អត្ថបទ CWCI Cambodia / 05th-6-2020
ក្រុមអ្នកជំនាញព្រំដែនកម្ពុជា បានរិះគន់រដ្ឋាភិបាលបច្ចុប្បន្នថា ជារដ្ឋាភិបាលបម្រើមហិច្ឆតាវៀតណាមឥតងាករេ និងកាន់តែធ្វើឲ្យកម្ពុជា បាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួន។
ប្រធានក្រុមប្រឹក្សាំឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេស Norway លោក ម៉ែន ណាត ថ្លែងថា «ពលរដ្ឋខ្មែរ មិនត្រូវនាំគ្នាដេកចាំរដ្ឋាភិបាលបច្ចុប្បន្ន ទាមទារព្រំដែនទឹក និងព្រំដែនគោក ដែលវៀតណាម បានរំលោភយកទៅនោះទេ ប៉ុន្តែគេត្រូវនាំគ្នា ក្រោកឈរតស៊ូទាមទារទឹកដីរបស់ខ្លួន ដែលបានបាត់បង់នោះមកវិញ»។ ការលើកឡើងរបស់លោក ម៉ែន ណាត នេះ បានថ្លែងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌាឌែលី (The Cambodia Daily) កាលពីរាត្រីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
កម្មវិធី Idea Talk នេះ មានការចូលរួមពីលោក ទូច វិបុល លោក អ៊ុំ សំអាន លោក ម៉ែន ណាត លោក ប៉ាង សុខឿន និងលោក អ៊ាប គឹមសេង (អ៊ាប សេង) ដែលពួកគេសុទ្ធសឹងជាមេដឹកនាំនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Students’ Movement for Democracy – SMD) ជាក្រុមអតីតអ្នកតស៊ូក្នុងកិច្ចការព្រំដែន។
ពួកគេទាំង ៥ នាក់នេះ ក៏បានផ្តួចផ្តើមគំនិតក្នុងការប្រកាសបន្តការតស៊ូមតិ អំពីបញ្ហាព្រំដែនឡើងវិញ ក្រោយពីពួកគេ ផ្អាកសកម្មភាពនេះអស់រយៈពេល ២០ឆ្នាំមកហើយ។ ជាងនេះទៅទៀត ពួកគេក៏គ្រោងប្រកាសការចាប់កំណើតជាថ្មី នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យជាផ្លូវការឡើងវិញ ក្នុងពេលឆាប់ៗនេះ ដែលពួកគេមានសុទិដ្ឋិនិយមថា ក្រុមថ្មីនេះ នឹងមានឥទ្ធិពល ហើយមានប្រសិទ្ធិភាពការងារខ្លាំងជាងមុន។
លោក ទូច វិបុល អតីតមេដឹកនាំនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានបញ្ជាក់ថា «ការបង្កើតចលនានេះឡើងវិញ គឺដើម្បីប្រឆាំងការឈ្លានពានព្រំដែន ពីប្រទេសជិតខាង និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ លើទឹកដីកម្ពុជា»។ លោកបន្តថា ចលនានេះនឹងធ្វើការតស៊ូមតិជាលក្ខណៈអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ចំណែកឯលោក ប៉ាង សុខឿន និងលោក អ៊ាប គឹមសេង វិញមានព្រមានថា «ប្រសិនបើពលរដ្ឋខ្មែរ នៅតែបណ្តែតបណ្តោយឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើអ្វីស្រេចតែនឹងចិត្តទៀត នោះខ្មែរនឹងមានវាសនាដូចកម្ពុជាក្រោម ជាមិនខាន»។
ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ បានង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដើម្បីប្រឆាំងលទ្ធផលការបោះឆ្នោត និងបេក្ខភាពលោក ហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី នៅក្រោយការបោះឆ្នោត លើកទី២ កាលពីខែកក្កដា ឆ្នាំ ១៩៩៨។ ចលនានេះ ធ្លាប់ចូលរួមប្រឆាំងតវ៉ាជនអន្តប្រវេសន៍ខុសច្បាប់វៀតណាម នៅកម្ពុជា និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលសន្ធិសញ្ញាខុសច្បាប់នានា ដូចជាឆ្នាំ ១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ ១៩៨៥។ ពួកគេចាត់ទុកថា សន្ធិសញ្ញាទាំងនោះ ធ្វើឲ្យបាត់បង់ទឹកដីខ្មែរដោយខុសច្បាប់ រាប់ម៉ឺនគីឡូម៉ែត្រក្រឡា។
ជាងនេះទៅទៀត ក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក៏ធ្លាប់បានធ្វើសកម្មភាពតវ៉ាជាច្រើនទៀត លើបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពង្រឹងស្មារតី ដឹកនាំយុវជនជំនាន់ថ្មី ឲ្យចូលរួមយុទ្ធនាការទាមទារយុត្តិធម៌សង្គម នៅកម្ពុជាផងដែរ។
នៅឆ្នាំ ២០០៥ ចលនានិស្សិតមួយនេះ បានផ្អាកសកម្មភាពរបស់ខ្លួន ហើយមេដឹកនាំសំខាន់ៗ ត្រវបានរងការគំរាមកំហែងដល់អាយុជីវិត ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ហើយបានភៀសខ្លួន សុំសិទ្ធិជ្រកកោននយោបាយនៅបរទេស។ ទោះជាបែបនេះក្តី ក៏ឆន្ទៈរបស់ក្រុមនេះ នៅតែក្តៅគគុក មិនរួញរាក្នុងកិច្ចការតស៊ូ លើកិច្ចការព្រំដែននោះឡើយ។
លោក អ៊ុំ សំអាន បញ្ជាក់ថា «បេសកកម្មចលនានិស្សិតថ្មីនេះ មិនត្រឹមតែតវ៉ាបញ្ហព្រំដែន ជនអន្តប្រវេសន៍ខុសច្បាប់ និងយុត្តិធម៌សង្គមនោះទេ ប៉ុន្តែក្រុមរបស់លោក នឹងទាមទារ «កោះត្រល់» របស់ខ្មែរ ត្រឡប់ពីការគ្រប់គ្រងរបស់វៀតណាម មកវិញ នៅពេលមានរដ្ឋាភិបាលត្រឹមត្រូវ មិនស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមនោះ»។
លោក សំអាន បានបន្តថា កូនខ្មែរមិនត្រូវភ្លេចទឹកដី ដែលបរទេសឈ្លានពាន យកទៅនោះទេ។ លោកប្រកាសថា «ស្លាកសញ្ញាថ្មី របស់ក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សម្រាប់កំណើតទី២ នេះ នឹងប្រើរូបកោះត្រល់ ជានិមិត្តសញ្ញាសម្គាល់ ឬអាចហៅចលនានេះថា «ក្រុមចលនាកោះត្រល់ ឬក្រុមកោះត្រល់» ក៏បាន»។
ក្រុមស្ថាបនិកនៃចលនានិស្សិតកំណើតទី២ នេះ ប្តេជ្ញាថា ពួកគេនឹងធ្វើជាគំរូ ដល់ប្រជាពលរដ្ឋ និស្សិត និងបញ្ញវន្តគ្រប់រូប ក្នុងការតស៊ូមតិ ហើយត្រូវតែហ៊ាននិយាយការពិត ហ៊ានលះបង់ដើម្បីបម្រើជាតិមាតុភូមិ។ ជាងនេះទៅទៀត ពួកគេក៏បានអំពាវនាវ ឲ្យមានការចូលរួមពីអតីតក្រុមការងារ សមាជិក និស្សិតបញ្ញវន្ត និងពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ៕
.