
ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោល ព្រំដែនខ្មែរ-យួនថ្មី
(អត្ថបទដោយលោក ម៉ែន ណាត /CWCI Cambodia /28/10/2016)
ភូមិធ្លក ស្ថិតនៅចន្លោះបង្គោលព្រំដែនថ្មី លេខ ២០២ និងលេខ ២០៣ ដែលសព្វថ្ងៃស្ថិតក្នុងទឹកដីវៀតណាម រួចទៅហើយ។ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៥ ក្រុមតំណាងរាស្រ្តពីបក្សប្រឆាំង មានលោក អ៊ុំ សំអាន, លោក រៀល ខេមរិន្ទ្រ និងតំណាងរាស្រ្តមួយចំនួនទៀត រួមជាមួយក្រុមយុវជន ព្រះសង្ឃ ជាង ២០០០ នាក់/អង្គ បានចុះទៅកាន់តំបន់ព្រំដែនខ្មែរ-យួន នៅបង្គោល លេខ ២០២ និង លេខ ២០៣ ចន្លោះភូមិធ្លកចាស់ និងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រុមអាជ្ញាធរខ្មែរ និងកងម្លាំងវៀតណាម បានរារាំងក្រុមតំណាងរាស្រ្ត និងយុវជន មិនឲ្យទៅដល់បង្គោលព្រំដែនទេ។ គ្រានោះមានការប៉ះទង្គិចគ្នា បណ្តាលឲ្យតំណាងរាស្រ្ត រៀល ខេមរិន្ទ្រ រងរបួស។
ក្រុមសកម្មជនព្រំដែន និង ពលរដ្ឋម្ចាស់ស្រុក បញ្ជាក់ថា បង្គោលព្រំដែនថ្មី ត្រូវបានភាគីយួន រំកិលចូល ក្នុងទឹកដីខ្មែរ ហើយដីកប់ខ្មោចដូនតាខ្មែរ នៅភូមិធ្លក ត្រូវស្ថិតក្នុងទឹកដីយួន សព្វថ្ងៃ។ អ្នកភូមិបញ្ជាក់ទៀតថា «ពួកគាត់បានបោះបង់ចោលភូមិចាស់ មកនៅភូមិថ្មី រួចដាក់ឈ្មោះថ្មីថា ភូមិធ្លកថ្មី»។ ថ្នូរដូនតា ឬកន្លែងកប់សព របស់អ្នកស្រុក គឺជាភស្តុតាង ដែលមិនអាចប្រកែកបាន ពីព្រោះថា ពលរដ្ឋខ្មែរ បានតាំងលំនៅរបស់ខ្លួន តាំងពីបូរមបុរាណមក។ ហើយចំណុចនេះ ក៏ត្រូវបានទទួលស្គាល់ តាមនីតិវិធីអន្តរជាតិ ស្តីអំពីជនជាតិមួយ ដែលមានប្រពៃណីដូនតារបស់គេ រស់នៅតាំងពីយូរយារមកហើយ។
ដូច្នេះបើមានពេលសមរម្យ សូមបងប្អូនជនរួមជាតិ ចុះទៅជួបពលរដ្ឋទីនោះ ដើម្បីស្តាប់ និង ចូលរួម ជាមួយការឈឺចាប់ របស់បងប្អូនពលរដ្ឋយើងនៅទីនោះផង។
យើងនៅចាំបានថា គ្រប់ករណីដែលក្រុមសកម្មជនព្រំដែន ចុះទៅពនិត្យព្រំដែន តែងត្រូវបាន រារាំងដោយ កងកម្លាំងសមត្ថកិច្ចខ្មែរគ្នាឯងផង និង កងកម្លាំងរបស់វៀតណាមផង។ ក្រុមកងកម្លាំង វៀតណាម បានចូលមករារាំងដំណើរក្រុមអ្នកចុះទៅពិនិត្យព្រំដែន នៅក្នុងទឹកដីខ្មែរ ដែលមានចម្ងាយ ពីបង្គោលព្រំដែន ពី ៥០០ ម៉ែត្រ ទៅ ១ គីឡូម៉ែត្រ នៅក្នុងទឹដីខ្មែរ ដូចករណីខេត្តស្វាយរៀងនេះស្រាប់។
គូសបញ្ជាក់ថា រដ្ឋាភិបាល ហ៊ុន សែន បានចុះហត្ថលេខាជាច្រើន លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែន ជាមួយវៀតណាម ជាកិច្ចព្រមព្រៀងខុសច្បាប់ រួមទាំងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ ដ៏ចម្រូងចម្រាស់។
ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ លោកអតីតរដ្ឋមន្ត្រី ស៊ាន ប៉េងសែ, លោកបណ្ឌិតច្បាប់ ឌី ការេត, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ក្រុមសកម្មជនព្រំដែន ចោទប្រកាន់ថា «លោក ហ៊ុន សែន ធ្វើតាមការចង់បានរបស់យួន ជាជាការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស រំលោភរដ្ឋធម្មនុញ្ញ មាត្រា២ និងមាត្រា៥៥ ពោលគឺជាការធ្វើជាតិប្រហារ»។