វិទ្យុអាស៊ីសេរី RFA /ដោយ ស្ងួន អមរា
26-8-2023
ក្រុមយុវជន និងពលរដ្ឋរស់នៅខេត្តស្វាយរៀង សោកស្តាយព្រែកមួយខ្សែ ដែលបន្សល់តាំងពីសម័យបារាំង និងស្ការឡើងវិញនៅសម័យខ្មែរក្រហម បានបាត់បង់ទៅវៀតណាមគ្រប់គ្រង ក្រោយបោះបង្គោលព្រំដែន កាលពីឆ្នាំ២០១៧ ក្នុងពេលកម្ពុជា កំពុងមានវិបត្តិនយោបាយ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលអាណត្តិថ្មី ផ្ទៀងផ្ទាត់ការបោះបង្គោលកំណត់ព្រំដែនកម្ពុជា-វៀតណាម ឡើងវិញ។
ព្រែកមួយខ្សែ មានប្រវែងទទឹងចន្លោះជាង ២០ម៉ែត្រ ដល់ជាង ៤០ ម៉ែត្រ បណ្តោយជាង ១០០ គីឡូម៉ែត្រ ឋិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានពលរដ្ឋ និងយុវជន អះអាងថា បានរបូតទៅវៀតណាម បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាដោយស្ងាត់ៗ កំណត់ខណ្ឌសីមាព្រំដែន តាមបណ្តោយដងព្រែកនេះ កាលពីឆ្នាំ២០១៧។
ព្រែកនេះ ត្រូវបានរដ្ឋាភិបាលវៀតណាម គ្រប់គ្រងទាំងស្រុង នៅរយៈពេលជាង ៦ឆ្នាំចុងក្រោយនេះ ដោយវៀតណាម បានប្រើប្រាស់ព្រែកនេះ ធ្វើនាវាចរ ដឹកទំនិញ និងកសិផល មកលក់នៅកម្ពុជា។ រីឯអាជ្ញាធរនៃប្រទេសទាំងពីរ បានជីកផ្លូវក្រវាត់ព្រំដែនរួចរាល់ហើយដែរ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនេះ។
ពលរដ្ឋខ្មែររស់នៅតំបន់នោះ ភាគច្រើនមិនហ៊ានតវ៉ា និងរិះគន់បញ្ហានេះទេ ខ្លាចមានបញ្ហាដល់ខ្លួន និងក្រុមគ្រួសារ។ ពលរដ្ឋខ្មែររស់នៅក្បែរព្រំដែន ថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នវៀតណាមបានចាត់ទុក ព្រែកមួយខ្សែនេះជារបស់ខ្លួន ហើយបញ្ជូនប្រជាជនគេមករស់នៅច្រើនស្អេកស្កះ តាមបណ្តោយព្រំដែន។ លោកស្រីថា ព្រំដែនចាស់កន្លងទៅ ឋិតនៅឆ្ងាយពីព្រែកនេះ ជាច្រើនគីឡូម៉ែត្រ។
«ពីមុនមិនមែនបង្គោលនៅត្រឹមហ្នឹង តាមខ្ញុំធ្លាប់ឃើញ តែចេះតែខិតមកដល់ បង្គោលទើបបោះដែរ ពីមុនហួសស្ពានហ្នឹង ហួសកន្លែងប៉ុស្តិ៍វៀតណាមនៅរាល់ថ្ងៃហ្នឹង ព្រែកហ្នឹង។ ពេលគេចាប់ផ្តើមបោះបង្គោលព្រំដែន បានគេ ចាប់ផ្តើមធ្វើនៅអែបព្រែករាល់ថ្ងៃ»។
ព្រែកសម័យបារាំងមួយខ្សែនេះ ប្រវែងជាង ១០០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តព្រៃវែង រហូតទល់នឹងខេត្តស្វាយរៀង ឆ្លងកាត់ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង។ អ្នកស្រុកខ្លះ បានហៅព្រែកនេះថា ព្រែកតែអុង ហើយកាលពីសម័យប៉ុល ពត អ្នកភូមិបានជីកស្ដារព្រែកនេះឱ្យជ្រៅ ងាយស្រួលធ្វើកសិកម្ម និងទាញទឹកប្រើប្រាស់ជាដើម។
យុវជនរស់នៅរាជធានីភ្នំពេញ លោក សៀង រក្សា ស្នើឱ្យរដ្ឋាភិបាលអាណត្តិថ្មី បើកចិត្តទូលាយ អនុញ្ញាតយុវជន ចូលរួមតាមដានពីការបោះបង្គោលព្រំដែន ដើម្បីស្វែងយល់ ពីបូរណភាពទឹកដី។ លោកសង្កេតឃើញថា ការបោះបង្គោលព្រំដែនកន្លងទៅ មានការលាក់បាំងច្រើន។
លោក សៀង រក្សា៖ «ការបោះបង្គោលព្រំដែនអត់បង្ហាញឱ្យទូលំទូលាយឱ្យយុវជន សិស្សនិស្សិតបានដឹងទូលំទូលាយ ព័ត៌មានអត់ច្បាស់ដល់ពលរដ្ឋ និងយុវជនទេ ខ្ញុំសង្ស័យថា ការបោះបង្គោលព្រំដែន អត់ត្រូវតាមច្បាប់ និងផ្ទៃដីផ្ទៃក្រឡា»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ សុផារិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីថា ខេត្តស្វាយរៀងនៅមិនទាន់បោះបង្គោលព្រំដែនរួចរាល់នៅឡើយទេ នៅសេសសល់តិចតួច ក៏ប៉ុន្តែលោកមិនបញ្ជាក់លម្អិតថា តំបន់ដែលមិនទាន់កំណត់ព្រំដែនរួច ឋិតក្នុងស្រុកណានោះឡើយ។ លោកបដិសេធមិនអធិប្បាយ ចំពោះការបោះបង្គោលព្រំដែន ដែលធ្វើឱ្យខ្មែរបាត់បង់ព្រែកមួយខ្សែ ទៅវៀតណាម ដោយលោកថា ជាភារកិច្ចរបស់គណៈកម្មការព្រំដែន។
លោក រស់ សុផារិទ្ធិ៖ «បោះជិតរួចរាល់សល់តិចតួច យើងកំពុងពិភាក្សាគ្នា ដែលមិនទាន់ឯកភាពគ្នា សល់ចំណុចហ្នឹង ព្រោះយើងធ្វើការប្រយ័ត្នប្រយែង»។
ចំណែករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ដែលទើបតែងតាំងថ្មី លោក ឡាំ ជា ក៏បដិសេធបំភ្លឺរឿងនេះដែរ ដោយលោកថា គណៈកម្មការព្រំដែន កំពុងរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំកម្រិតរដ្ឋបាល និងអគ្គនាយករដ្ឋបាលមិនទាន់រួចរាល់នៅឡើយទេ។ លោកបញ្ជាក់ថា លោកនឹងបំភ្លឺរឿងនេះ នៅពេលរៀបចំការងាររួចរាល់។
លោក ឡាំ ជា៖ «រង់ចាំច្បាប់ចេញសិន បងនឹងការពារអនុក្រឹត្យរៀបចំប្រព្រឹត្តទៅហើយ ផែនការ ការងារវាពេញផ្លូវច្បាប់តែម្តង»។
ទាក់ទងរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន សង្កេតឃើញថា ការបោះបង្គោលព្រំដែនកន្លងទៅ រដ្ឋាភិបាលកម្ពុជា មិនផ្អែកតាមមរតក របស់បារាំង និងផ្អែកតាមអនុសញ្ញាកម្ពុជាកូសាំងស៊ីន ឆ្នាំ១៩៧៣ នោះទេ គឺបោះតាមសន្ធិសញ្ញាឆ្នាំ ១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់។
លោក អ៊ំ សំអាន៖ «បានជាយើងកំណត់ស្រេចតែចិត្ត អ៊ីចឹងបានបាត់បង់ដីខ្មែរ បើយើងរកមរតករបស់បារាំង ដែលយើងដឹងហើយថា មរកតបារាំងមិនបាត់ដីដូនតាយើងទេ។ លោក ហ៊ុន សែន ជំពាក់គុណយួន ធ្វើតាមយួនកំណត់ ប្រឡាយត្រឹមនេះ។ ជាការគ្រោះថ្នាក់មួយ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាលអាណត្តិថ្មី ត្រូវកសាងឯកសារ ប្តឹងភាគីវៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងករណីវៀតណាម បង្ខំឱ្យកម្ពុជាចុះហត្ថលេខាលើសន្ធិសញ្ញាខុសច្បាប់កន្លងទៅ ដែលធ្វើឱ្យកម្ពុជា បាត់បង់បូរណភាពទឹកដីតាមតំបន់ព្រំដែន។
លោក ម៉ែន ណាត៖ «ឱកាសថ្មីហើយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្រោះឪពុករបស់គាត់ ជាប់សន្ធិសញ្ញាព្រំដែនខុសច្បាប់ជាមួយវៀតណាម ជាប់កិច្ចសន្យាហ្នឹង។ ហ៊ុន ម៉ាណែត ប្រញាប់ឡើង យកឯកសារសន្ធិសញ្ញាខុសច្បាប់ ខុសកិច្ចព្រមព្រៀងក្រុងប៉ារីស និងខុសរដ្ឋធម្មនុញ្ញ យើងរៀបចំឯកសារប្តឹងបាន។ លោក ហ៊ុន ម៉ាណែត មានកេរ្តិ៍ឈ្មោះសម្រាប់ជាតិហើយ ឱ្យតែហ៊ានធ្វើរៀងហ្នឹង»។
ពលរដ្ឋបន្ថែមថា ការបោះបង្គោលព្រំដែនកន្លងទៅ មានភាពមិនប្រក្រតីច្រើនណាស់ ដោយភាគីវៀតណាម មានយុទ្ធសាស្ត្រឈ្លានពានគ្រប់រូបភាព ដោយមានដីស្រែខ្លះ ប្រជាជនវៀតណាម បានទិញពីពលរដ្ឋខ្មែរ ដើម្បីកាន់កាប់ជាដីរបស់វៀតណាម ហើយការសាងសង់ផ្លូវក្រវាត់ព្រំដែនទៀតសោត ខាងភាគីវៀតណាម គឺជាអ្នកចេញថ្លៃចំណាយទាំងអស់។
កម្ពុជា មានព្រំដែនជាប់នឹងប្រទេសវៀតណាម ចំនួន ១.២៤៥ គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១ បង្គោល។ បច្ចុប្បន្ន ប្រទេសទាំងពីរ បានបោះបង្គោលរួចរាល់ចំនួន ៣១៥ បង្គោល ឬស្មើនិង ៨៤ភាគរយហើយ នៅសេសសល់ បង្គោលចំនួន ៥៦ ទៀត ឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ៕


