អត្ថបទសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយលោក ហាស់ សាន
ភាសិតបុរាណខ្មែរមួយប្រយោគ គេតែងឮរៀងៗមក ពោលថា៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ានចូល ឬថាចោរក្នុងឲ្យដៃ ទើបចោរព្រៃហ៊ានលួច។ ក្នុងបច្ចុប្បន្ន ធនធានធម្មជាតិខ្មែរ មានព្រៃឈើ និង រ៉ែ ត្រូវបានខ្មោច ឬ ចោរ ទាំងពីរប្រភេទ សមគំនិត ឃុបឃិតកាប់ ដឹកចេញទៅលក់ យកផលចំណេញចែកគ្នាតាមលំដាប់ថ្នាក់ ពោលគឺ អ្នកតូចស៊ីដោយតូច អ្នកធំស៊ីដោយធំ។
ដើមឈើក្នុងដែនកម្ពុជរដ្ឋ មានឈើប្រណីត ឈើលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ ឈ្មួញយួនក៏កាប់ ឈ្មួញចិនក៏កាប់ ដោយមានកិច្ចសហប្រតិបត្តិការ ជារបៀបចេញមុខ ឈរឈ្មោះ ដាក់ហ៊ុនចូលគ្នាគ្រប់គ្រងមុខរបររកស៊ីឈើ តាមរយៈការប្រើផ្លាកបើកក្រុមហ៊ុនវិនិយោគ។ ពួកឈ្មួញបរទេស រួមនឹងឈ្មួញក្នុងស្រុក គេអះអាងថា គេដាក់ទុនរកស៊ីក្នុងស្រុកខ្មែរ ដែលអាចផ្តល់ការងារឲ្យប្រជាពលរដ្ឋខ្មែរ មានការងារធ្វើចិញ្ចឹមជីវិត។ ឈ្មួញបរទេស យកទុនមកដាក់ក្នុងស្រុកខ្មែរ គេថាដាំនេះ ដាំនោះ បង្កើតរោងចក្រនេះ រោងចក្រនោះ ប៉ុន្តែត្រូវការដីបោះទីតាំង។
វិនិយោគ ដែលប្រែពីភាសាអង់គ្លេសថា investment មានន័យថា ការបោះធនធានដើមទុន (ជាលុយ ឬ ជាទ្រព្យ) ដើម្បីស្វែងរកចំណេញត្រឡប់មកវិញ ឬ បង្កើនភោគទ្រព្យ។ គេដឹងថា នាហ្មឺន មន្រ្តី រាជការស្រុកខ្មែរ ស្ទើរតែគ្រប់ជាន់ថ្នាក់ ទាំងប៉ូលិស ប៉េអឹម ទាហាន ទាំងស៊ីវិល ស៊ីសំណូក ដូច្នេះគេប្រឹងសូកយ៉ាងណាឲ្យវារលួយ រលេះ រលាយ រលត់តែម្តងទៅ។ ធ្វើបានសម្រេចខាងស៊ីសំណូកហើយ គេកាប់ឈើខ្មែរ លក់សិនដើម្បីស្រង់ដើម។
គម្រោងដីសម្បទានសេដ្ឋកិច្ចខ្លះ ស្ថិតនៅជាប់ ឬក្បែរតំបន់ដីព្រៃការពារសម្រាប់ជីវចម្រុះ មានពូជដើមឈើ សត្វចតុបាទ សត្វស្លាបគ្រប់ប្រភេទ។ រឿងអស្ចារ្យដែលសកម្មជនបរទេសផ្នែកការពារបរិស្ថាន រកស្មានមិនដល់នោះ គឺខ្មែរស្ម័គ្រចិត្តចូលដៃរកស៊ីបំផ្លាញស្រុកខ្លួនឯងជាមួយនឹងជនបរទេស ហើយរកលេសគ្រប់បែបយ៉ាង ដើម្បីដោះសាយករួចខ្លួន ទោះជាអាចដឹងខ្លួនថា គេកំពុងប្រព្រឹទ្ធឧក្រិដ្ឋកម្មក៏ដោយ។
ក្នុងកម្មវិធីផ្សាយសប្តាហ៍នេះ យើងសូមជូនឈ្មោះអ្នករកស៊ីបំផ្លាញធនធានធម្មជាតិខ្មែរមកទល់នាំ២០១៣−២០១៩ ក្រោមការទទួលខុសត្រូវនៃរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ៣ រូបគឺ អតីតរដ្ឋមន្រ្តី ច័ន្ទ សារុន, អ៊ុក រ៉ាប៊ុន និង រដ្ឋមន្រ្តីបច្ចុប្បន្ន វេង សាខុន។
តាមស្ថិតិរាយការណ៍ពីក្រុមស្រាវជ្រាវលើឧក្រិដ្ឋកម្មព្រៃឈើស្រុកខ្មែរ ក្រុមហ៊ុនចំនួន ១៣ មានទាំងអ្នកក្នុងស្រុក មានទាំងចម្រុះអ្នកក្នុងស្រុក និងក្រៅស្រុក គឺជនបរទេសដូចជា យួន និង ចិន ជាដើម ដែលធ្វើអាជិវកម្មនៅម្តុំ ភ្នំព្រេច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនទាំងនោះគឺ៖
១. ក្រុមហ៊ុន Lim Royal Joint Stock ថៅកែចិន ឈ្មោះ Xu Kuixue និង Zhang Luze។
២. ក្រុមហ៊ុន Master K Sun ថៅកែខ្មែរ គឺវរសេនីយ៍ត្រី ប៉េអឹម ឈ្មោះ ស៊ឹង សំអុល ក្រោយមក ស្រ្តីឈ្មោះ សេង សុជាតា ក្រោយមក ស្រ្តីឈ្មោះ ខែន ស្រីម៉ុម ចូលជាមួយក្រុមហ៊ុន អាហរ័ណ នីហរ័ណ ប៉ា វី។ ឧកញ៉ា អុល រកស៊ីជាមួយឧកញ៉ា ស្រ៊ុន ម៉េងលៀង រួមនឹងដៃជើង ជានាយប៉េអឹមខេត្តត្បូងឃ្មុំ ជាសាច់ថ្លៃឧកញ៉ា អុល ឈ្មោះ សាង សុខុន ប៉េអឹម ស្រ៊ុន ភឿងឡាយ ប៉េអឹមខេត្តមណ្ឌលគិរី សាក់ សារ៉ង សាក់ សារុន ប៉ូលិសព្រំដែន ជា វណ្ណៈ និងទាហានឈ្មោះ ចាន់ សារិម និង អ៊ុក ទ្រៀ។
៣. ក្រុមហ៊ុន Yan Zhao (Cambodia) ថៅកែចិន ឈ្មោះ Zhang Wentao និង Wang Wenshi រួមគំនិតនឹងស្នងការរងខេត្តមណ្ឌលគិរី ញ៉ែម និវ័ន ហៅ យត និង កូនប្រសាឈ្មោះ ស្វាយ សំអៀង។
៤. ក្រុមហ៊ុន Touch Wood Cambodia ថៅកែចិន មានអ្នកចូលដៃជើងជាខ្មែរ ឈ្មោះ ហេង ឈ្មោះ ហូឡា សូភ័ណ ជូ លឹមឆេង អ៊ូ សុភ័គ ឈន សេរីវុធ លឿង ភិរុណ ហ៊ុន ម៉ាណឺលន់ បញ្ញា សុទ្ធតែមន្រ្តីរាជការ ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុននេះ ក៏មានអ្នកចូលហ៊ុនឯទៀតដែរ ខាងខ្មែរមានឈ្មោះ យូ អយ ឡុង សុផល រួមនឹងជនបរទេស ជាជនជាតិឥណ្ឌា ឈ្មោះ Jasvinder Singh, Phi Chit Singh, Roscoe Anthony Maloney, Jamboregoda GamachChigeswarna Maloney។ ក្រុមហ៊ុននេះ ចូលជាមួយក្រុមហ៊ុន Rinna Agriculture Development គ្រប់គ្រងដោយឈ្មោះ ឈួន ថាវរិន ចូលហ៊ុន ដោយឈ្មោះ ឈួន ចាន់ផុនី ឈួន ចាន់ផុនាថ ឈួន ចាន់ភួន ឈួន ចាន់ភូរាជ ឈួន ផាណា ពេជ្រ សុប៉ែន កឹ អ៊ាកឡុង រួមនឹងជនជាតិចិន Ren Guohong, Wang Dongying, Song Wenzhang, Jiao Yuduo, Zhov Lihong, Sou Chinghoir។
៥. ក្រុមហ៊ុន Vichery Import Export ថៅកែខ្មែរឈ្មោះ ឧកញ៉ា តុប វីរដា រកស៊ីជាមួយបងប្អូន តុប ផាណ្ណា រួមនឹងឈ្មោះ អ៊ុក រិទ្ធី នៃក្រុមហ៊ុន រិទ្ធី អភិវឌ្ឍន៍ ចាត់ចែងដោយតំណាងឈ្មោះ សេង រ៉ន និង ម៉េង គ្រី ចូលហ៊ុនជាមួយឧកញ៉ា ប៉ោ សំអឿន និង ហាក់ សុគា នៃក្រុមហ៊ុន Eastern Heaven ដែលដឹកឈើទៅស្រុកយួនតាមទន្លេចាម។
៦. ក្រុមហ៊ុន Neng Na Investment ថៅកែខ្មែរឈ្មោះ ជា ចាន់រិទ្ធ សង់រោងអារឈើក្នុងតំបន់ព្រៃសម្បទានរបស់ក្រុមហ៊ុន Unigreen Resources ដែលមានហ៊ុនជាមួយឈ្មោះ ភួង លី ឈឿង ណេង ម៉ៅ ខុន រួមនឹងឈ្មួញយួនឈ្មោះ ត្រាន់ ធីមី និង ង្វៀង ឌិញធួន។ ជា ចាន់រិទ្ធ ក៏មានរោងអារឈើឈ្មោះ ក្រុមហ៊ុន អភិវឌ្ឍន៍កៅស៊ូ-៧២ ដែលដឹកឈើទៅស្រុកយួន តាមច្រក បវ៉ិត ខេត្តស្វាយរៀង។
៧. ក្រុមហ៊ុន Unigreen Resources ថៅកែចិន ឈ្មោះ Chua Kwa Seng។
៨. ក្រុមហ៊ុន Pacific Grand Joint Stock ថៅកែយួន ឈ្មោះ ប៊ុយ វូទ្រឿង, ផាំ គួកឡុង។
៩. ក្រុមហ៊ុន Pacific Lotus Joint Stock ថៅកែយួន ឈ្មោះ ង្វៀង ហ៊ូប៊ិញ, ង្វៀង ថាញ់សឺង។
១០. ក្រុមហ៊ុន Pacific Pearl Joint Stock ថៅកែយួន ឈ្មោះ ង្វៀង ម៉ាញ់ថាំ, វូ និញ។
១១. ក្រុមហ៊ុន Srun Meng Leang ថៅកែខ្មែរ ឈ្មោះ ម្ចាស់ក្រុមហ៊ុនផ្ទាល់។
១២. ក្រុមហ៊ុន Oknha Lt. Col. Kung Kreung/Mat Na Seat ថៅកែជាមេបញ្ជាការរងប៉េអឹម អង្គភាពព្រំដែន២០៤។ វរសេនីយ៍ត្រី គង់ គ្រឹង តែងអួតថា ខ្លួនមានខ្សែធំៗ ដូចជាលោក ហេង សំរិន លោក សាយ ឈុំ លោក ហ៊ុន សែន កូនប្រុស ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានិត និង លោក ទៀ បាញ់។ គង់ គ្រឹង ប្រើមនុស្សជិះម៉ូតូដឹកឈើដុំ ដោយមានអ្នកចាត់ចែងការជាកូនប្រសា ឈ្មោះ ម៉ាត់ ណាសៀត ហ៊ីម ម៉ាត់ និង ហ៊ីម សំអាត។
១៣. ក្រុមហ៊ុន Modern Furniture and Wood ថៅកែខ្មែរ ហ៊ុននឹងយួន ឈ្មោះ បេ ប៊ុនឡុង ឡេ ថាញ់ ទ្រឹង ង្វៀង វ៉ាន់ណាម
ក្រុមការងារស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើ រកឃើញក្រុមហ៊ុនរកស៊ីឈើទាំង ១៣ នេះ បានកាប់ ប្រមូលឈើមូល និង ឈើច្រៀក ដឹកចេញទៅលក់ស្រុកយួន ឬ ចេញទៅស្រុកចិន ពីខែសីហា ឆ្នាំ២០១៨ ដល់ខែកក្កដា ២០១៩ ពីផ្ទៃដីព្រៃទំហំជាង ៣ម៉ឺន ៥ពាន់ហិកតារ ដែលក្នុងនោះ មានដីទំហំជាង ៧ពាន់ ៦រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Master K Sun គ្រប់គ្រងដោយឧកញ៉ា ស៊ឹង សំអុល, ទំហំជិត ៨ពាន់ ៧រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាយណាម (Dai Nam), ទំហំជាង ៨ពាន់ ៧រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាយថាញ់ (Dai Thanh), ទំហំ ៥ពាន់ ១រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ប៊ិញហ៊្វុក១ (Binh Phuc I) និង ទំហំជិត ៤ពាន់ ៩រយហិកតារ ស្ថិតក្នុងទីដីសម្បទានសេដ្ឋកិច្ច ប៊ិញហ៊្វុក២ (Binh Phuc II)។
តុលាការខេត្តមណ្ឌលគិរី បានចេញដីកាកោះ និង ដីកាចាប់ខ្លួនជនល្មើស កាប់ឈើដូចមានឈ្មោះរៀបរាប់ពីខាងដើមនៅឆ្នាំ២០១៩ ប៉ុន្តែមកទល់ពេលនេះ គេមិនបានដឹងថា តើជនទាំងនោះស្ថិតក្នុងស្ថានភាពយ៉ាងណាទេចំពោះមុខច្បាប់។
តម្លៃឈើខ្មែរដែលឈ្មួញខ្មែរ រួមនឹងឈ្មួញបរទេស រកស៊ីឈើ ឃុបឃិត ស៊ុមគ្រលុំជាមួយមន្រ្តីរាជការពុករលួយ ដឹកចេញទៅ លក់ពីតំបន់ទិសបូព៌ា និង ទិសឦសាននៃប្រទេស គិតជាប្រាក់ជិត ១ពាន់ ៧រយ ៦០លានដុល្លារ ស.រ.អា. (១.៧៥០.៤៥០.០០០,០០ ដុល្លារ) (US$ 1,750,450,000.00)។ តើបញ្ជីចំណូលនៅក្រសួងកសិកម្ម និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ មានតួលេខបង់ពន្ធចំណូលរដ្ឋប៉ុន្មានពីការបាត់បង់ធនធានធម្មជាតិខ្មែរនេះ?


.
.