Captureវងរងរ

នៅថ្ងៃ​សៅរិ៍ ទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្រ្តាលី ជួប​ជុំ​គ្នា​ធ្វើ​មហា​បាតុកម្ម នៅ​ខាង​មុខ​ការិយាល័យ​រដ្ឋសភា ទីក្រុង​អាដេឡែដ (Adelaide City) ភាគ​ខាង​ត្បូង​ប្រទេស។ ប្រធានបទ​នៃ​បាតុកម្ម​នេះ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​ជា​សមាជិក​សភា ព្រម​ទាំង​ទាមទារ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់ ដែល​កំពុង​ជាប់​ឃុំ​ឃាំង យ៉ាង​អយុត្តិធម៌ ហើយ​ទាម​ទារ​ផង​ដែរ ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ទូលាយ​នូវ​សេរីភាព នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន

សមាជិរដ្ឋសភា​អូស្ត្រាលី ប្រចាំរដ្ឋវីតូរីយ៉ា លោក ហុង លីម ដែល​គេ​ស្គាល់​ថា ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល ហ៊ុន សែន ហើយ​និង លោក ជា យូហន ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី គឺ​ជា​អ្នក​ដឹកនាំ​បាតុកម្ម​នេះ។ តាម​វីដអូ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក និង​បណ្តាញ​ការងារ​យើង បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ ចូល​រួម​ក្នុង​ចលនា​បាតុកម្ម នៅ​ថ្ងៃ​សៅរិ៍​នេះ។

ក្នុងចំណោមអ្នកចូលរួម ក៏មាន​តំណាងរាស្រ្ត និង មន្រ្តី​ជនខ្ពស់​អូស្រ្តាលី​មួយ​ចំនួន បាន​ថ្លែង​សុន្ទរកថា ជំរុញ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ និង​បើក​ចំហ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​ផង។

គួររំលឹកថា ថ្មីៗនេះ ក្រសួង​ការបរទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​នានា លើ​ពិភពលោក រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ និង សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​ឡែក​ពី​គ្នា ជំរុញ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ដោះ​លែង​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​ធានា​ប្រក្រតីភាព​ឡើង​វិញ ក្នុង​ការ​បោះ​ឆ្នាត​ជាតិ ខែ​កក្កដា ឆ្នាំ២០១៨ ។ (អត្ថបទដោយ ម៉ែន ណាត)

Captureដថថងថ

.