិក និង សហភាព​អឺរ៉ុប គ្រាន់​តែ​សម្ដែង​ការ​បារម្ភ អំពី​ស្ថានការណ៍​កម្ពុជា។

លោក ហ៊ុន សែន មិន​មែន​ជា​ប្រភេទ​មេដឹកនាំ ដែល​អ្នក​ការទូត​អន្តរជាតិ អាច​ប្រើសារ​នយោបាយ​ការទូត​ស្ដង់ដារ​បញ្ញវន្ត​ជាន់​ខ្ពស់ ជំរុញ​គាត់​ឲ្យ​ស្ដារ​ស្ថានភាព​ទៅ​កាន់​ប្រក្រតីភាព​ឡើង​វិញ ដូច​នៅ​មុន​ការបោះ​ឆ្នោត​ឃុំ​/​សង្កាត់​ឆ្នាំ២០១៧ ទេ។ បើ​ត្រឹម​តែ​សម្ដែង​ការ​ព្រួយបារម្ភ នោះលោក ហ៊ុន សែន ប្រាកដ​ជា​ធ្វើ​មិន​ដឹង​មិនឮ។

ដូច្នេះ សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប … គួរ​ដល់​ពេល​ហើយ ដែល​ត្រូវ​ជ្រើស​រើស​មធ្យោបាយ ដាក់​ទណ្ឌកម្ម​ឲ្យ​ចំ​ក្រុម​បុគ្គល ដែល​មាន​តំណែង​និង​​តួនាទី ដូច​រៀបរាប់​ខាង​លើ។

សហរដ្ឋអាមេរិក ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២៣

គឹម សុខ (ហត្ថលេខា)
ប្រធានវេទិកាពលរដ្ឋ

.