បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា ស្នើទៅនាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី ១៧ មីនា ២០២០ «ផ្អាក​ជា​បណ្តោះអាសន្ន នូវការជួបជុំនានា និងពិធី​បុណ្យ​សាសនា» នោះ​ក្លឹប​កំសាន្ត, ខេធីវី (KTV), រោង​ភាពយន្ត, មណ្ឌល​កំសាន្ត​ និង សារមន្ទីរ នៅទូទាំង​ប្រទេស ត្រូវ​បាន​ប្រកាសឲ្យផ្អាក​ដំណើរការ​មួយរយៈ ដើម្បី​ចូល​រួម​ទប់ស្លាត់​ការរីក​រាលដាល​មេរោគ​កូរ៉ូណា (Covid-19) នៅ​កម្ពុជា។

តាមដំណឹង​ផ្លូវការ​ពីក្រសួង​សុខាភិបាល ឲ្យដឹងថា ករណី​ឆ្លង​មេរោគ Covid-19 នៅ​កម្ពុជា បាន​កើន​ឡើង ៣៥ នាក់ គិត​មក​ទល់​វេលា​ម៉ោង ១១:៤៥ នាទី​ថ្ងៃត្រង់ ថ្ងៃទី ១៨ មីនា។

ក្នុងភាពអាសន្ន​​នៃការរីករាល​ដាល​មេរោគនេះ ក្រសួង​​ព្រះបរមរាជវាំង បាន​ជូន​ដំណឹង​នៅ​ថ្ងៃទី ១៨ ខែ​មីនា​នេះថា «ព្រះបរមរាជវវាំង សូម​ផ្អាក​មួយរយៈ មិន​ទទួលភ្ញៀវទេសចរ និងអ្នក​ចួលទស្សនា​ នៅក្នុង​ព្រះបរមរាជវាំងទេ»

សហភាពសហជីពកម្ពុជា នៅថ្ងៃទី ១៨ ខែមីនា នេះដែរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ សម្តែង​ការព្រួយ​បារម្ភ ចំពោះ​កម្មករ​កម្មការិនី ដែល​កំពុង​ធ្វើការងារ​ជា​ក្រុម នៅ​ក្នុង​រោងចក្រ​នានា នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺជា​ហានីភ័យ​ខ្ពស់ អាចងាយ​ឆ្លង​មេរោគ​កូរ៉ូណា (Covid-19)។ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​នេះ បាន​ឲ្យដឹង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា «ស្នើសុំ​ឲ្យភាគី​និយោជក (ថៅកែ) ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​កម្មករ ដោយ​តម្រូវឲ្យ​ពួកគេ ពាក់ម៉ាស់ និង​មានទឹកសាប៊ូ ឬ​អាល់កុល លាង​សម្អាតដៃ មុនពេល​ចូល​ធ្វើការ និង​ក្រោយ​ម៉ោង​ការងារ»។ លោក បានបន្ថែម​ក្នុងសេចក្តី​ថ្លែង​ការណ៍​ថា «រាជរដ្ឋាភិបាល​កម្ពុជា សូម​ជួយ​ដាក់សម្ពាធ​ដល់​ក្រុមថៅកែ​រោងចក្រ​ទាំងអស់ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាកម្មករ ក្នុង​រឿង​នេះ​ឲ្យ​បាន​ឆាប់រហ័ស»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត (ប្រធាន) កាល​ពីថ្ងៃ​ទី ១៧ ខែ​​​​​មីនា ម្សិល​​មិញ បាន​​​អំពាវនាវ ដល់​​ពលរដ្ឋ​​​​ខ្មែរ ឲ្យ​​ចូលរួម​​ទប់ស្កាត់​​ការរីក​​រាល​​ដាល​​​មេរោគ Covid-19 មាន​​ខ្លឹមសារ​​ថា «ពលរដ្ឋខ្មែរ គប្បី​ផ្អាក​ចូលរួម​ពិធី​ជួ​បជុំ និង​ពិធី​បុណ្យទាន​នានា ជា​បណ្តោះ​អាសន្ន។ ការ​ជួប​ប្រាស្រ័យ​ទាក់ទងគ្នា ជា​លក្ខណៈ​​មិត្ត​ភក្តិ ឬ​ជា​ដៃគូ​​ការងារ គួរ​តែ​មិន​​ត្រូវ​​ឲ្យ​ច្រើន​ជាង ២ នាក់ទៅ ៣ នាក់ ហើយ​​​ត្រូវ​​រ​ក្សា​​ចម្ងាយ​​​ពីគ្នា ពី ១ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ។ មុន​ពេល​​ជួប​គ្នា ត្រូវ​​​លាង​​​សម្អាត​​ដៃ ដោយ​​សាប៊ូ​លាង​ដៃ ឬ​អាល់កុល ហើយ​​​នៅ​​​ក្រោយ​​​ពេល​​​ជួបគ្នា ក៏ត្រូវ​​លាង​​​​​​សម្អាត​​​ដៃ​​​ដែរ។ ចូរយក «ការសំពះ​ជម្រាប​សួរ​» ជាប្រពៃណី​​​​ដ៏ល្អ​​របស់ខ្មែរ ធ្វើ​ជា​គោលការណ៍ ក្នុង​​​ការ​ជួប​ភ្ញៀវ ទាំង​វិស័យ​ការងារ និង​​ការជួបគ្នា​​ជា​ធម្មតា ដោយ​មិនត្រូវ​ជួប​ «ចាប់ដៃ» ​ទេ»។ (ត្រង់នេះ សូមអានលំអិត)។

ក្រសួងការបរទេស និង រដ្ឋសភាកម្ពុជា បាន​ជូនដំណឹង​ដល់មន្រ្តីរ​បស់​ខ្លួន​ថា «អនុញ្ញាត​ឲ្យ​មន្រ្តី ធ្វើការ​តាមផ្ទះ» ជំនួស​ការមក​ជុំគ្នា នៅ​តាម​ការិយាល័យ។ ករណី​ចាំបាច់ និង​បន្ទាន់ មន្រ្តី​រាជការ​ អាចមក​ធ្វើការ​នៅការិយាល័យ តាម​ការណែនាំ​ពី​ប្រធានរបស់​ពួកគេ។

ជាមួយគ្នានេះ ក្រសួងអប់រំជាតិ ក៏បានប្រកាសបិទសាលារៀនទូទាំងប្រទេស រួមទាំងសាលារដ្ឋ និងឯកជន ដែលហៅថា វិសមកាលបន្ថែម ដោយបន្ថែមទៅលើវិសមកាលចូលឆ្នាំថ្មី ខែមេសា ខាងមុខ។

ផលវិបាកនៅក្នុងវិធានការប្រយុទ្ធប្រឆាំងមេរោគ Covid-19 នៅកម្ពុជា គឺ៖
– ប្រព័ន្ធសុខាភិបាលខ្មែរ នៅទន់ខ្សោយ។
– សេវាមណ្ឌលខុសភាពនីមួយៗ នៅយឺយ៉ាវ។
– ក្រៅពីវិទ្យាស្ថាបប៉ាស្ទ័រ (Pasteur Institute, Cambodia) គឺគ្មាន​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​ណា មាន​សមត្ថភាព​ពិនិត្យ​មេរោគនេះទេ។
– មន្ទីរទេព្យ ឬគ្លីនិកឯកជន មិនអាចធ្វើរោគវិនិច្ឆ័យ ប្រភេទ​ជំងឺ Covid-19 ជំនួសវិទ្យាស្ថាន​​ប៉ាស្ទ័រ បាន​ទេ។
– ចំណាត់ការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន យ៉ឺតយ៉ាវ និង​មិនសូវប្រាកដប្រជា បន្ទាប់លោក ហ៊ុន សែន ប្រកាស​មើល​ស្រាល​មេរោគ Covid-19 នេះ ពេញមួយ​ខែ មករា និង ពេញមួយខែ កុម្ភៈ ឆ្នាំ ២០២០​។

(អត្ថបទដោយ ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /១៨ មីនា ២០២០)

.

.