អត្ថបទ The Cambodia Daily
08th-9-2022

នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​អភិបាល​សាលា​រាជធានី​ភ្នំពេញ ឲ្យ​បន្ត​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា និង​យកចិត្ត​ទុកដាក់​ជួយ​សហគមន៍​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា ​ដោយ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​រៀន​សូត្រ និង​បំពេញ​ការងារ​នៅ​កម្ពុជា​ឲ្យ​បាន​ងាយស្រួល។

ការ​បន្ត​ស្នើ​ជា​ថ្មី​ទៀត​នេះ បាន​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ រវាង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) ជាមួយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ នា​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២។

សារព័ត៌មាន​វៀតណាម ឈ្មោះ Quan Doi Nhan Dan បាន​ចុះផ្សាយ​ថា ក្នុង​ជំនួប​ទ្វេភាគី​នោះ នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh បាន​ស្នើ​ឲ្យ​លោក ឃួង ស្រេង បន្ត​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា និង​យកចិត្ត​ទុកដាក់​ជួយ​សហគមន៍​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា ដោយ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​រៀន​សូត្រ​ និង​​បំពេញ​​ការងារ​​នៅ​កម្ពុជា​បាន​ងាយស្រួល

ក្រៅពី​ស្នើ​ឱ្យ​ជួយ​ពលរដ្ឋ​ខ្លួន​ហើយ លោក Pham Minh Chinh ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា ​បន្ត​ជួយ​ឧបត្ថម្ភ និង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល ​សម្រាប់​គម្រោង​មន្ទីរពេទ្យ​ជោរៃ-ភ្នំពេញ ព្រមទាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ប្រជាជន​​នៃ​​ប្រទេស​ទាំង​ពីរ ​ដែល​កំពុង​រស់នៅ​តាម​ព្រំដែន​ថែម​ទៀត​ផង

ជា​ការ​ឆ្លើយតប អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើង​ថា កម្ពុជា​មិន​ដែល​ភ្លេច​គុណ​ដ៏​ធំធេង​របស់​វៀតណាម ក្នុង​ការ​ជួយ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ឡើយ

ការ​ស្នើ​របស់​រដ្ឋាភិបាល​វៀតណាម ក្រោយពី​សាធារណជន​បាន​ប្រតិកម្ម​ ចំពោះ​ការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

.