(CWCI Cambodia /អត្ថបទដោយ នគរ /26-11-2019)
ដើម្បីងាយស្រួលសិក្សាស្វែងយល់ អំពីប្រវត្តិនៃការបោះបង្គោលព្រំដែនខ្មែរ-យួន (History of Cambodia-Vietnam Border Posts) យើងខ្ញុំសូមដកស្រង់ខ្លឹមសារបទបង្ហាញរបស់លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅប្រទេសន័រវេស៍ (Norway) ដែលបានផ្សព្វផ្សាយតាំងពីឆ្នាំ២០១៥ ខណៈពេលការបោះបង្គោលព្រំដែន រវាងកម្ពុជា និង វៀតណាម បន្តដំណើរការបោះបាន ៨៣% កាលនោះ រួមទាំងការវិវត្តិន៍ថ្មីៗរហូតបច្ចុប្បន្ននេះ។
ការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម មកទល់ឆ្នាំ ២០១៩ នេះ ភាគីទាំងពីរ បានទទួលលទ្ធផល ៨៤% ហើយភាគីទាំងពីរ បានធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មីមួយទៀត ហៅថា «សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩» ដែលបន្ថែមខ្លឹមសារទៅលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដ៏ចម្រូងចម្រាស់ និង សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ ជាសន្ធិសញ្ញាខុសច្បាប់ ដែលផ្ទុយពីមាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ ឆ្នាំំំ១៩៩៣ និង ផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ក្រុមអ្នកជំនាញកិច្ចការព្រំដែន និងក្រុមសកម្មជនព្រំដែនខ្មែរ នៅតែមិនអាចទទួលយកបាន នូវលទ្ធផលការបោះបង្គោលព្រំដែន រួមទាំងសន្ធិសញ្ញាព្រំដែនថ្មីៗនោះផង។ {អានអត្ថបទបន្ថែម សូមចុចត្រង់នេះ៖ សកម្មជនព្រំដែនខ្មែរ ថ្កោលទោសរបប ហ៊ុន សែន ក្នុងរឿងសន្ធិសញ្ញាបំពេញបន្ថែម ២០១៩ និង សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ ដែលរដ្ឋសភា បានអនុម័ត រងការថ្កោលទោស}។
ប្រវត្តិនៃការបោះបង្គោលព្រំដែន មាន ៣ លើក៖
- ទី១. តាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន(កម្ពុជាក្រោម) ឆ្នាំ១៨៧៣ បាន បោះចំនួន ១២៤ បង្គោល។ ទាំង ១២៤ បង្គោលនេះ ក្លាយជាព្រំដែនខ្មែរ-យួន នៅពេលបារាំង កាត់ប្រគល់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យទៅយួន ថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩។ កម្ពុជា វៀតណាម ឡាវ និងបារាំង ទទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន និង ផែនទីព្រំដែន នៅក្នុងសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ហើយឯកសារព្រំដែន ដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីខ្មែរ ក៏ត្រូវបានរំលឹកឡើងវិញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
- ទី២. សន្ធិសញ្ញាថ្មីខុសច្បាប់ ឆ្នាំ១៩៨៥ មានឈ្មោះពេញថា «សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-វៀតណាម» នៅក្នុងសម័យវៀតណាម ត្រួតត្រាកម្ពុជា {ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៩} បានបោះបង្គោលព្រំដែនថ្មី ចំនួន ៧២ បង្គោល បោះនៅឆ្នាំ ១៩៨៦-១៩៨៨។
- ទី៣. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បានកំណត់ការបោះបង្គោលព្រំដែន ចាប់ពីឆ្នាំ២០០៦ ពោលគឺភាគីទាំងពីរ បោះបាន ៨៤% មកទល់ខែវិច្ឆកា ឆ្នាំ២០១៩ នេះ ឬស្មើនឹង ៣១៥ បង្គោល នៃព្រំដែនសរុប ៣៧៥ បង្គោល។ ហើយការបោះបង្គោលព្រំដែននេះ បានភ្ជាប់ជាមួយផែនទីអម សន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥។
លោក ម៉ែន ណាត ធ្លាប់បានបញ្ជាក់ជាហូរហែរ ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា «រាល់ការធ្វើសន្ធិសញ្ញាព្រំដែនថ្មីម្តងៗ គឺតម្រូវឲ្យមានការបង្គោលព្រំដែនថ្មីរហូត ហើយភាគីវៀតណាម តម្រូវឲ្យភាគីកម្ពុជា ទទួលយកលទ្ធផលនៃការរំកិលព្រំដែនថ្មី ចូលក្នុងទឹកដីខ្មែរ»។
ក្នុងបទបង្ហាញ លោក ម៉ែន ណាត បញ្ជាក់ថា «ភាគីរដ្ឋាភិបាលខ្មែរ ប្រើផែនទី មិនទាន់ត្រឹមត្រូវ, ខ្វះការចួលរួមពីអ្នកជំនាញឯករាជ្យ, ការផ្ទៀងផ្ទាត់ផែនទីកន្លងទៅ ដោយមិនផ្ទៀងផ្ទាត់ លើផ្ទៃដីជាក់ស្តែង, ការបង្គោលព្រំដែនថ្មី មិនស្ថិតនៅលើទីតាំងបង្គោល ព្រំដែនចាស់ ដែលបន្សល់ពីសម័យបារាំង, ពលរដ្ឋខ្មែរតាមព្រំដែន បាត់បង់ដីស្រែចំការ, និង ការចាប់សកម្មជនព្រំដែន ដាក់ពន្ធនាគារ ព្រមទាំងការគំរាមកំហែងនានា ហើយកម្ពុជា មិនទាន់មានឯកភាពផ្ទៃក្នុងជាតិផង»។ ដូច្នេះ តើពលរដ្ឋខ្មែរ បន្តមានទំនុកចិត្តលើរដ្ឋាភិបាល លោក ហ៊ុន សែន កម្រិតណា ក្នុងរឿងដោះស្រាយបញ្ហាព្រំដែន ?
—————–
ឯកសារភ្ជាប់៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ១៩៨៥ (ដើម) Download
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
– កំណត់ហេតុប្រជុំ ជាឯកសារសម្ងាត់ ឆ្នាំ២០០៧ ស្តីពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមអានលំអិត សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ចុះហត្ថេលខាដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យវៀតណាម កាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃ។ (សូមទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)
—————–