«{អាជ្ញាធរខ្មែរ} ហាក់ដូចជា​មាន​ការ​សហការគ្នា ជាមួយ​នឹង​​អាជ្ញាធរ​​វៀតណាម​ ក្នុង​ការ​រារាំង ឬ​​ក៏​បំភិតបំភ័យ​​​ទៅ​​លើ​​យុវជន មិន​ឲ្យ​ចូល​​រួម​ក្នុង​​សកម្មភាព​​ការពារ​​ព្រំដែន​របស់​​យើង។ ហើយ​​យើង​​ឃើញ​ទៀត​​ថា អាជ្ញាធរ​​វៀតណាម ផ្ទុយ​ពី​​{អាជ្ញាធរ}​ខ្មែរ​​ដាច់​​ស្រឡះ គឺគេ​​ជំរុញ​ណាស់​​ឲ្យយុវជន ឲ្យនិស្សិត បញ្ញវន្ត ចុះសិក្សា​​ស្រាវ​ជ្រាវ​​{ព្រំដែន}។ ហើយ​គេមាន​ទាំង​កងកម្លាំង នាំ​និស្សិត​​ទៅ​មើល​{ព្រំដែន}ទៀត​ផង»។ នេះជាការ​លោក​ឡើង​​របស់​លោក មួង សូនី សមាជិក​​ក្រុមអ្នក​ស្រាវជ្រាវ ១០០រាត្រី និង​ជាប្រធាន​​សមាគម​​និស្សិតបញ្ញវន្ត​ខ្មែរ ដែល​បាន​ចុះទៅ​តំបន់​ព្រំដែន ជាមួយ​ក្រុមការងារ ៤ នាក់​ទៀត នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ឃុំសំពៅពួន ស្រុក​កោះធំ​ ខេត្តកណ្តាល។ នេះបើ​តាម​ការផ្សាយ​របស់វិទ្យុ​អាស៊ីសេរី (RFA Khmer)។

លោក មួង សូនី ថ្លែងថា រូបលោក និង​ក្រុម​ការងារ ត្រូវបាន​យោធា​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខ្មែរ ​កង​សេនាតូច​​លេខ​៣ មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពិនិត្យព្រំដែន ក្នុង​តំបន់​ដែល​យោធា​វៀតណាម ឈ្លានពានចូល​ចូល​​មក​បោះ​តង់​​ក្នុង​ទឹកដី​ខ្មែរ នៅ​ឃុំសំពៅ​ពួន ស្រុក​កោះធំ នោះទេ។ លោក សូនី និយាយថា ការ​ហាម​​ប្រាមរបស់អាជ្ញាធរដែលថា «បារម្ភពីសុវត្ថិភាព {ខ្លាច​ទាហាន​វៀតណាម​ចាប់ខ្លួន និងករណី​​ឆ្លង​​ជំងឺ​​កូរ៉ូណា}» គឺ​គ្រាន់​តែ​ជាលេល​​ប៉ុណ្ណោះ។

ដោយ​ឡែកលោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា និង​ជាប្រធាន​សហភាព​​សហជីព​​កម្ពុជា បាន​ចុះ​​ទៅ​​ជាមួយ​​​ក្រុមការងារ ៣ រូប​ទៀត កាល​​ពីថ្ងៃទី ០២ ឧសភា ក៏ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ រារាំង​មិឲ្យ​ចូល​ទៅ​កាន់​តំបន់ព្រំដែន នៅ​ទីនោះ​ដែរ។

«ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បាន​អំពាវនាវ​​​ឱ្យ​​ពលរដ្ឋ​​ខ្មែរ​​​ទាំងអស់ ចូលរួម​​​ការពារ​​​បូរណភាព​​​​ទឹក​ដី​​​​កម្ពុជា ​​តាម​​​បណ្ដោយ​​​​ព្រំដែន តាម​​រយៈ​​​សកម្មភាព​​​ចុះ​​​ពិនិត្យ​​​ស្ថានភាព​​​ព្រំដែន និង​​​ការ​សរសេរ​​​​ញត្តិ ​​ជាដើម ដើម្បី​​​ឱ្យ​​​រដ្ឋាភិបាល​​ ធានា​ថា ទឹកដី​ខ្មែរ​​​ គ្មាន​​​ការបាត់​បង់​​ ​ទៅ​​​ប្រទេស​​​ជិត​ខាង»។ នេះ​បើ​តាម​ការផ្សាយរបស់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី ០៣ ឧសភា។

លោក រ៉ុង ឈុន បាន​ថ្លែងថា «ពលរដ្ឋ​​​មាន​​​កាតព្វកិច្ច​​​ចំបាច់​​​ការពារ​​ព្រំដែន ដែល​​ធានា​​​ដោយ​​​រដ្ឋ​ធម្មនុញ្ញ​ ​​ដើម្បី​​​ទាមទារឱ្យ​​រដ្ឋាភិបាល មាន​​​ជំហរ​​​ច្បាស់​លាស់ ​ដោះស្រាយ​​​បញ្ហា​​ព្រំដែន ជាមួយ​​​ប្រទេស​ជិត​ខាង​ ​ឱ្យ​​បាន​​​ត្រឹម​​ត្រូវ​​ តាម​​ច្បាប់​ជាតិ និង​​អន្តរជាតិ ជាពិសេស​​​ស្របតាម​ ​កិច្ចព្រម​​ព្រៀង​​​សន្តិភាព​​ទីក្រុង​ប៉ារីស​ ​ឆ្នាំ​ ១៩៩១»។

ទ្យុអាស៊ីសេរីបានដកស្រង់សំដីអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា​រឿង​ព្រំដែន​នេះ មិន​មែន​ជាកិច្ចការ​របស់​ពលរដ្ឋ និង​ក្រុម​យុវជន​ទេ វាជា​​ការងា​​រ​​របស់​​គណៈកម្មការ​​{ព្រំដែន​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ}។ លោក​ថ្លែងថា «{រដ្ឋាភិបាល}​ ស្នើ​​សូម​​ឱ្យ​​ពលរដ្ឋ ត្រូវ​​​រក្សា​​​ភាព​​ស្ងប់​​ស្ងៀម​​​ចំពោះ​​​បញ្ហា​​​នេះ ព្រោះ​​​រដ្ឋាភិបាល​​ កំពុង​​​ដោះស្រាយ​​​តាម​​​គោលការណ៍ ​ដែល​​​ភាគី​​ប្រទេស​ទាំ​ង​ពីរ បាន​​​ចុះ​ហត្ថលេខា​​រួច ក្នុង​​​ការ​អនុវត្ត​ខ្សែ​​ព្រំដែ​ន​​សន្តិភាព សហប្រតិបត្តិការ និង​​​ការ​អភិវឌ្ឍ»។ លោក បន្ថែមថា «ភាគី​ប្រទេស​​​ទាំងពីរ កំពុង​​​ដោះស្រាយ​​​បញ្ហា​ព្រំដែន​​​​​យ៉ាង​​​​ប្រយ័ត្ន​ប្រយែង ចៀស​​វាង​​​បង្កើត​​​បាន​​​ជា​​អំពើ​​ហិង្សា»

រដ្ឋមន្រ្តីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពីថ្ងៃទី ៣០ មេសា បាន​ថ្លែងថា កម្ពុជា​​គ្រោង​ធ្វើលិខិត​កំណត់ទូត តវ៉ា​ទៅ​ប្រទេស​វៀតណាម ករណី​​​ទាហាន​​​វៀតណាម ចូល​​មក​​បោះតង់ ​៩ ​កន្លែង​ផ្សេង​គ្នា ក្នុង​​ទឹក​ដី​​​កម្ពុជា នៅ​​​តំបន់​​​ព្រំដែន​ ​​ឃុំសំពោះពួន ស្រុក​​កោះធំ ខេត្ត​កណ្ដាល។

ក្រុមអ្នកឃ្លាំមើល ត្រូវបានសារព័ត៌មាន​​មួចំនួន ដក​​ស្រង់​សំដី​ចុះផ្សាយថា រដ្ឋាភិបាល​កម្ពុជា គ្មាន​ភាពប្រាកដ​ប្រជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ ជាមួយ​វៀតណាម​ ឲ្យបានត្រឹមត្រូវ និង​ស្មើភាព​ទេ។ ទោះបីយ៉ាងណាក្តី ក្រុមអ្នកឃ្លាំមើល អំពាវឲ្យេ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​លើយ​កបញ្ហ​ព្រំដែននេះ ទៅ​ដោះស្រាយ​តាម​យន្តការអន្តរជាតិ៕

(អត្ថបទដោយលោក នគរ / ០៤ ឧសភា ២០២០)

អត្ថបទទាក់ទង
លោក រ៉ុង ឈុន ​អំពាវ​​នាវ​​​ឱ្យ​​​ពលរដ្ឋ​ចូលរួម​​ការពារ​​រឿង​​ព្រំដែន​​កម្ពុជា ជាមួយ​​​វៀតណាម
លោក ម៉ែន ណាត៖ កម្ពុជា​នឹង​រួញ​ទឹកដី​​តូច​​ថែម​​​ទៀត​ បើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន មិន​​ហ៊ាន​​ប្តឹង​​វៀតណាម
ប្រតិកម្ម​ចម្រុះ​ចំពោះ​យោធា​វៀតណាម បោះ​តង់ចូល​ទឹកដី​ខ្មែរ ស្រុក​កោះធំ ជា​ការ​ឈ្លាន​ពាន​ថ្មី​ទៀត​ ខណៈ​ក្រសួង​ការបរទេស​ខ្មែរ គ្រោង​តវ៉ា​ការទូត
– ឯកសារ៖ ក្រុមប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា បង្ហាញ​​​ការ​​​ដោះ​​ស្រាយ​​​​បញ្ហា​​​​បូរណ​ភាព​​​​ទឹក​ដី តាម​​​យន្តការ​​​​​អន្តរជាតិ
– ក្រសួងការបរទេសខ្មែរ គ្រោង​ធ្វើ​លិខិត​តវ៉ា​ទៅ​​​​​វៀត​​ណាម ករណី​​បោះ​តង់ រំលោភ​ចូល​​ទឹក​​ដី​​ខ្មែរ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល ជម្រុញ​ឲ្យ​ដោះ​ស្រាយតាម​យន្តការ​អន្តរជាតិ
– លោក ម៉ែន ណាត បញ្ជាក់​មូលហេតុ​​ជុំវិញ​ការ​បោះ​តង់​​នៃ​យោធា​វៀតណាម រំលោភ​ចូល​ទឹកដី​ខ្មែរ
– វៀតណាម ​បោះ​តង់​​​នៅ​ស្រុក​កោះធំ ​​​ចូល​​​ទឹក​ដី​ខ្មែរ ជា​​​ការ​​​ឈ្លាន​​ពាន​​​​ទឹក​ដី​​​​ខ្មែរ
– អាជ្ញាធរ​ខេត្ត​កណ្តាល ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់ ​ចេញ​ពី​តំបន់​ស ខ្សែ​បន្ទាត់​​ព្រំដែន​កម្ពុជា
Mourng Sony the Student Association Leader

Rong Chhun visits border - Kandal

.