គណៈកម្មាធិការ​ព្រំដែន​កម្ពុជា របស់​លោក វ៉ា គឹមហុង បដិសេធ​​ភ្លាមៗ នូវ​ការផ្ស​ព្វផ្សាយព័ត៌មាន​ដែល​​ថា ​វៀតណាម ឆ្លង​ព្រំដែន ចូល​​មក​ហាម​ឃា​ត់​​ពលរដ្ឋ​​ខ្មែរ ​មិន​​ឱ្យ​​ធ្វើ​​ស្រែ​ចម្ការ នៅ​លើ​ដី​ស្រែ​របស់​ខ្លួន​ ក្នុង​ភូមិ​​ត្រពាំង​ថ្លុង ឃុំ​​ត្រពាំង​ថ្លុង ស្រុក​​ពញាក្រែក​ ខេត្ត​​ត្បូង​ឃ្មុំ។

ប្រតិកម្ម​ដែល​គ្មាន​ការចុះ​ស៊ើប​អង្កេត របស់គណៈ​កម្មាធិការ​ព្រំដែន​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍ មាន​ខ្លឹម​សារ​លាយឡំ ជាមួយ​ការគំរាម​កំហែង​ផង ចុះ​ផ្សាយនៅ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ដោយ​បាន​ចោទ​ប្រកាន់​ប្រភព​ផ្តល់​ដំណឹង និង​អ្នក​ចែក​ចាយ​​ព័ត៌មាន​លើ​បណ្តាញ​សង្កម​ថា «ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​មាន​ចេតនា​បង្ខូចឈ្មោះ​រដ្ឋាភិបាល»

ការផ្សព្វផ្សាយ​ដំណឹង​អំពី​អាជ្ញាធរ​វៀតណាម ធ្វើ​សកម្មភាព​​ឆ្លងព្រំដែន​ ចូល​ក្នុង​ទឹក​ដី​កម្ពុជា និង​ហាម​ប្រាម​ពលរដ្ឋ​ខ្មែរ មិន​​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន បាន​កើត​ឡើង​តាំង​ពីថ្ងៃទី ២៥​-​២៦ ខែ​មីនា កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​មាន​ភ្ជាប់​វីដេអូ​ ជា​តឹក​តាង​ផង។

វិទ្យុវីអូឌី (VOD) បាន​ដក​ស្រង់​សំដីម្ចាស់​ទំព័រ​ហ្វេសប៊ុក​ William Guang (ឈ្មោះពិតគឺលោក សុខ សុវណ្ណ​វឌ្ឍនា សារាបុង) ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​​គណបក្ស​​ខ្មែរ​ក្រោក និង​ ជា​​សមាជិក​​ឧត្តម​ក្រុម​ប្រឹក្សា​​ពិគ្រោះ​ និង​​ផ្ដល់​យោបល់​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ផង​នោះ បាន​បង្ហោះ​នូវ​​វីដេអូ និង​​សារ​ពាក់​ព័ន្ធ​ ដែល​អាជ្ញាធរ​វៀតណាម ​ចូល​​មក​​ដេញ​ពលរដ្ឋ​​ខ្មែរ ​មិន​​ឱ្យ​​ធ្វើ​ស្រែ​ ក្នុង​​ដី​ខ្មែរ ​បើ​ទោះ​​បី​ដី​ធ្លី​ទាំង​នោះ ​ត្រូវ​​បាន​​គណៈកម្ម​ការ​​ព្រំ​ដែន​​ប្រទេស​​ទាំង​ ២ បាន​​បោះបង្គោល​រួច​​ហើយ​​ក្ដី។ លោក ​បាន​​សរសេរ​ និង​​ចោទ​​ជា​​សំណួរ​ថា​ «រឿង​​អី​​​អាជ្ញាធរ​វៀតណាម មាន​សិទ្ធិ​ឆ្លង​​ចូល​​ដី​ខ្មែរ​ មក​​ហាម​​ឃាត់ ​មក​​ដេញ​​ពលរដ្ឋ​ខ្មែរមិន​​​ឱ្យ​ធ្វើ​ស្រែ​ លើ​ដី​ខ្មែរ?»

ចំណែក​សេចក្តីថ្លងការណ៏​របស់គណៈ​កម្មាធិការ​ព្រំដែន នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​លើក​ឡើង​ថា «គ្មាន​បញ្ហា​អ្វីកើត​ឡើង​ទេ នៅ​តាម​ព្រំដែន​ជាមួយ ថៃ ឡាវ និង​វៀតណាម»។ ​គណៈកម្មាធិការ​​​ព្រំដែន​នេះ​ថា ​កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន ៨៤% រួចហើយ ​ហើយ​​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក៏​បាន​ធ្វើ​​សន្និសញ្ញា​ព្រំ​ដែន​បំពេញ​បន្ថែម ​ឆ្នាំ ​២០១៩ ហើយ​ដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ មាន​​សិទ្ធិ​​កាន់​កាប់​ដីស្រែ​ចំការ​របស់ខ្លួន​​។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រាប់​វិទ្យុ​វីអូឌី ​​ថា «ការ​ឆ្លើយ​​តបរ​បស់​​គណៈកម្មាធិការ​​ព្រំ​ដែន ​ទៅ​នឹង​​ការ​លើក​​ឡើង​ របស់​​ពលរដ្ឋ​ គឺហាក់​​បី​ដូច​​ជា​​លឿន​​ពេក។ ​គណៈកម្មាធិការ​​នេះ ​គួរ​​តែ​​ចុះ​​ពិនិត្យ​​ឱ្យ​​បាន​​ហ្មត់​ចត់សិ​ន​ មុន​​នឹង​​ប្រតិកម្ម​ ចំពោះ​​ពលរដ្ឋ​របស់​ខ្លួន ​បែប​​នេះ​​នោះ»

អ្នកជំនាញព្រំដែន និងក្រុម​អ្នកឃ្លាំមើលព្រំដែន​ខ្មែរ បាន​រំលឹក​ពី​ដំណើរដើម​ទង នៃ​ការ​កំណត់​បង្គោល​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម ថារដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​អ្វីៗទៅ​តាម​តែ​ការចង់បាន​របស់​វៀតណាម។

គួរបញ្ជាក់ថា កាលពី​​ខែ​តុលា ឆ្នាំ ២០០៥ និងខែធ្នូ ឆ្នាំ ២០១៩ មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បាន​ចុះ​​សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​​បន្ថែម ២ ទៀត ដ៏ចម្រូង​​ចម្រាស​​បំផុត ដោយ​បន្ថែម​​ខ្លឺមសារ​​ទៅលើ សន្ធិសញ្ញា​​កំណត់​ព្រំដែន​​​ខុស​ច្បាប់ ឆ្នាំ​​១៩៨៥ ជាមួយ​​វៀតណាម ហើយ​​មាន​​ភ្ជាប់ផែនទី​​ព្រំដែន ដែល​​បោះពុម្ព​ឡើងវិញ ​នៅ​​វៀតណាម​ ជាផែនទី​មាន​មន្ទិលសង្ស័យ​ផង។ សន្ធិសញ្ញា​​ព្រំដែន​ថ្មីៗ​​ទាំងនេះ តម្រូវ​​ឲ្យ​មាន​​ការបោះ​បង្គោល​​ព្រំដែន និង បោះ​បង្គោល​​តម្រុយ​​ព្រំដែន រំកិល​​ចូល​​ក្នុង​ទឹកដី​ខ្មែរ ពីសំណាក់​​វៀតណាម

អ្នកជំនាញព្រំដែន និង ក្រុមអ្នក​ធ្វើកិច្ចការ​ព្រំដែន​ខ្មែរ នៅ​តែ​បន្ត​​ជំរុញ​​ឲ្យ​របប​​ដឹកនាំ​​​លោក ហ៊ុន សែន លុប​​ចោល​​សន្ធិសញ្ញា និង​​កិច្ចព្រម​ព្រៀង​​ខុសច្បាប់​​នានា ដែល​​បាន​ព្រម​ព្រៀង​​ជាមួយ​ ​វៀតណាម ហើយ​​ជំរុញ​​ឲ្យដោះស្រាយ​​រឿង​​ព្រំដែន​នេះ តាម​​យន្តការ​​អន្តរជាតិ រួម​​មាន កិច្ចព្រមព្រៀង​​ទីក្រុង​​ប៉ារីស ឆ្នាំ ១៩៩១ និង​​តាម​​ផ្លូវ​​តុលាការ​​អន្តរជាតិ៕

(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ០២ មេសា ២០២០)

ឯកសារភ្ជាប់
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download

.