វិទ្យុ​អាស៊ីសេរី RFA / ដោយ ទីន ហ្សាការីយ៉ា
08th-4-2023

ក្នុង​ឃុំ​ដាក់ដាំ តំបន់​អូរហ៊ុជ មាន​ផ្ទៃដី​ទំហំ​ជាង ៥០ ​គីឡូម៉ែត្រ​ក្រឡា ឋិត​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​ជា​តំបន់​ប្រទាញប្រទង់​គ្នា​ជាមួយ​ភាគី​វៀតណាម ក្នុង​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​បោះបង្គោល​ព្រំដែន​រួច​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ អះអាង​ថា គណៈកម្មការ​ព្រំដែន​ខ្មែរ និង​វៀតណាម ​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ និង​បាន​ស្ថាបនា ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​បង្គោល ​លេខ ​៦១ និង​ ៦៥ ក្នុង​ស្រុក​កែវ​សីមា និង​ច្រក​ទ្វារ​ទ្វេភាគី​ដាក់ដាំ។

ភាព​ចម្រូងចម្រាស​គ្នា​រវាង​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​វៀតណាម ក្នុង​ការ​បោះបង្គោល​ព្រំដែន​នៅ​ចំណុច​ អូរហ៊ុជ ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅតែ​ជា​ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ ដោយ​ពួកគាត់​ភ័យខ្លាច បាត់បង់​ដី​ខ្មែរ​ទៅ​វៀតណាម គ្រប់គ្រង​ដោយ​ស្ងាត់ៗ​បន្ថែម​ទៀត។

ពួកគាត់​សង្កេត​ឃើញ​ថា នៅ​រយៈពេល​ជិត ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​ព្រំដែន​ ដែល​មិន​ទាន់​ឯកភាព​បោះបង្គោល​ព្រំដែន​រួច នៅ​ចំណុច តំបន់​ដាក់​ដាំ ដាក់​ហ៊ូត និង​អូរហ៊ុជ ត្រូវ​វៀតណាម​គ្រប់គ្រង​ទាំង​ស្រុង ហើយ​បាន​បញ្ជូន​ប្រជាជន​របស់​គេ ទៅ​រស់នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់។

អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ស៊ន សារុន បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ កាល​ពី​ថ្ងៃទី៦ មេសា ថា នៅ​ខេត្តមណ្ឌលគិរី​មាន​ព្រំដែន​ជាប់​វៀតណាម​ជាង ៣០០​គីឡូម៉ែត្រ ហើយ​មក​ទល់​ពេល​នេះ តំបន់​ដែល​មិន​ទាន់​បោះបង្គោល​ព្រំដែន​រួច គឺ​ឋិត​ក្នុង​ឃុំ​ដាក់​ដាំ។

រីឯ​ជនជាតិ​ដើម​ភាគតិច​ព្នង ​រស់នៅ​ស្រុក​អូររាំង លោក ប៉ូរេត កាំពី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៧ មេសា​ថា តំបន់​ប្រទាញ​ប្រទង់​​គ្នា​​នោះ គឺ​វៀតណាម​គ្រប់គ្រង​ទាំងស្រុង ដោយ​បញ្ជូន​ប្រជាជន​គេ​ មក​ដាំ​ដំឡូង​មី និង​ធ្វើ​ចម្ការ ដោយ​មាន​ផ្នែក​ខ្លះ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

រីឯ​ពលរដ្ឋ​ខ្មែរ មិន​អាច​ចូល​ទៅ​អាស្រ័យ​ផល និង​ចាប់​ដី​ធ្វើ​កសិកម្ម​បាន​ទេ ព្រោះ​អាជ្ញាធរ​វៀតណាម​រារាំង។ លោក​យល់​ថា តំបន់​មាន​ជម្លោះ ដែល​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​រួច ភាគី​ប្រទេស​ទាំងពីរ គួរតែ​រក្សា​ភាព​ដើម​ឱ្យ​នៅ​ដដែល។

លោក ប៉ូរេត កាំពី ៖ «ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ គាត់​ធ្លាប់តែ​រក​អនុផល​ព្រៃឈើ​ នៅ​តែ​ក្នុង​តំបន់​ហ្នឹង​ដែរ តែ​ដល់ពេល​ឥលូវ​ យើង​មិនអាច​ចូល​ទៅ​តំបន់​នោះ បាន​ទេ គេ​ហាម​ឃាត់ តែ​បើ​ពលរដ្ឋ​វៀតណាម​វិញ គាត់​ចេញ​ចូល​ធម្មតា​គាត់​រកស៊ី»។

កន្លងទៅ គណៈកម្មការ​ជាតិ​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ថា នឹង​ធ្វើ​លិខិត​រួមគ្នា​ ឲ្យ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ចុះ​ហត្ថលេខា​ស្នើសុំ​ភាគី ​ប្រទេស​បារាំង ផ្ដល់​អ្នកបច្ចេកទេស​កំណត់​ផែនទី និង​វាស់វែង​តំបន់​ព្រំដែន​នៅ​មាន​ជម្លោះ ជា​ពិសេស​តំបន់​ដាក់​ដាំ អូរហ៊ុជ តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ តំបន់​នោះ​ ឋិត​នៅ​ជា​កន្លែង​ប្រទាញប្រទង់​គ្នា​ដដែល ស្រប​ពេល​ដែល​ភាគី​កម្ពុជា ​ចង់​កំណត់ព្រំដែន​ស្រប​តាម​បង្គោល ដែល​បន្សល់​តាំងពី​សម័យ​អាណានិគម​​និយម​បារាំង។

ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ដែល​បាន​សិក្សា​ស្រាវជ្រាវ នៅ​តំបន់​នោះ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ ថា ចាប់​ពី​បង្គោល​ព្រំដែន ​លេខ​ ៥៥ ក្នុងស្រុក​អូររាំង រហូត​មក​ទល់​នឹង​បង្គោល​ព្រំដែន​ លេខ​ ៦០ មាន​ប្រវែង​ប្រមាណ ២៧​ គីឡូម៉ែត្រ ជា​តំបន់​មិន​ទាន់​ឯកភាព​បោះបង្គោល​ព្រំដែន​នៅ​ឡើយ

លោក​ថា ក្រុម​ការងារ​របស់​លោក​ បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​នោះ និង​កំណត់​ថា ខ្សែ​បន្ទាត់​ខណ្ឌ​ដែន​សីមា​ ឋិត​នៅ​ចំណុច​អូរហ៊ុជ។

លោក សុខ ទូច ថ្លែង​បែប​នេះ ដូចគ្នា​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​បដិសេធ​សំណើ វៀតណាម ដែល​សុំ​ឲ្យ​ចែក​ដី​គ្នា ក្នុង​តំបន់​ដាក់​ដាំ និង​ដាក់ហ៊ូត ជាមួយ​កម្ពុជា គឺ​វៀតណាម ​ទទួល​បាន​ដី ៦០% និង កម្ពុជា​ទទួល​បាន​ដី ៤០% ក៏ប៉ុន្តែ​លោក​បាន​ច្រានចោល។

លោក ហ៊ុន សែន ​អះអាង​ថា សេចក្តី​សម្រេច​របស់​អគ្គ​ទេសាភិបាល​បារាំង នៅក្នុង​ឆ្នាំ​ ១៩១៤ បាន​បញ្ជាក់​ច្បាស់​ថា «ខ្សែ​បន្ទាត់​​ព្រំដែន ដើរ​តាម​ព្រែក​ដាក់​ហ៊ូត»។

តែ​យ៉ាងណា ភាគី​វៀតណាម ​បាន​សាងសង់​ប៉ុស្តិ៍ និង​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​មក​ទល់​នឹង​អូរ​ដាក់ដាំ ក្នុង​ដី​ខ្មែរ ដែល​ពី​មុន​ព្រំដែន ​ឋិត​នៅ​ចំណុច​អូរហ៊ុជ ឬ​ព្រែក​ដាក់ហ៊ូ​ត មាន​ចម្ងាយ​ជាង ១៥ ទៅ ២០ ​គីឡូម៉ែត្រ​ ពី​អូរ​ដាក់ដាំ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម បញ្ហា​នេះ​ ពី​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៧ មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​លោក វ៉ា គឹមហុង ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​សប្តាហ៍​មុន​ថា មក​ទល់​ពេល​នេះ រដ្ឋាភិបាល ​មិនទាន់​បោះ​បង្គោល​ព្រំដែន ជាមួយ​ភាគី​វៀតណាម ​រួចរាល់​នៅឡើយ​ទេ ព្រោះ​ការ​ដោះស្រាយ​បញ្ហា​នេះ ចាំបាច់​ត្រូវ​ឯកភាព​គ្នា​ទាំង​សងខាង ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ផ្លូវការ​ច្បាស់លាស់។

លោក វ៉ា គឹមហុង ៖ «ការ​បោះបង្គោល​ព្រំដែន​ យើង​រក​ខ្សែ​ព្រំដែន​ផ្លូវការ​ឯកភាព​គ្នា​សង​ខាង ទើប​យើង​គណនា​ដី​ចេញ​ចូល កាលណា​គេ​ចូល​គេ គេ​ចូល​យើង យើង​ត្រូវ​ថយ។ មិនមែន​គេ​ចូល​ច្រើន យើង​ចូល​តិច​អី​ទេ»។

កន្លង​ទៅ ក្រុម​ការងារ ១០០​រាត្រី ដែល​បន្ត​បេសកកម្ម​ពី​​ បណ្ឌិត កែម ឡី បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ​រក​ឃើញ​ថា មាន​បង្គោល​មួយ​ចំនួន​រួមមាន បង្គោល​បោះ​សម្គាល់​គីឡូម៉ែត្រ ដែល​បោះ​ដោយ​វៀតណាម គ្មាន​ការ​ឯកភាព​ពី​កម្ពុជា ដាក់​លេខ​សម្គាល់ ៣៩៤ គីឡូម៉ែត្រ។

បន្ថែម​ពី​នេះ តំបន់​ដាក់​ដាំ ដាក់​ហួត នេះ​មាន​ផ្ទៃដី ៥១​ គីឡូម៉ែត្រ​ក្រឡា ខាង​ភាគី​វៀតណាម ចង់​កំណត់ព្រំដែន ត្រឹម​អូរ​ដាក់ដាំ ឬ​ដាក់ដាង ជា​ខ្សែ​ខណ្ឌសីមា​ព្រំដែន។

ចំណែក​ខាង​រដ្ឋាភិបាល​កម្ពុជា ចង់​កំណត់​ព្រំដែន យក​ត្រឹម​អូរហ៊ុច ដែល​វៀតណាម​ ហៅថា ដាក់​ហ៊ូត រហូត​ដល់ អូរ​តាំងម៉ែ ដល់ អូរប្លាយ ទល់​នឹង​ទន្លេ​ស្រែពក ដែល​ជា​ព្រំដែន​ចាស់ តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ណ័រវ៉េ លោក ម៉ែន ណាត សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ទាម​ទារ​​ដី​ខ្មែរ​ពី​ភាគី​វៀតណាម ​នៅ​តំបន់​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​ពិបាក​នឹង​ទៅរួច​ណាស់ ដរាប​ណា​រដ្ឋាភិបាល ​នៅតែ​ប្រើប្រាស់​ផែនទី​ មិន​ត្រឹមត្រូវ។

លោក​ថា រដ្ឋាភិបាល​ឯក​បក្ស បាន​ចុះ​ហត្ថលេខា​ទទួលស្គាល់​ផែនទី​ថ្មី​ ខ្នាត​ ១/២៥.០០០ ដែល​បោះពុម្ព​នៅ​វៀតណាម កាលពី​ឆ្នាំ​២០២០ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ ខាតបង់​ទឹកដី​បន្ថែម​ទៀត ទៅ​វៀតណាម។

លោក ម៉ែន ណាត ៖ «ហ៊ុន សែន គាត់​ព្រមព្រៀង​លើ​ឯកសារ​គោល ហើយ​គាត់​ព្រម​លើ​សន្ធិ​សញ្ញា​ខុស​ច្បាប់​ ឆ្នាំ ១៩៨៥ យក​មក​ផ្តល់​សច្ចាប័ន​ឡើងវិញ នេះ​ជា​មូលហេតុ។ ជនជាតិ​វៀតណាម​ ខ្សែក្រវាត់​ព្រំដែន​ គេច្បាស់លាស់​ជាង​យើង»។

មន្ត្រី​សង្គម​ស៊ីវិល ​រូប​នេះ បន្ថែម​ថា រាជរដ្ឋាភិបាល​ គួរ​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​ បន្ថែម​ទៀត ស្នើ​អ្នក​ជំនាញ​របស់​បារាំង ជួយ​អន្តរាគមន៍​ផ្តល់​បច្ចេកទេស និង​ច្បាប់​លើ​ចំណុច ​ដែល​មិនទាន់​ឯកភាព​គ្នា។ លោក​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ប្រមូល​ភស្តុតាង​ទាំងឡាយ រួច​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ទីក្រុង​ឡាអេ ជា​បន្ទាន់ ដើម្បី​រក​យុត្តិធម៌​រឿង​នេះ។

វិទ្យុ​អាស៊ីសេរី​ មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មន្ត្រី​នាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​នៅឡើយ​ទេ។

របាយការណ៍​របស់​ក្រុមការងារ ១០០ រាត្រី​បន្ថែម​ថា ប្រទេស​វៀតណាម បាន​ធ្វើ​ថ្នល់​តាម នៅ​ចំណុច​ព្រែក​ដាក់ដាង និង​ពី​ប៉ុស្តិ៍​ប៉ូប្រ៊ាង មក​ដាក់​ដាង ដោយ​បាន​ជីក​ស្រះ និង​សង់​ប៉ុស្តិ៍​យោធា តាម​បណ្តោយ​ព្រំដែន។

រីឯ​ភាគី​កម្ពុជា​ តែងតែ​តវ៉ា​តាមរយៈ​កំណត់​ការ​ទូត ​តាំងពី​ឆ្នាំ​២០១៥ ដើម្បី​ឱ្យ​វៀតណាម​ បញ្ឈប់​ការ​សាងសង់​សំណង់​រឹង នៅ​តំបន់​មិនទាន់​បោះបង្គោល​ព្រំដែន តែ​វៀតណាម​ នៅតែ​មិន​ស្តាប់។ លើស​ពី​នេះ ភាគី​វៀតណាម បាន​ចេញ​ចូល និង​មាន​សិទ្ធិ​សម្រេច​ក្នុង តំបន់​ដាក់​ដាំ ដាក់ហ៊ូត ដោយ​សេរី ផ្ទុយ​ពី​កម្ពុជា ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ចូល​តំបន់​នោះ​ទេ។

ចំណែក សន្ធិសញ្ញា​ព្រំដែន​កំណត់​រដ្ឋ ​ឆ្នាំ​១៩៨៥ និង ​ឆ្នាំ​២០០៥ ដែល​គណបក្ស​ប្រឆាំង​ចោទ​ថា ជា​សន្ធិសញ្ញា​ខុស​ច្បាប់ បាន​បញ្ជាក់​ក្នុង​ប្រការ​១ ចំនុច​២ ថា «កំណាត់​ព្រំដែន នៅ​តំបន់​ជាប់​នឹង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ដ​មណ្ឌលគិរី កម្ពុជា និង ឃុំ​ក្វាងជិក ស្រុក​ដាក់រឡឹប ខេត្ដ​ដាក់ឡាក់ (ដាក់នង) ភាគី​ប្រទេស​ទាំងពីរ បាន​ឯកភាព​គ្នា​បន្ត​ការពិភាក្សា»។

ខេត្ត​មណ្ឌលគិរី មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ដាក់​ណុង ប្រទេស​វៀតណាម ចាប់ពី​បង្គោល​ព្រំដែន ​លេខ ​៤០ ពី​ព្រំប្រទល់​ខេត្ត​រតនគិរី រហូត​ដល់​បង្គោល​ព្រំដែន​ លេខ​ ៦៥ ស្រុក​ស្នួល ខេត្ត​ក្រចេះ៕

.