ពលរដ្ឋខ្មែរ និង​ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតុន ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ដោះលែង​ក្រុម​សកម្មជន​ខ្មែរ ដែល​ត្រូវ​បានអាជ្ញាធរ​ចាប់​ឃុំខ្លួន​ជាបន្ត​បន្ទាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​

អ្នករៀបចំបាតុកម្ម​នេះ លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ​នៃ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​បញ្ជាក់​ថា មាន​បងប្អូន​ខ្មែរ​ចូលរួម ១០​នាក់ ខណៈពេល​​ស្ថានភាព​មេរោគ​កូវីដ-១៩ (Covid-19) ជាមេរោគរាតត្បាត​ជា​សកល។ ក្រោយ​ពីក្រុមបាតុករ​បាន​ថ្លែង​សារ​រួច ពួកគេ​បាន​ទៅចុចកណ្តឹងផង និង​គោះទ្វារ​ស្ថានទូតផង ដើម្បីដាក់ញត្តិ ប៉ុន្តែ​គ្មានតំណាង​ណា​ម្នាក់ ចេញ​មក​ទទួល​ញត្តិទេ។ ក្រុមបាតុករ ក៏សម្រេចចិត្ត​ដាក់​ញត្តិនោះ ចូលទៅ​ក្នុង​ប្រអប់សំបុត្រ​របស់​ស្ថានទូត​ខ្មែរ​តែម្តង។ នេះបើតាមវីដេអូផ្សាយផ្ទាល់របស់ សារព័ត៌មាន ឌីខេមបូឌា ដេលី (The Cambodia Daily) នៅថ្ងៃបាតុកម្ម។

ខាងក្រោមនេះ ជាខ្លឹមសារទាំងនៃញត្តិ ដែលផ្ញើជូនទៅលោក ហ៊ុន សែន។ (អាច​ទាញ​យក​ត្រង់​នេះ / Download)។

ញត្តិជូនរដ្ឋាភិបាលកម្ពុជា
តាមរយៈលោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក

យើងខ្ញុំ ជាពលរដ្ឋខ្មែរ-អាមេរិកាំង មកជួប​ជុំគ្នា​សម្តែង​មតិនៅ​ថ្ងៃនេះ ដើម្បី​ផ្ញើ​សារសំឡេង និង​ការទាមទារ​របស់​យើងខ្ញុំ តាម​រយៈលោកឯកអគ្គរាជទូត​កម្ពុជា​ប្រចាំសហរដ្ឋ​អាមេរិក ជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាលរបស់លោក​ ។ យើងខ្ញុំ ជម្រុញ​​​លោក​នាយករដ្ឋមន្ត្រី ឲ្យស្តារ​មុខមាត់​ប្រទេស​កម្ពុជា​ទ្បើងវិញ ដោយ​ដោះលែ​ង​អ្នកទោស​មនសិការ និងអ្នកទោសនយោបាយ​ទាំងអស់ ដោយ​គ្មានលក្ខខណ្ឌ និង​ជាបន្ទាន់។

យើងខ្ញុំ សូមទទូចឲ្យដោះលែងលោក រ៉ុង ឈុន ព្រះភិក្ខុ កើត សារ៉ាយ លោក មាន ព្រហ្មមុនី កញ្ញា អេង ម៉ាឡៃ (ហៅ សូ មេត្តា) លោក មួង សុភក្រ្ត លោក ថា ឡាវី យុវតី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ យុវតី ស កន្និកា លោក សួង សុភ័ណ្ឌ កញ្ញា សាន ស្រីនិច លោក ថុន រដ្ឋា កញ្ញា ភួង កែវរស្មី កញ្ញា ឡុង គន្ធា លោក គា សុគន្ធ លោក ឡុង ពុទ្ធារ៉ា និងអ្នកឯទៀត ដើម្បីពួកគាត់អាចអនុវត្តសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ ។ យើងខ្ញុំក៏ទទូចឲ្យទម្លាក់​ចោលបទ​ចោទ​នានា ប្រឆាំងនឹងអ្នកនយោបាយ និងផ្ដល់​សេរីភាព​នយោបាយពេញ​លេញ ដល់ពួក​​គាត់ឡើងវិញ រួមមាន លោក កឹម សុខា លោក សម រង្ស៊ី និងសហការីទាំងអស់ នៃគណបក្ស​សង្គ្រោះជាតិ។ 

លោក ឯកអគ្គរាជទូតកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹង​ច្បាស់​ណាស់​ថា ក្រៅ​ពីលោក កឹម សុខា លោក សម រង្ស៊ី និងសហការីជាន់ខ្ពស់ នៃគណបក្ស​សង្គ្រោះ​ជាតិនោះ អ្នកទោស​មនសិការ​គ្រប់រូប សុទ្ធតែ​ជាសកម្មជន​សង្គម និង​ពលរដ្ឋ​សាមញ្ញ ដែល​ហ៊ាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ជាពលរដ្ឋល្អ​ថ្លៃថ្នូរ ក្នុងគោលដៅ​នាំចម្រើន​ដល់​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌​សង្គម និង​បុព្វហេតុ​ទឹកដីជាតិ ។​ សកម្មភាព​ពលិកម្ម​របស់​ពួកគាត់ គឺដើម្បី​ប្រយោជន៍​ជាតិ​យើង​ទាំងអស់គ្នា ដែល​ប្រកាស​ទទួលស្គាល់​ដោយ​ក្រុម​អ្នកសង្កេតការណ៍​គ្រប់​មជ្ឈដ្ឋាន ទាំងអ្នកការទូត ជាតំណាងនៃ​អង្គការ​សហប្រជាជាតិ សហភាពអឺរ៉ុប និង​បណ្ដាប្រទេស​ប្រជាធិបតេយ្យធំៗ ជាពិសេស​សហរដ្ឋអាមេរិក។ 

សមាជិកសភាអាមេរិក អាទ្បែន ទ្បូវ៉ែនថល (Congressman Alan Lowenthal) មានប្រសាសន៍​ថា «សកម្មជនទាំងអស់ គួរទទួលបាននូវការសាទរលេីកទឹកចិត្ត គឺ​ពុំ​មែន​​ដាក់​ពន្ធនាគារ​ទេ។ ពួកគាត់ គឺជាអនាគតកម្ពុជា» ។ ​ឧបការី​​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​បរទេស​​អាមេរិក​ ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ ​លោក រ៉ូប៊ឺត អេ. ដេស្ត្រូ​ (Robert A. Destro) បាន​រំឭកថា «សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​​សិទ្ធិ​សេរី​ភាព​​នៃ​​ការ​ជួបជុំតវ៉ា ​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃប្រទេសកម្ពុជា ។​ សហ​រដ្ឋអាមេរិក ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ចំពោះ​​ការ​ចាប់​ខ្លួន​ អ្នក​​ដែល​អនុវត្ត​​សេរីភាព​ទាំង​នេះ ​ហើយ​យើង​​ទទូច​ឲ្យ ​​រដ្ឋាភិបាល ​ដោះ​លែង​​ពួកគាត់​​ជា​បន្ទាន់​ និង​អនុញ្ញាត​ឲ្យ​ពួកគាត់​អាច​បញ្ចេញ​មតិ​បាន»។​

លោកស្រី រ៉ូណា ស្មីត ( Rhona Smith ) អ្នករាយការណ៍ពិសេស​នៃ​អង្គការ​សហ​ប្រជា​ជាតិ ផ្នែក​សិទ្ធិមនុស្ស​នៅកម្ពុជា និងជាអ្នកតាមដាន​ស្ថានការណ៍កម្ពុជា​យ៉ាងដិត​ដល់ ក៏​បានសម្ដែង​កង្វល់ ចំពោះការចាប់ខ្លួន​សកម្មជនខ្មែរ​ជាបន្តបន្ទាប់ ។ លោកស្រី មាន​ប្រសាសន៍​ថា «សិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ បង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ត្រូវបានការពារដោយនិយាម និងបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ» ។ លោកស្រី ជម្រុញឲ្យអាជ្ញាធរកម្ពុជា «ធានាថា សិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គលម្នាក់ៗអាចអនុវត្ត សិទ្ធិទាំងនេះ»។ 

ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អ្នកស្ថានការណ៍ជាតិនិងអន្តរជាតិ ដៃគូវិនិយោគ​បរទេសធំៗ និង​សហគមន៍ម្ចាស់​ជំនួយ​អន្តរជាតិ ដឹងច្បាស់ណាស់ថា ការចាប់​ឃុំខ្លួន​ព្រះសង្ឃ ក្រុម​យុវជន និងយុវតី​ថ្មីៗនេះ គឺជាការរំលោភ​លើច្បាប់បាតុកម្ម​ដោយសន្តិវិធី និង​ជាពិសេស​បំពានយ៉ាង​ធ្ងន់ធ្ងរ លើខ្លឹមសារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពេលរដ្ឋាភិបាល​ខ្លួនឯង មិនគោរព​ច្បាប់ដោយខ្លួនឯង គឺជា​ការមើល​ងាយ​ប្រជាពលរដ្ឋ​ខ្មែរម្ចាស់ប្រទេស​ផង និងជាការចំអកខ្លាំងណាស់ ចំពោះសហគមន៍​អន្តរជាតិ ដែលតែងតែមានសមានចិត្តជួយជ្រោមជ្រែងជីវភាពពលរដ្ឋខ្មែរទូទៅផង ។

ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អ្នកស្ថានការណ៍ជាតិនិងអន្តរជាតិ ដៃគូវិនិយោគបរទសធំៗ និង សហគមន៍ម្ចាស់ជំនួយអន្តរជាតិ ដឹងច្បាស់ណាស់ថា រដ្ឋាភិបាលនៃលោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន ប្រើប្រាស់បទញុះញង់ឲ្យប្រព្រឹត្តបទល្មើស គន្ថីទី៤ មាតិកាទី១ ជំពូក​ទី​៣ ផ្នែកទី៣ នៃក្រមព្រហ្មទណ្ឌ ដែលមានវិសមិតភាព​នឹងខ្លឹមសារ​រដ្ឋធម្មនុញ្ញ ដើម្បីជាមធ្យោបាយ​បំភិតបំភ័យ​ពលរដ្ឋស្លូតត្រង់ ដែលចង់​បញ្ចេញមតិ និងចាប់​អ្នកតវ៉ា​អហិង្សា ដាក់គុកងាយៗ ។ ពេលរដ្ឋាភិបាលខ្លួនឯង ប្រើឈ្មោះច្បាប់ដើម្បី ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋជាតិ​ឯង​បែបនេះ គឺជាការបំបាក់​ស្មារតី​ជាតិឯងផង បន្លាចក្រុមវិនិយោគិន​បរទេស ល្អៗផង និងធ្វើឲ្យសហគមន៍​ម្ចាស់ជំនួយ​អន្តរជាតិធំៗ ធុញទ្រាន់នឹង​ស្ថានភាព​កម្ពុជាផង ព្រោះឃើញ តែទង្វើបំភ្លៃ​ និង​ការបំភ័ន្ដរបស់​​រដ្ឋាភិបាល​​កម្ពុជា។ 

ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អ្នកស្ថានការណ៍ជាតិ និង​អន្តរជាតិ ដៃគូ​វិនិយោគ​បរទសធំៗ និង សហគមន៍ម្ចាស់ជំនួយអន្តរជាតិ ដឹងច្បាស់ណាស់ថា រដ្ឋាភិបាល​នៃ​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន កំពុងតែដឹកនាំប្រាសចាកកាន់តែឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ និងសន្ដិភាព ដោយការប្រើប្រាស់ វិធីចោទប្រកាន់​ខ្មែរជាតិឯង ជាជន​ក្បត់ជាតិ ឬជាឧទ្ទាម​ក្រៅច្បាប់ ពេលមាន​ទស្សនៈផ្ទុយគ្នា​អំពីវិវត្តន៍​សង្គម ។ លទ្ធិប្រជាធិបតេយ្យ​រឹងមាំ និងសន្ដិភាព​សុខសាន្តពិត សម្រាប់ប្រទេស​ជាតិមួយ ជាសកល គឺទាល់តែមានគោលការណ៍​ដំណោះស្រាយ​នូវរាល់ជម្លោះ និងការខ្វែង​គំនិតគ្នា ដោយ​គ្មានអំពើហិង្សា គ្រប់ទម្រង់ ព្រមទាំងការផ្សះផ្សាគ្នា​ជាមូលដ្ឋាន គឺពុំមែន​ទង្វើ​សម្លុត​បំភ័យ ខ្នោះ និងគុកទេ នៅពេល ភាគីណាមួយ គ្រាន់តែសម្ដែង​ទស្សនៈ​មតិ​របស់​ពួកគេនោះ

 ករណីទាំងអស់នេះ កំពុងធ្វើឱ្យអ្នកវិនិយោគធំៗ ដៃគូអភិវឌ្ឍន៍​នានា និង​សហគមន៍អន្តរជាតិ មើល​មកមេដឹកនាំ​កម្ពុជា ក្នុងផ្លូវ​កាន់​តែ​អាក្រក់ ។ ពលរដ្ឋខ្មែរ​កំពុង​ធ្លាក់​ក្នុងស្ថានភាព​ជូរចត់ បាត់ការងារ​ជាប់បំណុលវ័ណ្ឌក និងរអិល​ចូល​គ្រោះទុរភិក្ស ។ រដ្ឋាភិបាល កំពុងប្រឈម​សម្ពាធធ្ងន់ធ្ងរ​ពីសហគមន៍ អន្តរជាតិលោកសេរី​ប្រជាធិបតេយ្យ ៖ សហភាពអឺរ៉ុបព្យួរ​​ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម អ៊ីប៊ីអេ (EBA) ២០% និងនិន្នាការ​នៃការដាក់កម្ពុជាក្នុងបញ្ជីខ្មៅ​នៃបណ្ដាប្រទេស​លាងលុយកខ្វក់ ព្រមទាំង​សហរដ្ឋ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន​អាជីកម្មមន្ត្រី​ជាន់ខ្ពស់ខ្មែរ-ចិន ។ ប្រទេសជាតិកម្ពុជា បាត់កេរ្តិ៍ឈ្មោះ និងលស់​ព្រលឹងជាតិ ដែលរុំរុក​ដោយវិបត្តិ​បំណុលបរទេស និងជម្ងឺជម្លោះ​ផ្ទៃក្នុងជាតិ។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ៃឃើល ផុមភេអូ (Michael R. Pompeo) ថ្លែង​បញ្ជាក់​ច្បាស់ នូវគោលជំហរ​របស់សហរដ្ឋអាមេរិកថា «យើងនឹងមិន​លើកលែង​ឱ្យ​សកម្មភាពទាំងទ្បាយណា ដែលប្រឆាំងនឹង​ជនស្លូតត្រង់ ហើយសហរដ្ឋអាមេរិក​ នឹងឈរការពារប្រជា​ពលរដ្ឋខ្មែរ​ជានិច្ច»។ លោក ឯកអគ្គរាជទូតខ្មែរប្រចាំអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹងច្បាស់ណាស់ថា ជំហរការទូត និងការសម្រេច​ចិត្តនានា​របស់សហរដ្ឋ​អាមេរិក មានលក្ខណៈជា តំណាងឥទ្ធិពលធំណាស់ លើជំហរការទូត​នៃ​អង្គការ​សហប្រជាជាតិ បណ្ដាប្រទេស​ក្នុងសហភាព​អឺរ៉ុប និងក្រុមប្រទេស​សម្ព័ន្ធមិត្ត​លោកសេរី​ផ្សេង​ទៀត ដូចជា កាណាដា អង់គ្លេស ជប៉ុន និងអូស្ត្រាលី ជាដើម។

យើងខ្ញុំ មើលឃើញថា ប្រទេសកម្ពុជាយើង នឹងត្រូវជួបវិបត្តិធំៗច្រើនទៀត ជាពិសេស​រង​សម្ពាធ ពីភាគីសហគមន៍​អន្តរជាតិ​ប្រជាធិបតេយ្យ ប្រសិន​បើរដ្ឋាភិបាល​នៃលោក ហ៊ុន សែន មិនសម្រួល​ស្ថានការណ៍​នយោបាយ ទៅកាន់ការស្ដារ​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​របស់កម្ពុជាឡើងវិញ។

ដើម្បីស្ដារមុខមាត់កម្ពុជាយើង សូមនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមដោះលែងអ្នកទោស មនសិការ និងអ្នកទោសនយោបាយទាំងអស់ ។ យើងខ្ញុំ ក៏ទាមទារឲ្យរដ្ឋាភិបាលនៃលោក ហ៊ុន សែន ស្នើទៅសភាកម្ពុជា ធ្វើវិសោធនកម្មលុបចោល « បទញុះញង់ឲ្យប្រព្រឹត្តបទល្មើស » ដើម្បីធានា សេរីភាពបញ្ចេញមតិ និងការជួបជុំសម្តែងមតិរបស់ពលរដ្ឋ ដោយគ្មានការភ័យខ្លាច ឲ្យស្របនឹងសេចក្ដី ប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។

សូមលោក ឯកអគ្គរាជទូត បញ្ជូនញត្តិរបស់យើងខ្ញុំ ទៅកាន់រដ្ឋាភិបាល​កម្ពុជា ឲ្យ​បានឆាប់ ហើយយើងខ្ញុំសង្ឃឹមថា លោកឯកអគ្គរាជទូត មានសេចក្ដី​ក្លាហាន​គ្រប់​គ្រាន់ នឹង​បំពេញ​តួនាទី​ជូន​យោបល់​ដល់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះលែង​ក្រុម​អ្នកទោសមនសិការ និង អ្នកទោស​នយោបាយ​គ្រប់រូប ជាបន្ទាន់ និងឲ្យលោក​នាយករដ្ឋមន្ត្រី ចេះបន្ទន់​ឥរិយាបថ​រកការផ្សះផ្សាជាតិ ដើម្បី​ស្ដារកិត្តិយស​ប្រទេសជាតិ​កម្ពុជា តាមការចង់​បាន​របស់ប្រជា​ពលរដ្ឋខ្មែ​រ​ទូទៅ ក្រុមវិនិយោគិន​បរទេស ដែលមានសក្ដានុពល​ល្អៗ ដៃគូ​អភិវឌ្ឍន៍នានា និងសហគមន៍​អន្តរជាតិ​ម្ចាស់ជំនួយធំៗ​របស់កម្ពុជា​។

ធ្វើនៅរដ្ឋធានីវ៉ាស៊ីនតុន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
ហត្ថលេខា និងឈ្មោះ (ទាញ​យក​ត្រង់​នេះ / Download)

អត្ថបទ៖ ចលនានិស្សិត SMD

.