វិទ្យុអាស៊ីសេរី RFA
24-10-2021

អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ ​ថា​ដោយសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​គឺជា​ឯកសារ​ខុសច្បាប់​ ​ដូច្នេះ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ ​ទាំង​ ​៨៤​% ​កន្លងមក​ ​និង​នៅ​សេសសល់​ ​១៦​% ​ទៀត​ ​ដែល​នឹង​ត្រូវ​ប្រញាប់​បោះ​បញ្ចប់​នោះ​ ​ក៏​ខុសច្បាប់​ដូចគ្នា​ដែរ​។

អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ ​នៅតែ​ប្រកាន់​ជំហរ​ប្រឆាំង​ទៅ​នឹង​របប​ក្រុងភ្នំពេញ​ ​ដែល​នៅតែ​បន្ត​បោះបង្គោល​ព្រំដែន​ថ្មី​ជាមួយ​ប្រទេស​វៀតណាម​ ​ក្នុង​ស្ថានភាព​ដែល​នៅ​មាន​មន្ទិលសង្ស័យ​ជុំវិញ​ឯកសារ​ព្រំដែន​បែប​នេះ​។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ​នៅ​ប្រទេស​​ន័រវ៉េសន៍ (​Norway​) ​លោក​ ​ម៉ែន​ ​ណា​ត​ ​នៅតែ​ទាមទារ​ឲ្យ​របប​លោក​ ​ហ៊ុន​ ​សែន​ ​បង្ហាញ​ឯកសារ​ចាស់​ ​ដែល​មាន​បញ្ជាក់​ច្បាស់​អំពី​បង្គោល​កំណត់​ព្រំដែន​រវាងប្រទេស​កម្ពុជា​ ​និង​វៀតណាម​ ​ដែល​កំណត់​ដោយ​ប្រទេស​បារាំង​ ​ក្នុង​អនុសញ្ញា​ឆ្នាំ១៨៧៣​ ​ដែល​មាន​បង្គោល​ចាស់​ ​១២៤បង្គោល​នោះ៖ «​ហើយ​បង្គោល​ ​១២៤​ ​ហ្នឹង​នៅឯណា​? ​សម្តេច​ ​សីហនុ ​នៅ​ឆ្នាំ១៩៩៣​ ​ក្នុង​ខែ​៥​ ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ទាំង​ពី​​​រកា​ល​ហ្នុង​ ​ប្រាប់​ទៅ​វៀតណាម​ឲ្យ​យក​បង្គោល​ ​មក​ដាក់​កន្លែង​ដើម​។​ ​នោះ​ជា​ឯកសារ​ព្រះរាជសារ​ផ្លូវការ​របស់​ព្រះអង្គ​។​ ​យើង​មាន​ឯកសារ​អស់ហ្នឹង​ ​ពីព្រោះ​បញ្ហា​ព្រំដែន​វា​ជា​បញ្ហា​ជាតិ​ទាំងមូល​របស់​មនុស្ស​គ្រប់គ្នា​។​ ​បើ​សិន​យើ​បាត់​បូរណភាព​ព្រំដែន​ក្នុង​ចំណែក​ណាមួយ​ ​ហាក់ដូច​យើង​បាត់​ជើងម្ខាង​ ​ដៃ​ម្ខាង​ដូច្នេះ​ដែរ​។​ ​ដូច្នេះ​ហើយ​បានជា​យើង​មាន​សេចក្តី​ព្រួយបារម្ភ​រឿង​អស់ហ្នឹង»។​

របប​ឯក​បក្ស​កម្ពុជា​ ​ស្រូត​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ​បាន​ ​៨៤% ​គិត​ត្រឹម​ខែតុលា​ ​ឆ្នាំ២០១៩​ ​មុន​ផ្ទុះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-​១៩​។​ ​កាលនោះ​ ​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ធ្វើដំណើរ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​វៀតណាម​រយៈពេល​ ​២ថ្ងៃ​ ​ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន​ ​និង​ខ័ណ្ឌ​​សីមា​នេះ​។​

ការ​បោះបង្គោល​បង្ហើយ​ ​១៦​% ​ទៀត​នោះ​ ​ត្រូវ​អាក់ខាន​ទៅវិញ​ ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺរាល​ដាល​ជាសាកល​នោះ​។​ ​ប៉ុន្តែ​ ​នៅ​ក្នុង​ជំនួប​ទ្វេ​រ​ភាគី​រវាង​កម្ពុជា​និង​វៀតណាម​ ​តាម​ប្រព័ន្ធ​វីដេអូ​ ​កាលពី​ថ្ងៃ​ទី​ ​២១​ ​ខែ​តុលា​ ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​ខំ​ប្រឹងប្រែង​រក​មធ្យោបាយ​បោះ​បង្ហើយ​បង្គោល​ព្រំដែន​គោក​ទាំង​ ​១៦​% ​ដែល​នៅ​សេសសល់​នោះ​។​

មន្រ្តីរបស់​គណបក្សប្រឆាំង​ ​យល់ថា​ទាំង​ការ​បោះបង្គោល​ព្រំដែន​ ​៨៤​% ​និង​គ្រោង​ពន្លឿន​បោះ​បង្ហើយ​ ១៦%​ នោះ​ ​គឺ​មិន​ត្រូវធ្វើ​ក្នុង​កាលៈទេសៈ​បែប​នេះ​នោះ​ឡើយ​។​ ​​លោក​ ​អ៊ំ​ ​សំ​អាន​ ​ដែល​ធ្លាប់​របប​ក្រុងភ្នំពេញ​ ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​ដោយសារ​ហ៊ាន​និយាយ​អំពី​បញ្ហា​ព្រំដែន​នេះ​​ថា​ កម្ពុជា​ពេលនេះ​ ​ខ្វះ​ឯកភាពជាតិ​ ​មិន​មាន​គណបក្សប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កម្ពុជា​កំពុង​ដឹកនាំ​ដោយ​របប​ឯក​បក្ស​ ​និង​ការ​បោះបង្គោល​ខ្វះ​តម្លា​ភាព​ ​ដោយ​គ្មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​។​ ​លោក​ថា ​ស្ថានភាព​អាក្រក់​បែប​នេះ​ ​ធ្វើឲ្យ​កម្ពុជា​ខាតបង់​ច្រើន​ ​ក្នុង​រឿង​ព្រំដែន​នេះ​។​

មន្រ្តី​បក្ស​ប្រឆាំង​រូប​នេះ​ ​បន្ថែម​ថា​លោក​ ​ហ៊ុន​ ​សែន​ ​អាច​ធ្វើ​នេះ​ដើម្បី​ស្អំ​ចិត្ត​វៀតណាម​ដែរ​ ​ដែល​លោក​ថា​ ​វៀតណាម​មិន​ពេញចិត្ត​កម្ពុជា​ ​ដែល​ងាក​ខ្លាំង​ទៅ​រក​ចិន​ ​ដែល​ធ្វើឲ្យ​ខាត​ប្រយោជន៍​វៀតណាម​ដែល​អ្នកមានគុណ​លើ​កម្ពុជា​។​

អ្វី​ដែល​គ្រោះថ្នាក់​ជាង​នេះ​ទៅទៀត​នោះ​ ​លោក​ ​អ៊ំ​ ​សំ​អាន​ ​ថា​គឺ​ការ​បោះបង្គោល​នេះ​ ​គឺ​យក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ​ដែល​លោក​ថា​ខុសច្បាប់​ ​ព្រោះ​សន្ធិសញ្ញា​សម័យ​ដែល​វៀតណាម​ត្រួតត្រា​កម្ពុជា​ ​នោះ​គឺជា​មរតក​របស់​វៀតណាម​ ​មិនមែន​ជា​មរតក​របស់​បារាំង​នោះ​ឡើយ​។​

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​តំណាង​រាស្រ្ត​ជាប់ឆ្នោត​នៃ​មណ្ឌល​សៀមរាប​ ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​អះអាងបន្ថែម​ថា​ ​នៅ​ពេល​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ ​គណបក្ស​នេះ​នឹង​សើរើ​ឡើងវិញ​រាល់​ឯកសារ​ ​និង​សន្ធិសញ្ញា​ខុសច្បាប់​ទាំងនោះ​ ​និង​រក​យន្ត​ការ​ប្តឹង​ប្រទេស​វៀតណាម​ ​ដែល​រំលោភបំពាន​កម្ពុជា​នេះ​ផង៖ «ការ​សើរើ​នោះ​ ​គឺ​យើង​នឹង​លុបចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២​០​០​៥​ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២​០​១​៩​ ​ដែល​យក​តាម​សន្ធិសញ្ញា​ឆ្នាំ១៩៨៥​ ​សម័យ​យួន​ត្រួតត្រា​ ​ហើយ​យក​អ្វី​ដែល​ជា​មរតក​របស់​បារាំង​ ​និង​ផែនទី​បោន​ ​ខ្នាត​ ​១/១០០.០០០​ ​ចំនួន​ ​២៦​ ផ្ទាំង​ ​ដែល​ជា​ផែនទី​បារាំង​ធ្វើឲ្យ​យើង​ហ្នឹង​ ​ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។​ ​យើង​នឹង​ប្តឹង​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (​ICJ) ​នៅ​ទីក្រុង​ឡាអេ (​Geneva​) ​ពី​ការរំលោភ​ព្រំដែន​កម្ពុជា​ពីសំណាក់​ប្រទេស​វៀតណាម​ ​និង​ប្តឹង​វៀតណាម​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ឆ្នាំ១៩៩១​ ​និង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ»។​

មន្រ្តី​ឃ្លាំមើល​កិច្ច​ព្រំដែន​ឯករាជ្យ​ ​លោក​ ​ម៉ែន​ ​ណា​ត​ ​យល់ស្រប​ថា​ ​កម្ពុជាក្រោម​ការ​​​ដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​ស្ថិត​ក្រោម​គំនាប​របស់​វៀតណាម​ ​រើខ្លួន​មិន​រួច​។​ ​លោក​អះអាង​ថា​ ​សូម្បីតែ​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​របប​ក្រុងភ្នំពេញ​ ​គឺ​លោក​ ​វ៉ា​ ​គឹមហុង​ ​ក៏​ធ្លាប់​ទទួលស្គាល់​អំពី​ការលំបាក​ ក្នុង​ការ​ជំពាក់គុណ​វៀតណាម​ ​និង​គំនាប​នេះ​ដែរ​៖ «ព្រោះ​សូម្បីតែ​ ​វ៉ា​ ​គឹមហុង​ ​ខ្ញុំ​ធ្លាប់ទៅ​ជួប​ជជែក​ផ្ទាល់​ជាមួយ​គាត់​ដែរ​ ​កាលពីមុន​នោះ​ណា​ ​ក៏​គាត់​នៅ​រអ៊ូរទាំ​ថា​ ​បើ​មិន​អារសាច់​ជូន​ខ្លា​ធ្វើ​ម៉េច​នៅ​ស្រុក​បាន​! ​គាត់​និយាយ​ផ្ទាល់​ជាមួយ​ពួក​យើងខ្ញុំ​បែប​ហ្នឹង​! ​កាល​ហ្នឹង​គាត់​ហាម​អ្នកកាសែត​មិន​ឲ្យ​ចូល​ថត​ផង​ ​តែ​យើង​ចេះតែ​លួច​ហៅ​អ្នកកាសែត​ឲ្យ​ចូល​ថា​បាន​​ ​ហើយ​អ្នកណា​ដែល​ធ្វើការ​ជាមួយ​យើង​ជិតដិត​ ​កាល​ខ្ញុំ​នៅ​ស្រុកខ្មែរ​ជាមួយ​សំ​អាន​អី​ហ្នឹង​ ​គឺ​ព្រះអង្គ​សម្តេច​តា​ ​កាល​លោក​នៅ​រស់​ ​យើ​ធ្វើការ​ជាមួយ​គាត់​ជិតដិត​ណាស់​។​ ​គាត់​រអ៊ូរទាំ​ដូចតែ​យើង​បញ្ហា​បូរណភាពទឹកដី​ហ្នឹង​ ​ហើយ​គាត់​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​តាមមធ្យោបាយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ ​និង​រដ្ឋធម្មនុញ្ញ​ដែរ​ហ្នឹង​! ​ប៉ុន្តែ​ពួក​ ​ហ៊ុន​ ​សែន​ ​គាត់​មិនព្រម​។​ ​ដូច្នេះ​ពិធីការ​ការពារ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ហ្នឹង​ ​ក្រោយ​ពី​សម្តេច​តា​សោយ​ទិវង្គទ​ទៅ​ ​គឺថា​ធ្វើ​តាមទំនើងចិត្ត​តែម្ដង!»។​

វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ ​និង​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​ជុំវិញ​រឿង​នេះ​ ​បាន​នៅឡើយ​ទេ​។​

ប៉ុន្តែ​កន្លងមក​របប​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ថា​ការ​បោះបង្គោល​ព្រំដែន​ ​និង​ខណ្ឌសីមា​ដែល​រួចរាល់​ ​៨៤% ​ជាមួយ​ប្រទេស​វៀតណាម​នោះ​ ​គឺ​ធ្វើ​ដោយមាន​ការ​ឯកភាព​គ្នា​ជា​រួម​រវាងប្រទេស​ទាំងពីរ​។​ ​ប៉ុន្តែ​ ​នៅសល់​ ​១៦% ​ទៀត​នោះ​ ​គឺ​ទាមទារ​ឲ្យ​ភាគី​បារាំង​ ​ជួយ​ផ្នែក​បច្ចេកទេស​។​

លោក​ ​វ៉ា​ ​គឹម​ហុង​ ​កាលពី​ចុង​ឆ្នាំ២០២០​ ​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ប្រទេស​បារាំង​ ​ដើម្បី​ឱ្យ​មក​ជួយ​លើ​បច្ចេកទេស​កំណត់​ខណ្ឌសីមា​ ​និង​បង្គោល​ព្រំដែន​ ​ដែល​មិនទាន់​មានការ​ឯកភាព​គ្នា​ចំនួន​ ​១៦​ភាគរយ​នោះ​។​ ​ប៉ុន្តែ​ ​មិនទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ​ ​ថា​តើ​ភាគី​បារាំង​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។

​ចំណុច​ ​និង​កំណាត់​ព្រំដែន​ ​ដែល​មិនទាន់​បោះបង្គោល​រួច​នោះ​ ​មាននៅ​តំបន់​ព្រំដែន​ជាប់​ខេត្ត​កណ្តាល​ ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ ​និង​ទន្លេ​បាសាក់​​ជាដើម​៕

.