The Cambodia Daily
23-3-2022

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​ទៅ​អាជ្ញាធរ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​ពង្រឹង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន និង​ត្រូវ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ជួល​ដី​ទៅ​ពលរដ្ឋ​វៀតណាម​​អាស្រ័យ​​ផល​​បន្ត​ទៀត ព្រោះ​វា​អាច​នឹង​បង្ក​ជា​ទំនាស់​ដីធ្លី​ដែល​ពិបាក​​ដោះ​ស្រាយ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង នា​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង អះអាង​ថា អាជ្ញាធរ​នៅ​តាម​ព្រំដែន​ត្រូវ​ពង្រឹង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​បន្ថែម​ទៀត ខណៈ​នគរបាល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ពាក់ព័ន្ធ​នឹង​​ការ​​គ្រប់​គ្រង​​សន្តិសុខ​​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន និង​ការ​រត់​ពន្ធ​ខុស​ច្បាប់​ចូល​កម្ពុជា។

លោក ស ខេង ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​លោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​មួយ​ចំនួន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តែ​បន្ត​ជួល​ដី​ឱ្យ​ពលរដ្ឋ​វៀតណាម​អាស្រ័យ​ផល។ លោក​ថា ពលរដ្ឋ​ខ្មែរ​បាន​ជួល​ដី​នៅ​តាម​ព្រំដែន​ដើម្បី​យក​លុយ ក្រោយ​ពេល​ពួកគាត់​ឈប់​ធ្វើ​ស្រែ​នោះ​ទៀត ប៉ុន្តែ​ការ​ជួល​នេះ​នៅ​ពេល​យូរៗ​ទៅ ពលរដ្ឋ​វៀតណាម​ អាច​យក​ដី​នោះ​ដោយ​សំអាង​ថា ពួកគាត់ [វៀតណាម] មក​នៅ​លើ​ដី​ហ្នឹង​យូរ​មក​ហើយ។

ករណី​នេះ លោក ស ខេង ក៏​បាន​ណែនាំ​ទៅ​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ទាំងអស់ ត្រូវ​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​ជួល​ដី​ស្រែ​ទៅ​វៀតណាម​បន្ត​ទៀត ដោយ​ថា​ការ​ជួល​ដី​នេះ​នឹង​អាច​បង្ក​ជា​ទំនាស់​ដីធ្លី​ ដែល​មាន​ភាព​ស្មុគស្មាញ​នៅ​តាម​ព្រំដែន ពិបាក​នឹង​​ដោះ​ស្រាយ​​ផង​​ដែរ។

ក្រៅពី​ណែនាំ​ហើយ លោក ស ខេង ក៏​បាន​ក្រើន​រំឭក​ដល់​កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​រួម​គ្នា​ដើម្បី​ការពារ​បូរណភាព​ទឹកដី​តាម​ព្រំដែន​បន្ត​ទៀត។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា កន្លងមក លោក​ធ្លាប់​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ឈប់​ជួល​ដី​រដ្ឋ​ឱ្យ​ពលរដ្ឋ​វៀតណាម ខណៈ​ដី​ដែល​បាន​ជួល​ហើយ​ត្រូវ​ដក​យក​មក​វិញ។ លោក​បន្ត​ថា ការ​ស្នើ​បែប​នេះ ធ្វើឡើង​ក្រោយ​រូបលោក​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ នៅ​តាម​ព្រំដែន​កាលពី​អំឡុង​ឆ្នាំ​២០១៥ ដោយ​មើល​ឃើញ​ថា ការ​ជួល​ដី​ជាប់​ព្រំដែន​ ឱ្យ​ពលរដ្ឋ​ប្រទេស​ជិតខាង​អាស្រ័យ​ផល​នោះ លោក​ថា​ វា​អាច​ប្រឈម​នឹង​ការ​បាត់បង់ បើសិនជា​ពលរដ្ឋ​ទាំងនោះ​កាន់កាប់​យូរ​ឆ្នាំ ហើយ​ពួកគេ​អាច​ទាមទារ​យក​ដី​ដែល​ជួល​នោះ​មក​ធ្វើជា​កម្មសិទ្ធិ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ដកស្រង់​របាយការណ៍​បឋម​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ថា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ខ្មែរ ​ដែល​រស់នៅ​តាម​ព្រំដែន​វៀតណាម ជិត ១​ ពាន់​គ្រួសារ​ បាន​ជួល​ដី​ទំហំ​ជិត ៧​ ពាន់​ហិកតារ​ទៅ​ឲ្យ​វៀតណាម។ ពលរដ្ឋ​ជាប់​ព្រំដែន​ទាំងនោះ រួម​មាន​នៅ​ខេត្ត​តាកែវ ខេត្ត​ស្វាយរៀង ខេត្ត​ក្រចេះ និង​ខេត្ត​កណ្តាល ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​នៅ​ប្រទេស​ន័រវែស លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ការ​បន្ត​ជួល​ដី​ឱ្យ​វៀតណាម​បន្ត​កើត​មាន​ដដែល ដោយ​ថា​​អាជ្ញាធរ​​តាម​​ព្រំដែន ​មិន​បាន​អនុវត្ត​ទៅ​តាម​សារាចរ​របស់​រដ្ឋាភិបាល ខណៈ​រដ្ឋាភិបាល ​មិន​បាន​តាមដាន​ការ​អនុវត្ត​របស់​អាជ្ញាធរ​ទាំង​នោះ​​ដែរ។ លោក​ចាត់ទុក​ការ​ណែនាំ​ ទៅ​អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ ជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ដែល​ជួល​ដី​ឱ្យ​វៀតណាម មិនមែន​មាន​តែ​ពលរដ្ឋ​​នោះ​​ទេ ចំណែក​មន្ត្រី​ធំៗ​ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​មាន​ជួល​ដែរ។

លោក ម៉ែន ណាត បន្ត​ថា ករណី​ជួល និង​ទិញ​លក់​ឱ្យ​ប្រទេស​ជិតខាង​ វា​មាន​ភាព​គ្រោះថ្នាក់​ខ្លាំង​ដល់​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​កម្ពុជា បើសិនជា​រដ្ឋាភិបាល​នៅតែ​ធ្វេសប្រហែស ខណៈ​កន្លងមក វៀតណាម​ក៏​ធ្លាប់​បាន​​ឈ្លាន​ពាន​​ទឹកដី​កម្ពុជា​រួច​មក​ហើយ។ មួយ​វិញ​ទៀត លោក​ថា ​វៀតណាម ក៏​បាន​ប្រើ​យុទ្ធសាស្ត្រ​រំកិល​បង្គោល​ព្រំដែន និង​ការ​បញ្ជូន​ពលរដ្ឋ​ មក​រស់នៅ​ទឹកដី​ខ្មែរ​ផង​ដែរ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​មួយ ​ដែល​​ចុះ​ហត្ថលេខា​​ដោយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជាប់​ព្រំដែន​ទាំងអស់​ ឱ្យ​បញ្ឈប់​កា​រជួល ឬ​លក់​ដី​នៅ​តាម​បណ្តោយ​ព្រំដែន ​ទៅ​ឱ្យ​ប្រទេស​ជិតខាង រួម​មាន ថៃ វៀតណាម និង​ឡាវ។ រដ្ឋាភិបាល​បញ្ជាក់​ថា ដី​ស្រែ​របស់​ខ្មែរ​មួយ​ចំនួន​ពុំ​ទាន់​មាន​រៀបចំ​ឯកសារ​គតិយុត្តិ ឬ​​កិច្ច​សន្យា​​ជួល​ត្រឹមត្រូវ ជាពិសេស​នៅ​តំបន់​ព្រំដែន​ខ្លះ ​មិនទាន់​កំណត់​​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​នៅឡើយ៕

.