
ព្រះមហាក្សត្រ នរោត្តម សីហមុន្នី កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៩ បានឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី មាន ២ ទំព័រ ដែលមានឈ្មោះថ្មីថា «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩» រវាងកម្ពុជា និង វៀតណាម។ សន្ធិសញ្ញាថ្មីនេះ ជាសន្ធិសញ្ញាដែលសរសេរបន្ថែមខ្លឹមសារទៅលើ «សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ រវាងកម្ពុជា-វៀតណាម»។
រដ្ឋសភារបស់លោក ហេង សំរិន នៃរបបយោធានិយមរបស់លោក ហ៊ុន សែន បានអនុម័តសន្ធិសញ្ញាថ្មីនេះ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយបន្ទាប់មក ព្រឹទ្ធសភា បានអនុម័តយល់ព្រមទាំងស្រុង កាលថ្ងៃទី ១៨ វិច្ឆិកា កន្លងទៅ។
សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ នេះ ជាការផ្តួចផ្តើមគំនិតដោយ ប្រទេសវៀតណាម ដូចគ្នានឹងសន្ធិសញ្ញាមុនៗដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ០៥ តុលា ២០១៩ បានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីនេះ ជាមួយសមភាគីរបស់លោក គឺលោក ង្វៀន ស៊ុនហ្វុក (Nguyen Xuan Phuc) នៅទីក្រុងហាណូយ។
លោក ហ៊ុន សែន ត្រូវបានកាសែតក្នុងស្រុងដកស្រង់សំដីថា សន្ធិសញ្ញាបំពេញបន្ថែមថ្មីនេះ មានគោលបំណង «រក្សាការគ្រប់គ្រងដដែល លើដីធ្លី ស្រែចម្ការរបស់ពលរដ្ឋ ដែលបាននិងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបាន ស្ថិរភាពជីវភាពរបស់ពលរដ្ឋ នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមទាំងប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់អភិវឌ្ឍន៍ សន្ដិភាព មិត្តភាព និងសហប្រតិបត្តិការ»។
លោក អ៊ុំ សំអាន អតីតសមាជិកសភា អាណិត្តិទី៥ និងជាសកម្មជនព្រំដែន បានមានប្រតិកម្មជាថ្មីថា «សន្ធិសញ្ញាព្រំដែនថ្មី ក៏ដូចជាសន្ធិសញ្ញាព្រំដែនមុនៗ គឺធ្វើឡើង ដើម្បីកាត់ទឹកដីខ្មែរ តាមព្រំដែន ប្រគល់ទៅវៀតណាម (យួន) ក្នុងបំណងសងគុណយួន ដែលបានលើកបន្តុបមេដឹកនាំសព្វថ្ងៃ (លោក ហ៊ុន សែន លោក ហេង សំរិន ជាដើម) តាំងពីទសវត្សទី ៨០»។
លោក អ៊ុំ សំអាន បញ្ជាក់បន្ថែមថា «សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០១៩ គឺយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥ សម័យយួន កាន់កាប់ និងត្រួតត្រាកម្ពុជា ដែលសន្ធិសញ្ញានេះ ត្រូវបានលុបចោលរួចហើយ ដោយកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ១៩៩១ ហើយវាផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ១៩៩៣»។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី RFA កាលពីខែវិច្ឆិកា កន្លងទៅ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅប្រទេស ន័រវេស (Norway) ថ្កោលទោសរបបក្រុងភ្នំពេញ ផ្តល់សច្ចាប័នលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០១៩ នេះថា «ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បាន ៨៤% នោះ ធ្វើឱ្យកម្ពុជា បាត់ទឹកដី និងធ្វើឡើងដោយខុសច្បាប់»។ លោក បន្តថា «ទង្វើរបស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ក្នុងរឿងព្រំដែន ជាមួយវៀតណាមនេះ នឹងត្រូវកូនចៅខ្មែរជំនាន់ក្រោយ ជេរស្តី ពីព្រោះ នេះជាការកាត់ទឹកដី ឱ្យបរទេស ដែលជាទង្វើក្បត់ជាតិ»។
លោក ម៉ែន ណាត មានសុទិដ្ឋិនិយមថា «សន្ធិសញ្ញាមិនស្របច្បាប់ទាំងឡាយ រវាងរបបលោក ហ៊ុន សែន ជាមួយភាគីវៀតណាម នឹងត្រូវលុបចោល នៅពេលកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់ណាមួយ ដែលគិតពីប្រយោជន៍ជាតិជាធំ»។ លោក ថ្លែងដូច្នេះថា «យ៉ាងណាក៏ដោយ ក៏យើងមិនអាចទទួលស្គាល់ មិនអាចយល់ស្រប ចំពោះការយល់ព្រមណាមួយ ទៅលើលទ្ធផលនៃការបោះបង្គោលព្រំដែនហ្នឹង ហើយនិងអ្វីដែលកម្ពុជា បានធ្វើពេលនេះ។ យើងសូមធ្វើការថ្កោលទោសដាច់អហង្ការ។ យើងយល់ថា របបឯកបក្សហ្នឹង គាត់ធ្វើយ៉ាងណា ដើម្បីយកចិត្តយកថ្លើមតែវៀតណាម ដោយមិនខ្វល់មិនខ្វាយ ពីការបាត់បង់បូរណភាពទឹកដី»។
នៅលើបណ្តាញសង្គម និងគេហទំព័រជាច្រើន បានផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ នៅថ្ងៃទី ២០ ធ្នូនេះ ដោយដាក់សេចក្តីព្រួយបារម្ភថ្មី បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រកាសឲ្យប្រើប្រាស់សន្ធិសញ្ញាថ្មីនេះ ស្របតាមការចង់បានរបស់លោក ហ៊ុន សែន និង វៀតណាម។ ក្រុមបណ្តាញសង្គម សម្តែងក្តីព្រួយបារម្ភចំពោះជោគវាសនាខ្មែរ ទៅថ្ងៃអនាគត ដែលមានទឹកដីកាន់តែរួមតូច ហើយជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ បន្តហូរចូលមកកម្ពុជា រួចហើយអាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន ចេះតែជួយសម្រួលជនអន្តោប្រវេស៍ខុសច្បាប់ទាំងនោះ ឲ្យមានឯកសារស្របច្បាប់ ខណៈពេលបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា មិនទាន់អាចផ្សះផ្សារ និងមិនមានឯកភាពជាតិនៅឡើយ៕ (អត្ថបទដោយ នគរ /CWCI Cambodia /20-12-2019)
————–
ឯកសារភ្ជាប់៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ១៩៨៥ (ដើម) Download
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
– កំណត់ហេតុប្រជុំ ជាឯកសារសម្ងាត់ ឆ្នាំ២០០៧ ស្តីពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (អានលំអិត សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យវៀតណាមកាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃ។ (សូមទាញយក កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយក កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)

