ថ្លែងក្នុងសន្និសីទកាសែត ថ្ងៃ ០៧ មីនា ឆ្នាំ២០២០ នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ក្រោយពេលធ្វើតេស្តរកមេរោគកូរ៉ូណា (Covid-19) បុរសម្នាក់ បង្ហាញលទ្ធផលវិជ្ជមាន» មានន័យថា បានឆ្លងមេរោគហើយ។ លោក បន្ថែម ថា «បុរសម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្ស ៤ នាក់ ក្នុងខេត្តសៀមរាប ដែលមានទំនាក់ទំនងផ្ទាល់ ជាមួយ «ជនជាតិជប៉ុន» ដែលផ្ទុកមេរោគ Covid-19 ហើយបានចាកចេញពីកម្ពុជា ទៅជប៉ុនវិញ កាលពី ៣-៤ ថ្ងៃមុន។
ក្រសួងសុខាភិបាល បានបញ្ជូនមនុស្សទាំង ៤ នាក់ និង ៤០ នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយជនជាតិជប៉ុន ទាំងដោយផ្ទាល់ និងដោយប្រយោល ទៅកន្លែងតាមដានជំងឺដោយឡែក ១៤ ថ្ងៃជាពិសេស ដើម្បីពិនិត្យមើលស្ថានភាពសុខភាពរបស់ពួកគេ។ លោក ម៉ម ប៊ុនហេង បានរំលឹកថា នេះជាករណីទី២ ហើយ បន្ទាប់ពីកម្ពុជា រកឃើញជនជាតិចិន ផ្ទុកមេរោគ Covid-19 មកពីក្រុងវូហាន ស្នាក់នៅក្រុងព្រះសីហនុ ថ្ងៃទី ២៧ មករា កន្លងទៅ។ លុះ ១០ ថ្ងៃក្រោយមក បុរសជនជាតិចិននោះ បានធ្វើតេស្តមេរោគជាថ្មី ហើយបង្ហាញលទ្ធផលថា អវិជ្ជមាន។
ថ្មីៗនេះ មានទាំងជនបរទេស និងពលរដ្ឋខ្មែរ បានដើរដួលសន្លប់ និងមានខ្លះទៀត បានស្លាប់តែម្តង នៅតាមទីសាធារណៈ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅ ក្រុងកំពង់សោម ក្រុងភ្នំពេញ ក្រុងសៀមរាម និងក្រុងប៉ាវ៉ិត (ស្វាយរៀង)។ ហេតុការណ៍ទាំងនេះ បណ្តាលឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមពលរដ្ឋខ្មែរ និង មានចុះផ្សាយលើទំព័រកាសែតបរទេស ជាភាសាអង់គ្លេសផង ដោយដាក់ការសង្ស័យថា «ក្នុងចំណោមមនុស្សដើរដួលសន្លប់ និងស្លាប់នោះ អាចពាក់ព័ន្ធ Covid-19»។ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន និង ក្រសួងសុខាភិបាល ច្រានចោលការចោទប្រកាន់ទាំងនោះភ្លាមៗ ហើយហៅហេតុការណ៍ទាំងនោះថា «ជាជំងឺខ្យល់គរ ឬ គាំងបេះដូងស្លាប់» ដោយគ្មានបានធ្វើកោសល្យវិច្ឆ័យប្រភេទជំងឺអ្វីទាំងអស់។
ជាមួយគ្នានោះ លោក ហ៊ុន សែន បានប្រើវេទិកានានា ធ្វើការព្រមានជាញឹកញាប់ ទៅកាន់ក្រុមអ្នករិះគន់, ទៅកាន់ក្រុមអ្នកកាសែត និងក្រុមមន្រ្តីសុខាភិបាលថា «ត្រូវចាត់វិធានការតាមច្បាប់ បើសិនមានការផ្សព្វផ្សាយអំពីមេរោគ Covid-19 ឆ្លងនៅកម្ពុជា»។ លោក ហ៊ុន សែន ប្រើពាក្យចំអកឡកលើយថា «អា Covid-19 វាឆ្លងនៅកម្ពុជាបាន លុះត្រាតែខែកុម្ភៈ ដាច់ថ្ងៃទី ៣១»។
ទោះបីយ៉ាងណាក៏ដោយ ក្រុមបណ្តាញសង្គម ធ្វើការស្តីបន្ទោសលោក ហ៊ុន សែន ថាបានធ្វេសប្រហែសម្តងហើយម្តងទៀត ដោយមើលស្រាលស្ថានការណ៍ មើលស្រាលមេរោគ Covid-19 ព្រមទាំងមានចេតនាលាក់លៀមមេរោគនេះ។ ការធ្វេសប្រហែសគឺ ចាប់តាំងពីលោក ហ៊ុន សែន ខ្លួនឯង នាំក្រុមមន្ត្រីរដ្ឋាភិបាល ហ៊ឹកហ៊ាក់ទៅទទួលកប៉ាល់ទេសចរណ៍ Westerdams ផ្ទុកអ្នកដំណើររាប់ពាន់នាក់ នៅទីក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៤ កុម្ភៈ ២០២០ ដោយគ្មានវិធានការការពារជាក់លាក់ជាមុន។ ក្នុងចំណោមអ្នកដំណើរទាំងអស់ មានស្រ្តីជនជាតិអាមេរិក អាយុ ៨៣ ឆ្នាំ ត្រូវបានប្រទេសម៉ាឡេស៊ី រកឃើញថា មានផ្ទុកមេរោក Covid-19 ពេលដែលគាត់ធ្វើដំណើរតាមជើងយន្តហោះ ពីភ្នំពេញ ទៅម៉ាឡេស៊ី នៅ ២ ថ្ងៃបន្ទាប់។ ក្រៅពីនេះ លោក ហ៊ុន សែន នៅតែបើកចំហជើងមេឃ ទទួលស្វាគមន៍អ្នកទេសចរចិន និងជនជាតិនានា ដូចពិភពលោក គ្មានរឿងអ្វីកើតឡើង ខណៈពេល អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្ន ពីការរីករាលដាលមេរោកកូរ៉ូណា (Covid-19) ជាច្រើនលើក៕
(អត្ថបទដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
.
.