ទាហានវៀតណាម បោះតង់ ឬ​បោះជំរុំ ចំនួន ៨៣ នៅ​តាម​បណ្តោយ​ព្រំដែន រវាង​កម្ពុជា និង​​វៀតណាម នៅ​ខេត្តតាកែវ ខណៈ​ពេល​កន្លង​ទៅថ្មីៗ​នេះ ក្រុម​ទាហាន​វៀតណាម បាន​បោះតង់ ឬ​បោះជំរំ ៣១ កន្លែង ​នៅ​ព្រំដែន​ស្រុក​កោះធំ និង​ស្រុក​លើកដែក ក្នុង​ខេត្ត​កណ្តាល។ ការបោះតង់​នេះ មាន​សរុបគឺ ១១៤ កន្លែង ក្រោម​លេស​ថា «វិធាន​ការ​រឹតបន្តឹង​​ការចេញ-ចូល​ តាម​​ច្រក​ព្រំដែន ដើម្បី​​ទប់ស្កាត់​ការរីក​រាល​ដាល​​ជំងឺ​​កូវីដ​១៩ (Covid-19)»។

អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា ត្រូវ​​បាន​​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្ដិ៍​ ចុះ​ផ្សាយ​នៅ​ថ្ងៃទី​ ២៩ ខែ​ឧសភា​ ឆ្នាំ​២០២០ នេះ​​ថា «ទាហាន​​វៀតណាម ​បាន​​សាងសង់​ជំរំ​ ចំនួន ៨៣ ​ទីតាំង​ នៅ​តាម​​ខ្សែ​បន្ទាត់​​ព្រំដែន​ខេត្ត​​តាកែវ ​នៅ​ក្នុង​​ទឹកដី​​ភាគី​​វៀតណាម ​ចម្ងាយ​​ប្រមាណ ៣០ ​ម៉ែត្រ​ ពី​​បង្គោល​​ព្រំដែន​ រវាង​ប្រទេស​ទាំងពីរ»។ លោក អ៊ូច ភា បញ្ជាក់ថា​៖ «​រហូត​​មក​ទល់​​ពេលនេះ​ អាជ្ញាធរ​ខេត្ត​​ជាប់​ព្រំដែន​​យើង បាន​និង​​កំពុង​តាម​ដាន​​លើ​​បញ្ហា​​នេះ ដើម្បី​​កុំ​​ឲ្យ​​ភាគី​​វៀតណាម ​រំកិល​​តង់​​ណាមួយ ​ចូល​មក​​ទឹកដី​​កម្ពុជា​។ ខ្ញុំ​​មិនទាន់​អាច​​និយាយ​​អ្វី​​ច្រើន​ជាង​​នេះ​​ទេ ខ្ញុំ​​ជាប់រវល់​​ប្រជុំ​សិន​»​។

ដោយឡែក អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី ២៨ ខែ​ឧសភា នេះថា មក​ដល់​ពេល​នេះ វៀតណាម បាន​រុះរើតង់ ៩ កន្លែង ចេញ​ពីតំបន់​ព្រំដែន ដែល​ជាតំបន់​មិនទាន់​ឯកភាព​គ្នា ហើយ​នៅសល់តង់ ២២ កន្លែង​ទៀត ក្នុង​ចំណោម​តង់ទាំង ៣១ កន្លែង នៅ​ក្នុង​ស្រុក​កោះធំ និង​ស្រុក​លើកដែក។ នេះ​បើ​តាម​ការផ្សាយ​របស់​វិទ្យុវាយោ (Vayo-FM) នៅ​ថ្ងៃទី ២៨ ខែ​ឧសភា។ ប៉ុន្តែ​កាលពីថ្ងៃទី ២៤ ឧសភា លោក​អភិបាល​ខេត្តរូប​នេះ បាន​ប្រាប់វិទ្យុបារាំង Rfi ថា «ទាហាន​វៀតណាម រុះរើ​តង់ចេញ​តំបន់​ព្រំដែន​អស់ហើយ» ដែល​ត្រូវ​បាន​គេ​ជឿ​ថា ជាការផ្តល់​ព័ត៌មាន​​លាក់លៀមការពិត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមសា ក្រុមមន្ត្រី​សមត្ថកិច្ច​ខេត្ត​កណ្តាល បាន​​ចុះ​ទៅ​​ដល់ទីតាំង​​នៃ​​ការ​បោះ​តង់ របស់​​ទាហាន​​វៀតណាម នៅ​ស្រុក​​កោះធំ ហើយ​​ស្នើសុំ​ឲ្យ​វៀតណាម រុះរើតង់​ទាំងអស់ ចេញ​ពី​តំបន់ព្រំដែន​ខ្មែរ។

ជុំវិញករណី​ទាហាន​​វៀតណាម ចូល​បោះតង់​ក្នុង​តំបន់​ព្រំដែន​នោះ ធ្វើ​ឲ្យ​​មាន​ប្រតិកម្ម​ចម្រុះ​​ ពី​​សំណាក់ក្រុម​​អ្នក​​ធ្វើ​កិច្ចការ​ព្រំដែន មន្រ្តី​​សង្គម​ស៊ីវិល ក្រុមអ្នកវិភាគនយោបាយ​សង្គម និង​​​ក្រុម​​អ្នកជាតិនិយម ដោយ​ជំរុញ​ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុប​ចោល​សន្ធិសញ្ញា​ព្រំដែន និង​ឯកសារ​ព្រំដែន​នានា ដែលផ្ទុយ​ពីកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣

កាលពីថ្ងៃទី ១៣ ឧសភា ក្រសួង​​ការបរទេស​​កម្ពុជា បាន​​ផ្ញើ​កំណត់ទូត តវ៉ា​​ទៅ​ប្រទេស​​វៀតណាម ស្នើ​​ឲ្យ​រុះ​រើ​​តង់ ឬ​​ជំរំ​ទាំងអស់ ចេញ​​ពីតំបន់​​ព្រំដែន ដែល​​​មិនទាន់​​បាន​​ដោះស្រាយ​ ​រវាង​​ប្រទេស​​ទាំងពីរ។ រហូត​ដល់​ពេល​នេះ ក្រសួង​ការបរទេស​កម្ពុជា មិន​ទាន់​បានបញ្ជាក់​​ចំពោះ​ការឆ្លើយ​តប​ពីភាគីវៀតណាម យ៉ាងណានៅឡើយទេ៕

អត្ថបទដោយ នគរ / ២៩ ឧសភា ២០២០