
(អត្ថបទដោយ ទីន ហ្សាការីយ៉ា / RFA Khmer /24-11-2018)
អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី បានអះអាងថា គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម បានបញ្ចប់បោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្ត មណ្ឌលគិរី និង ខេត្តរតនគីរី ទាំងស្រុងហើយ។
អ្នកស្រីបានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់អ្នកស្រីកាលថ្ងៃទី ២៣ វិច្ឆិកា ២០១៨ ថា ទោះបីជាបេសកកម្ម ចុះបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅខែត្រទាំងពីរនេះ មានឧបសគ្គខ្លះយ៉ាងណាក៏ដោយ ក៏គណៈកម្មាធិការព្រំដែន បានខិតខំដើម្បីសម្រេចគោលដៅរបស់ខ្លួនដែរ។
កន្លងមកក៏មានភាពចម្រូងចម្រាសគ្នា រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរវៀតណាម ក្នុងការបោះបង្គោលព្រំដែន នៅខែត្រ មណ្ឌលគិរី និងខែត្រ រតនគិរី នេះ ដោយសារតែអាជ្ញាធរវៀតណាម បានឈ្លានពានចូលមកទឹកដីកម្ពុជា នៅតំបន់.ស ដែលជាតំបន់ហាមឃាត់។ ក្រៅពីនេះទៀត ក៏នៅមានខែត្រផ្សេងទៀត ដូចជានៅខែត្រ ស្វាយរៀង និងខែត្រ ព្រៃវែងជាដើម ដែលពលរដ្ឋកម្ពុជាចោទ អាជ្ញាធរវៀតណាម ថាបានបោះបង្គោលព្រំដែន រំកិលចូលដីខ្មែរ ដូចជាស្រែចំការរបស់ពួកគាត់ ដូចជាការបោះបង្គោលព្រំដែន លេខ ១៤៧ និង ១៤៨ ឋិតនៅស្រុករំដួល ខែត្រស្វាយរៀង មានពលរដ្ឋជិត ១០០ នាក់ បានលើកគ្នាមកតវ៉ារារាំង ប៉ុន្តែត្រូវបានហាមឃាត់ និងគំរាមកំហែងពីអាជ្ញាធរខ្មែរ។
កម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១.២៧០ គីឡូម៉ែត្រ និងត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន ៣១៤ បង្គោល ដែលគណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ បោះបង្គោលព្រំដែនបានជាង ៨០ ភាគរយហើយ។
លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ធ្លាប់បានប្ដេជ្ញារួមគ្នាថា នឹងបញ្ចប់ការបោះបង្គោលព្រំដែនឲ្យរួចរាល់ នៅក្នុងឆ្នាំ ២០១៨ នេះ ដើម្បីកសាងព្រំដែនរួមគ្នាមួយ ប្រកបដោយសន្តិភាព និងស្ថិរភាព។ នាយករដ្ឋមន្ត្រីវៀតណាម សន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំខ្លាំងឡើង ក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍។ ទំនាក់ទំនងការទូត និងជំរុញឲ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចពីគ្រប់វិស័យ ព្រមទាំងរឹតចំណងមិត្តភាព រវាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ឲ្យកាន់តែប្រសើរឡើងទ្វេថែមទៀត។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ បានមានប្រតិកម្មប្រឆាំងជំទាស់ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ខណៈកម្ពុជាមិនមានឯកភាពជាតិ។ ខាងក្រោមនេះ មានភ្ជាប់វីដេអូបទសម្ភាសន៍ លោក មួង ណារេត ជាមួយ លោក ម៉ែន ណាត។