អត្ថបទ The Cambodia Daily / 26-11-2020

នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បាន​អបអរសាទរ និង​សរសើរ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​កម្ពុជា ដែល​បាន​ជុំរុញ​ឲ្យ​មាន​សន្ធិ​សញ្ញា​នានា​ ព្រម​ទាំង​ច្បាប់​ពិធីសារខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន រវាង​កម្ពុជា​-​វៀតណាម ដំណើរការ​បាន​ដោយ​ជោគជ័យ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ របស់​កម្ពុជា បាន​បញ្ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​ខ្លឹមសារ​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក កាល​ពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ថា​លោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បាន​អបអរសាទរ​ចំពោះ​ការផ្តល់​សច្ចាប័ន លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០១៩ លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០០៥ ព្រមទាំង​ទទួលស្គាល់​ការបោះបង្គោល​ព្រំដែន​គោក​ ៨៤% កន្លង​មក រវាង​កម្ពុជា-វៀតណាម កាលពី​ឆ្នាំ​២០១៩ ទៀត​ផង។

ជាងនេះទៀត លោក ហ៊ុន សែន យល់ព្រម​នឹង​សំណើរដ្ឋាភិបាល​វៀត​ណាម ថា​នឹង​ពន្លឿន​​នីតិវិធី ដើម្បី​ផ្លាស់ប្តូរ​លិខិតូបករណ៍ លើ​ការផ្តល់សច្ចាប័ន​នៃ​ការ​ផ្តល់​​សន្ធិ​​សញ្ញា​បំពេញ​បន្ថែម និង​ពិធីសារ​ ឆ្នាំ​២០១៩ ឲ្យ​បាន​ឆាប់​រហ័ស​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​នោះ​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្លាស់ប្តូរ​ផែនទី​ឋាន​លេខា​ព្រំដែន​ រវាង​កម្ពុជា-វៀតណាម ជា​កិច្ចការ​ចំបាច់​បំផុត។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​នៃ​រដ្ឋការ​ក្រុង​ហាណូយ លោក ង្វៀន សួនហ្វុក និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ លោក ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះ​មុត​ ដើម្បី​ដោះ​ស្រាយ​​​កំណត់​​ព្រំដែន ដែល​នៅ​សេសសល់ ចំនួន ១៦% ទៀត ដើម្បី​ប្រែ​ក្លាយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន​សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ។

ការអះអាងនេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ រវាង​ប្រមុខ​រដ្ឋា​ភិបាល​​កម្ពុជា លោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក នាយក​រដ្ឋមន្ត្រី​នៃ​សាធារណៈ​រដ្ឋ​​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​​២០២០។

ទាក់ទិននឹងបញ្ហានេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​​​នៃ​ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា​លោក ហ៊ុន សែន គួរ​តែ​លើក​ឡើង​ពី​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​វៀតណាម មក​លើ​កម្ពុជា កន្លង​មក និង​​ការ​ឈ្លាន​ពាន​​ព្រំដែន​កម្ពុជា​ ក្នុង​ពេល​ថ្មីៗ​នេះ

លោក ម៉ែន ណាត បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​ព្រងើយ​កន្តើយ​ មិន​​អនុវត្ត​​តាម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នានា ក្នុង​នោះ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ផង​ដែរ ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។ ផ្ទុយទៅវិញ​​លោក ហ៊ុន សែន បាន​ធ្វើ​ច្បាប់​ឲ្យ​បរទេស​ឈ្លាន​ពាន​មួយ​​នេះ រំលោភ​អធិបតេយ្យ​កម្ពុជា ជា​បន្ត​បន្ទាប់ រហូត​ដល់​បច្ចុប្បន្ន។

កាលពីថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ លោក ហ៊ុន សែន បាន​អួត​ថា «ក្រោម​ការ​បង្កើត​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី ដោយ​ប្រើ​ផែនទី ខ្នាត ១/២៥.០០០ នេះ កម្ពុជា ចំណេញ​ដី​ពី​ខាង​ភាគី​វៀតណាម ដល់ទៅ ២០០០ ហិកតា ឯណោះ»(?)។

លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម និង​លោក ហ៊ុន សែន បាន​ចុះ​ហត្ថ​លេខា កាល​ពីថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ ទទួល​ស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ ដែល​សម្រេច​បាន​ចំនួន ៨៤ ភាគរយ និង​នៅ​សល់ ១៦ ភាគរយ​ទៀត​ ជា​ចំណុច​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ។

ក្រុមអ្នកឃ្លាំមើលសង្គម ព្រមាន​ថា​កម្ពុជា នឹង​​ត្រូវ​រលាយ​បាត់​ពី​​ផែនទី​ពិភព​លោក ទៅ​ថ្ងៃ​អនាគត​មិន​ខាន​ឡើយ ត្បិតកម្ពុជា មិន​ត្រឹម​តែ​រង​នូវ​វិបត្តិ​ខ្សែ​ព្រំដែន​មិន​រឹងមាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រឈម​នឹង​ការ​បាត់​ប្រទេស​ទាំង​មូល​ថែម​ទៀត​ផង ព្រោះ​លោក ហ៊ុន សែន ប្រឹង​លុប​ដាន​ប្រវត្តិសាស្ត្រ​ព្រំដែន​ កម្ពុជា​-​វៀតណាម ដែល​ខ្លួន​បាន​គប់គិត​​ដើម្បី​លួច​បង្កើត​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី ដោយ​រំលោភ​បំពាន​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

កម្ពុជា-វៀតណាម មានព្រំដែន​គោក​រួម​គ្នា​ប្រវែង ១២៧០ គីឡូម៉ែត្រ ដោយ​ភាគី​ទាំង​ពីរ​ បាន​ព្រម​ព្រៀង​គ្នា​បោះ​បង្គោល​សរុប​ចំនួន ៣១៤ បង្គោល រួច​រាល់​ហើយ៕

.

.